ការផ្ទុះសហគមន៍ ២០ កុម្ភៈ បានរាលដាលកាន់តែធ្ងន់ធ្ងរ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃ ២៨ កុម្ភៈ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ កើនឡើងសរុបដល់ ៣០២ នាក់។
ករណីឆ្លងភាគច្រើនពាក់ព័ន្ធសហគមន៍ជនជាតិចិនស្ទើរតែជាង ៩០ ភាគរយ។ ក្រៅពីនោះ ក៏មានកត់ត្រាអ្នកប៉ះពាល់មានជាតិសាសន៍មួយចំនួន ដែលកំពុងរស់នៅប្រទេសកម្ពុជា។
ដោយឡែកជនជាតិខ្មែរ ដែលរកឃើញឆ្លងកូវិដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ តាំងពីថ្ងៃផ្ទុះដំបូងមក មានអ្នកឆ្លងកើនឡើងដល់ ២៧ នាក់គិតត្រឹមព្រឹកថ្ងៃ ២៨ កុម្ភៈ ២០២១។
ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ កំពុងឆ្លងរាលដាលដល់បណ្តាខេត្តនានា។ នៅខេត្តព្រះសីហនុ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមិនមានករណីចាំចាច់សូមកុំធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬពីក្រុងស្រុកនានា ចូលមកក្រុងព្រះសីហនុ (ត្រូវស្នាក់នៅផ្ទះ ឬកន្លែងធ្វើ)។ ការអំពាវនាវនេះត្រូវបានធ្វើឡើង ខណៈគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភ:” ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៣០នាក់។
នៅខេត្តកំពង់ចាម ក៏មានការផ្ទុះរកឃើញអ្នកពាក់ព័ន្ធបុរសម្នាក់ដែលបានចូលរួមពិធីមង្គលការមួួយ ត្រូវបានតេស្តមានកូវីដ ១៩។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានចុះទៅស្រាវជ្រាវរកយកសំណាកអ្នកដែលពាក់ព័ន្ធជាមួយពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ដែលមានបុរសម្នាក់មកពីទួលសង្កែ ក្រុងភ្នំពេញ មានឆ្លងជំងឺកូវីដ១៩បានចំនួន២២៣នាក់ ក្នុងនោះមានអ្នកដែលបានប៉ះពាល់ផ្ទាល់ចំនួន២១នាក់ និងបានយកពួកគាត់មកចត្តាឡីស័កនៅសណ្ឋាគារមេគង្គរួចហើយ។
រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេស ដែលមានជំងឺកូវីដ១៩ ទម្រង់ថ្មី បន្ទាប់ពីរកឃើញ ការឆ្លងជំងឺប្រភេទថ្មី ចំនួន ៣ ករណីនៅលើខ្លួនជនបរទេសកាលពីពេលថ្មីៗនេះ។ ការប្រកាសប្រទេសកម្ពុជាបញ្ចូលទៅក្នុងបញ្ជីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។
អត្ថបទ៖ ប៊ុណ្ណារ៉ា