ព័ត៌មានជាតិ
ទូតអាមេរិកកោតសរសើរកម្ពុជាក្នុងការដោះស្រាយបញ្ហាផ្សេងៗជួនដល់កម្មករបានទាន់ពេលវេលា
ភ្នំពេញ ៖ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរដល់ប្រទេសកម្ពុជាពិសេសក្រសួងការងារដែលបានជួយដោះស្រាយបញ្ហាផ្សេងៗជូនដល់កម្មករនិយោជិតមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

ថ្លែងនៅក្នុងជំនួបជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី២៣ ខែកុម្ភៈ នៅទីស្តីការក្រសួង លោកទូតបានមានប្រសាសន៍ថា «ខ្ញុំសូមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអនុវត្តបានយ៉ាងល្អក្នុងការចូលរួមធានានូវនិរន្តភាពនៃដំណើរការអាជីវកម្ម ផលិតកម្ម និងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវវិធានការ សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យមើលការអនុវត្តរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងការចូលរួមដោះស្រាយរាល់បញ្ហានានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការទូទាត់អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតពេលរោងចក្រព្យួរការងារ និងដោះស្រាយទូទាត់ប្រាក់អតីតភាពការងារ និងអត្ថប្រយោជន៍ពេលរោងចក្របិទទ្វារលែងដំណើរការ ឬរោងចក្រក្ស័យធន ឬម្ចាស់រត់ចោល»។

នៅក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានសំដែងនូរការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជូនបងប្អូនកម្មករនិយោជិត ហើយបើទោះជាជំងឺកូវីដ ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ ក៏ការរនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារមិនមានការធ្លាក់ចុះទេ មានតែកើនឡើងបើប្រៀបជាមួយទីផ្សារប្រទេសផ្សេងទៀត។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីសហរដ្ឋអាមេរិក ដែលទទួលស្គាល់នូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈ ការធានាបាននូវលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាស្នូលសម្រាប់ភាគីសហរដ្ឋអាមេរិកបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជារហូតមកទល់បច្ចុប្បន្ន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈ គំរោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា ដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ជាគម្រោងវាយតំលៃប្រកបដោយតម្លាភាពនូវលក្ខខណ្ឌការងារ នៅក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងផលិតស្បែកជើង ហើយដែលបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម កំពុងជំរុញការពង្រីកវិសាលភាពអនុវត្តដល់រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប (TGB)។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានក៏ថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះភាគីសហរដ្ឋអាមេរិក ដែលបានបន្តនូវការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំបន្តអនុវត្តបានយ៉ាងល្អនូវការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍ ការលុបបំបាត់នូវទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សិទ្ធិការងារ សំវាទសង្គម និងការផ្តល់នូវកិច្ចគាំពារសង្គម។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបន្តលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការពង្រឹងសមត្ថភាពអធិការការងារតាមរយៈការទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកតាមរយៈ កម្មវិធី International Visitors Leadership Program on Demand និងការបន្តអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)។
កិច្ចសហប្រតិបតិ្តរវាងក្រសួង និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក្នុងរយៈពេលកន្លងមកក៏ទទួលបានសមិទ្ធផលជាច្រើន ក្នុងការចូលរួមជួយឲ្យ ភាគីពាក់ព័ន្ធ ជាពិសេសអង្គការវិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបបេឡាជាតិសន្តិសុខសង្គម និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារ ដែលទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយនូវវិវាទការងារ ហើយឈានទៅបង្កើតឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី