លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅរសៀលថ្ងៃទី០២មីនានេះថា រហូតមកដល់ពេលនេះ ខេត្តកណ្តាលនៅមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នៅឡើយទេនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកបានបន្តថា ចាប់តាំងពីថ្ងៃទី២០កុម្ភៈមក អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១៧៣០នាក់ស្រី៩១៧នាក់និងបានយកសំណាកទៅធ្វើតេស្តចំនួន១៥៥៩នាក់ ដោយលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។
លោក គ្រុយ ម៉ាឡែន បានបន្តថា ក្នុងចំណោម១៧៣០នាក់នាក់នោះ ក្នុងនោះបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន៩១៤នាក់និង៧៩៩នាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។
លោកបានបន្តទៀតថា បច្ចុប្បន្នេះមានអ្នកឆ្លងកូវីដ១៩ចំនួន២០នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅខេត្តកណ្តាលក្នុងនោះ១៩នាក់ជាជនជាតិចិននិងម្នាក់ទៀតជាជនជាតិវៀតណាម។
ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះអាជ្ញាធរខេត្តបានបិទហាងខារ៉ាអូខេយីហោឡូហ្សិក២ ដែលមានទីតាំងស្ថិតក្រុងតាខ្មៅខេត្តកណ្តាលបន្ទាប់ពីក្រសួងបានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំបម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជំងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេយីហោឡូហ្ស៊ិក២ ។
លោកបានបញ្ជាក់ថា ចំពោះប្រពន្ធបុរសដែលធ្វើការនៅក្នុងក្លឹបN8មានឆ្លងជំងឺកូវីដ១៩នោះបានធ្វើតេស្តរួចហើយមិនមានឆ្លងជំងឺនេះពីប្តីនោះទេ។ ចំណែកបុរសជាប្តីកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលរបេងនៅភ្នំពេញ។
ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះដែរ កាលពីសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១នៅក្នុងខេត្តកណ្ដាល។
សម្ភារៈទាំងនោះរួមមាន៖ អាវពេទ្យចំនួន២១កេស ស្មើនឹង១០៥០អាវ ស្រោមដៃចំនួន៤០កេស ស្មើនឹង៤០ប្រអប់ ម៉ាសចំនួន២២០កេសស្មើនឹង១១០០ប្រអប់ ទឹកសម្អាតដៃចំនួន១១០កេស ស្មើនឹង៥២៨០ដប ជែលសម្អាតដៃចំនួន ៤៤កេស ស្មើនឹង១៣២០ដប សាប៊ូម្សៅចំនួន២២កេស ស្មើនឹង៤៤០កញ្ចប់ និងធុងបាញ់ថ្នាំចំនួន២២គ្រឿង។
លោកអភិបាលខេត្តបានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកសម្ភារៈទាំងអស់នេះ ទៅចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជនផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែងដែលមានមនុស្សច្រើនខណៈគិតមកដល់ពេលនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅខេត្តកណ្ដាល មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ៕
អត្ថបទ ៖ សំអឿន