Connect with us

ព័ត៌មានជាតិ

លោក​ជា ​ចាន់តូ​ ប្រាប់​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ថា​ ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅតែ​ល្អ​ប្រសើរ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជម្រាប​ជួន​លោក Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារ​ណ​រដ្ឋ​សិង្ហ​បុរី​ថា​ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​ប្រតិបត្តិការ​ជា​ប្រក្រតី និង​បាន​រួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ការចូលរួម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា មុន​ពេល​ដែល​លោក​នឹង​បញ្ចប់​អាណត្តិ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី​៣​ វិច្ឆិកា​នេះ លោក​ជា​ ចាន់តូ​ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ក៏ដូចជា​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ដែល​បាន​គាំទ្រ​កម្ពុជា ក៏ដូចជា ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​កសាង​សមត្ថភាព​របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ការ​ចែករំលែក​បទពិសោធន៍​ក្នុង​វិស័យ​ធនាគារ ក៏ដូចជា​បាន​សហការ​រួមចំណែក​ក្នុង​ការជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក ទេសាភិបាល បាន​កោតសរសើរ​ការ​រួមចំណែក​របស់ ឯកអគ្គរដ្ឋទូត ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ធនាគារកណ្ដាល​ទាំងពីរ ក្នុង​រយៈពេល​ដែល​លោក​បាន​បំពេញបេសកកម្ម​នៅ​កម្ពុជា។

លោក​Michael Tan Keng Soing បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី និង​បាន​បង្ក​លក្ខណៈ​អំណោយផល​ដល់​ពាណិជ្ជកម្ម​និង​ការវិនិយោគ នៃ​ប្រទេស​ទាំងពីរ។

គួរ​បញ្ជាក់​ថា ​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ សិង្ហ​បុរី​បង្កើន​ការ​វិនិយោគ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ ភាគហ៊ុន​ដែល​មាន​ប្រភព​មកពី​សិង្ហ​បុរី រួមមាន នៅក្នុង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី និង​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ដែល​រួមចំណែក​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​កាន់តែ​មានការ​រីកចម្រើន​។

ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ធនាគារកណ្ដាល​ទាំងពីរ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន ការបណ្តុះបណ្ដាល​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​។

កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នវានុវត្តន៍​ហិរញ្ញវត្ថុ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើតជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារកណ្តាល​ទាំងពីរ ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ របស់​សមី​ប្រទេស​។

តាមរយៈ​អនុស្សរណៈ​នេះ ធនាគារ​កណ្តាល​ទាំងពីរ​អាច​ចែករំលែក​ព័ត៌មាន​ស្តីពី​និន្នាការ​និង​ការអភិវឌ្ឍ​ទីផ្សារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន ក៏ដូចជា​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​នវានុវត្តន៍​នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​។

លោក​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ការរៀបចំ Fintech Festival នៅ​ប្រទេស​សិង្ហ​បុរី និង​បាន​អនុញ្ញាតឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ធ្វើជា​វាគ្មិន តាម​ការអញ្ជើញ​របស់​សិង្ហ​បុរី ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

ម្យ៉ាងទៀត លោក ឯកអគ្គរដ្ឋទូត ក៏បាន​ចូលរួម​អបអរសាទរ​និង​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​របស់​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​កន្លងមក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​នៅ​កម្ពុជា៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម