Connect with us

ព័ត៌មានជាតិ

លម្អិត​​មួយ​ឆ្នាំ​នៃ​នីតិកាលទី ៧ វិស័យ​សាធារណការ​និងដឹកជញ្ជូន សម្រេច​បាន​សមិទ្ធផល​​អ្វីខ្លះ?​

បានផុស

នៅ

រយៈពេលមួយឆ្នាំដំបូងនៃ​នីតិកាលទី ៧ តើ​ក្រសួងសាធារណការ និងដឹកជញ្ជូន​សម្រេចបាន​សមិទ្ធផល​អ្វីខ្លះ? គិត​ត្រឹម​ឆ្នាំ ១ នៃ​នីតិកាល​ទី ៧ នៃរដ្ឋសភា សមិទ្ធផល​លើ​វិស័យសាធារណការ​និង​ដឹកជញ្ជូន​ជាច្រើនបាន​លេច​រូបរាង​ឡើង និង​កំពុងផ្តល់ប្រយោជន៍​ដល់បងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​មួយ​ចំនួន​ត្រូវ​បានបញ្ចប់​ជាស្ថាពរ និង​បើកឲ្យ​ប្រើប្រាស់​ជាផ្លូវការរួមមាន៖

-​គម្រោង​ធ្វើឲ្យ​ប្រសើរ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ព្រែកក្ដាម​បាត់ដំបង​ប្រវែង​ ២៤៦ គីឡូម៉ែត្រ​
-សម្ពោធ​ដាក់ឲ្យប្រើប្រាស់​គ្រឿងចក្រ​លើកដាក់​ចល័តនៅ​​គែម​ផែក្នុងកំពង់ផែក្រុងព្រះសីហនុ
-សម្ពោធនិមិត្តរូបប្រសិទ្ធនាមកំណាត់​ខ្សែក្រវាត់ក្រុងទី ៣​ ជាមហាវិថីស៊ីជីនពីង
-សម្ពោធសន្និធិគយ​បណ្ដោះ​អាសន្ន​នៃចំណតផែកុងតឺន័រ LM 17 ស្ថិតក្នុងកំពង់ផែស្វយ័តភ្នំពេញ​
-សម្ពោធ​ចំណត​ផែរណប​ពហុបំណង​ TS 11, UM2, LM 26 ​និង​ឃ្លាំង​លើក​ដាក់និងស្តុក​ទំនិញ​ត្រជាក់​
-សម្ពោធ​ទីលានចាក់សំរាមចំនួន ២ ទីតាំង នៅ​ក្រុងក្រចេះ ខេត្តក្រចេះ ​និង​ក្រុង​ស្ទឹងត្រែង​ ខេត្ត​ស្ទឹងត្រែង
-សម្ពោធប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនពីរទីតាំង នៅ​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងក្រុង​កំពតខេត្តកំពត
-ធ្វើឲ្យប្រសើរឡើងវិញឆ្នេរកែប​អង្កោល
-សាងសង់ផ្លូវថ្មើរជើងប្រវែង ៨៥០ ម៉ែត្រ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍នៅ​កោះទន្សាយ​ស្ថិតក្នុងក្រុងកែប​

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសេចក្ដីព្រាងច្បាប់គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្តពាក់ព័ន្ធនានា​អំពីច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែល​បានប្រកាស​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៤ និង​ផែនការមេ​គ្រប់ជ្រុងជ្រោយ​ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន​បានរៀបចំពិធី​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ស្ដីពីប្រតិបត្តិការ​ (O&M Agreement) នៅ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ​រវាង​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេ.ហ្សិត បៀលឌើ ​នៅ​ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២៤

-បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh  
-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ការ​តភ្ជាប់អ៊ីនធឺណិត​ និងការ​លើកកម្ពស់សមត្ថភាពផ្នែកឌីជីថលជូនមន្ត្រីរាជការ រវាង​ក្រសួងសាធារណការ​និងដឹកជញ្ជូន ជាមួយនិង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​នៅ​ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២៤។

ជា​ការបើកទំព័រប្រវត្តិសាស្ត្រថ្មី គម្រោង​ដែលទទួលបានការគាំទ្រយ៉ាងច្រើនពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ​ជាពិសេស​បងប្អូន​ពលរដ្ឋកម្ពុជា​គ្រប់មជ្ឈដ្ឋាន​ទាំងក្នុងនិងក្រៅប្រទេស​ត្រូវ​បានបើក​ការដ្ឋាន​សាងសង់​នោះ​​គឺ​គម្រោងផ្លូវនាវាចរណ៍​ព្រែកជីកហ្វូណនតេជោ។

-បានបើកការដ្ឋានសាងសង់​គម្រោងអភិវឌ្ឍផែកុងតឺន័រទឹកជ្រៅថ្មីក្នុងក្រុងព្រះសីហនុ និង​កំពុង​អនុវត្ត​​គម្រោង​កែសម្រួលផែកុងតឺន័រ​ប្រវែង ២៥៣ ម៉ែត្រ​ និងគម្រោង​អភិវឌ្ឍផែកុងតឺន័រទឹកកជ្រៅ​ថ្មី​ជំហានមួយប្រវែង ៣៥០ ម៉ែត្រ ​ជម្រៅ ១៤,៥ ម៉ែត្រ 
-គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ​ប្រវែង ៣៥,១៤ គីឡូម៉ែត្រ
-គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រា និង​ផ្លូវតភ្ជាប់។

ជាមួយគ្នានេះដែរ ក្រសួងបានស្ថាបនាផ្លូវជាតិ​និងផ្លូវខេត្តមានចំនួន ៨៥០ ខ្សែ ​ប្រវែង​សរុប ២០ ០១៦ គីឡូម៉ែត្រ ដោយបាន​ក្រាល​កៅស៊ូ​និងបេតុង ប្រវែង ១១ ២៨៥ ​គីឡូម៉ែត្រ​ស្មើនឹង ៥៦,៣៨ ភាគរយនៃ​ប្រវែង​ផ្លូវសរុបុំ ក្នុងនោះផ្លូវជាតិ​កម្រិត​មួយមានចំនួន ៩ ​ខ្សែប្រវែង ២ ២៥៤ គីឡូម៉ែត្រ​បានក្រាលកៅស៊ូ និង​បេតុងស្មើ ១០០ ភាគរយ។

ផ្លូវជាតិ​កម្រិតពីរមាន ៧២ ខ្សែប្រវែង ៥ ១៦១ គីឡូម៉ែត្របានក្រាល​កៅស៊ូ និងបេតុងស្មើនឹង ៧៦,៥៤  ភាគរយ និងផ្លូវខេត្តមាន ៧៥០ ខ្សែ​ប្រវែង ១២ ៣៨០ គីឡូម៉ែត្របាន​ក្រាល​កៅស៊ូនិង​បេតុង​ស្មើនឹង ៤០,៣៩ ភាគរយ។

ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បាននិង​កំពុងស្ថាបនាផ្លូវស្ពានធំៗ ដែល​បានប្រើប្រាស់​ថវិកាហិរញ្ញប្បទាន​របស់​ដៃគូអភិវឌ្ឍន៍​សរុប ១៥ ខ្សែ​ និង​ស្ពាន​ចំនួនពីរ​រួមមាន៖​ ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​ក្រុងបាវិត ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៧ ផ្លូវជាតិ​លេខ ១០  ផ្លូវជាតិ​លេខ ២៣ ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ ៤១ ផ្លូវជាតិ​លេខ ៤៨  ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣១២  ផ្លូវខេត្តលេខ  ៣៧៧ និង​លេខ ៣៧៧A ស្ពានមេគង្គក្រចេះ និងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រា។

សមិទ្ធផល​ការងារ​ហេដ្ឋារចនាសម្ព័ន្ធក្រោមដី

សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្រោមដី ក្រសួងបាននិង​កំពុងអនុវត្តគម្រោងវិនិយោគ​បន្ទាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធលូនិងប្រព័ន្ធរំដោះទឹក សម្រាប់​បញ្ចៀសការ​ជន់លិច​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ និង​កំពុងសាងសង់បណ្តាញលូថ្មីគ្រប់ប្រភេទប្រវែងសរុប ៩៨៤ ៧៧៨ ​ម៉ែត្រ ​ស្ថិតក្នុងខេត្ត​ចំនួន ១៣ រួមមាន ខេត្តស្វាយរៀង បាត់ដំបង កណ្តាល តាកែវ កំពង់ចាម បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង និង​កំពុង​សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាមថ្មី​ចំនួន ១២ កន្លែង ​ស្ថិតក្នុង​ក្រុង​បាវិតខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង (​ពីរកន្លែង) បន្ទាយមានជ័យ (​ពីរកន្លែង) ​ក្រុងស្ទឹងសែន​ខេត្តកំពង់ធំ កំពត កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង​។

សមិទ្ធផលការងារ​ដឹកជញ្ជូន​​ផ្លូវគោក

គិតត្រឹមខែកក្កដាឆ្នាំ ២០២៤ ក្រសួងបាន​ចុះបញ្ជីយានយន្ត​សរុបចំនួន​ ៣២៥ ១៩២ គ្រឿង ​ក្នុងនោះ​យានយន្ត​ដើរដោយ​ថាមពល​អគ្គិសនី (EV) ចំនួន​ ២ ០៤៧ គ្រឿង ចុះបញ្ជីលេខ​ពិសេស ​និងពិសេសផ្ទាល់ខ្លួន​នៃ​កម្ពុជា​មាន​ចំនួន ១០ ៣៧៨ ​គ្រឿង​ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស​យានយន្ត​ឆៀក​​មានចំនួន​ ៣៩៩ ១៩៥ គ្រឿង និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​មាន​ចំនួន​ ២ ៧១៨ ០៦៤ គ្រឿង ក្នុង​នោះ​យានយន្ត​ដែល​ត្រូវ​បាន​ពិន័យមាន​ចំនួន ១ ៧៧០ គ្រឿង។

ដើម្បី​ទប់ស្កាត់​ និងកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​ឲ្យនៅ​កម្រិតទាប​បំផុត ស្របតាមផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ ២០២១ -២០៣០ ក្រសួងបានរៀបចំយុទ្ធនាការ​ជិះម៉ូតូ​ពាក់មួកសុវត្ថិភាព និងផ្តល់មួក​សុវត្ថិភាពចំនួន ៥០០ មួក​ដល់សិស្សានុសិស្ស លោក​គ្រូ អ្នកគ្រូ​ នៅខេត្តសៀមរាប។

បន្ថែម​ពីនោះ ក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាល​ស្ដីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ​និងបច្ចេកទេស​ក្នុង​ការត្រួតពិនិត្យ​ទោចក្រយានយន្ត និង​ត្រីចក្រ​យានយន្ត​ដល់​អ្នកបើកបរ​ម៉ូតូ និង​ម៉ូតូកង់បី​របស់​ក្រុមហ៊ុន​​ដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាចំនួន ១១៩ ២៧៧ ​នាក់​ ព្រមទាំងបានចែកមួកសុវត្ថិភាព​សរុប​១០ ៧៣៤ មួក និងស្ទិកឃើចំណាំងប្លាត​ប្រមាណ​ ២៣ ម៉ឺនសន្លឹកផងដែរ។

សមិទ្ធផលការងារ​ដឹកជញ្ជូនផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ

ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេច​បាននូវសមិទ្ធផល​ទំនិញ​ឆ្លងកាត់​ផែ​សរុបមាន​ចំនួន​៨ ២៣២ ៣៧៩ តោន។ ​ការងារ​កំពង់ផែស្វយ័តភ្នំពេញ​សម្រេច​បាននូវសមិទ្ធផល​ទំនិញឆ្លង​កាត់ផែ​សរុបមាន​ចំនួន ៣ ៧៥៩ ៩៦២ តោន ក្នុងនោះ​ក្រសួងក៏បានចុះបញ្ជីនាវាផ្លូវសមុទ្រ​ចំនួន ៦ គ្រឿង និងនាវាផ្លូវទឹកចំនួន ៣១ គ្រឿងផងដែរ។

សមិទ្ធផលការងារ​ដឹកជញ្ជូនផ្លូវដែក

វិស័យដឹកជញ្ជូនផ្លូវដែក ជាផ្នែកមួយយ៉ាងសំខាន់​ដែល​សម្រួលដល់ការដឹកជញ្ជូន​គ្រប់ប្រភេទប្រកប​ដោយ​ប្រសិទ្ធភាព​។ គិតចាប់ពីខែសីហាឆ្នាំ ២០២៣ ដល់ខែសីហាឆ្នាំ ២០២៤ ទំនិញប្រមាណ​មួយ​ ១ ០១៧ ៤៩២ តោន​ និងអ្នកដំណើរ​ចំនួន ១៥៧ ០២៥ នាក់ ​ត្រូវបានដឹកជញ្ជូន​និងធ្វើដំណើរ​តាម​ផ្លូវដែក​។

ដើម្បីជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​ចុះអនុស្សរណៈយោគយល់​ស្ដីពីយន្តការ​កិច្ចសហការ​ការងារ​ផ្លូវដែក​កម្ពុជា-​ចិន​ ជាមួយ​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងនេះផងដែរ ក្រសួងក៏បានយកចិត្តទុកដាក់​ក្នុងការគាំទ្រ​ និងជំរុញការអភិវឌ្ឍ​ធនធាន​មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងបច្ចេកវិទ្យាដើម្បីបន្ស៊ីទៅនឹងចក្ខុវិស័យ​មាគ៌ា​នយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទីមួយ​របស់រាជរដ្ឋាភិបាល​ ដែលកំណត់អាទិភាព​គន្លឹះចំនួន​ប្រាំ​គឺ មនុស្ស ផ្លូវ​ ទឹក ភ្លើង​ និង​បច្ចេកវិទ្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម