ព័ត៌មានជាតិ
អតីតពលករនៅខេត្តបាត់ដំបង ប្រាប់បទពិសោធន៍ចិញ្ចឹមជ្រូកនៅប្រទេសថៃ រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
អតីតពលករចំណាកស្រុកម្នាក់ ជាអ្នកស្រុកថ្មគោលនៃខេត្តបាត់ដំបង បានចំណាយពេលជាង ១០ ឆ្នាំធ្វើការនៅប្រទេសថៃ និងបានយកបទពិសោធន៍និងបច្ចេកទេសក្នុងការចិញ្ចឹមសត្វជ្រូកលក្ខណៈគ្រួសារ មកសាកល្បងនៅក្នុងស្រុកកំណើតវិញ ដើម្បីរកប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្រៅពីធ្វើស្រែចម្ការបន្តិចបន្តួចប្រចាំរដូវកាលក្នុងស្រុកកំណើត។
ក្នុងវ័យ ៣០ ឆ្នាំ លោក ឆយ ឈៀង អតីតពលកររូបនេះបានឲ្យដឹងថា លោកជាអ្នករស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានធ្វើជាពលករចំណាកស្រុកចាកឆ្ងាយពីស្រុកកំណើតអស់រយះពេល ១០ ឆ្នាំនៅការដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅប្រទេសថៃ។

ក្រោយវិលមកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារវិញ ដោយមិនដឹងថារកមុខរបរអ្វី ហើយក៏ដើម្បីកុំឲ្យសេដ្ឋកិច្ចគ្រួសារដើរថយក្រោយទៀតនោះ លោកក៏បានសាកល្បងចិញ្ចឹមសត្វជ្រូកតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្រែងបានផលតាមក្តីរំពឹង ។
លោក ឆយ ឈៀង បានឲ្យដឹងថា គ្រាដំបូងក្នុងការចិញ្ចឹមតាមបទពិសោធន៍ច្រើនឆ្នាំមកនេះ លោកបានជ្រើសរើសពូជកូនជ្រូកក្នុងស្រុកចំនួន ១២ ក្បាល។ ក្នុងនោះក៏បានចំណាយលុយក្នុងការធ្វើទ្រុង និងសម្ភារះបច្ចេកទេសក្នុងការចិញ្ចឹម និងថែទាំមួយផ្នែកទៀតផងដែរ ហើយទ្រុងមានទទឹង ៥ ម៉ែត្រ បណ្ដោយ ១១ ម៉ែត្រប្រក់សង័្កសី មានប្រព័ន្ធទឹកនិងធុងដាក់ចំណី អាហារស្វ័យប្រវត្តិ គឺដំណើរដោយខ្លួនឯង ពេលណាជ្រូកឃ្លានអាហារ វាអាចយកច្រមុះវាទៅឈ្មុសដោយខ្លួនវា បានយ៉ាងងាយស្រួល មិនហត់ចាំបាច់ដាក់ចំណីច្រើនដងនោះទេ ព្រោះធុងចំណីនេះអាចដាក់បានចន្លោះពី ៥០ គីឡូទៅ ៦០ គីឡូក្រាម ដែលវាអាចស៊ីបានពេញមួយថ្ងៃតែម្តងដោយខ្លួនឯងបាន។

លោកបន្តថា ចំពោះចំណីជ្រូកលោកបានដាក់ឲ្យជ្រូកស៊ី ចន្លោះពីបីទៅបួនពេល ហើយចំណីអាហារជ្រូកលោកដាក់ខុសប្លែកពីអ្នកចិញ្ចឹមផ្សេងៗខ្លះ ដែលក្នុងនោះមានដូចជា កន្ទក់ ចុងអង្ករ កាកសណ្ដែកសៀងស្ងួត និងលាយថ្នាំប្រេម៉ិច សម្រាប់ជួយរំលាយផ្លូវអាហារជាដើម ហើយផលិតផលមួយចំនួនលោកក៏បានធ្វើឡើងដោយខ្លួនឯងផ្ទាល់ដូចជា កាកសណ្ដែកសៀងស្ងួត ជាដើម គឺលោកមានសម្រាប់លក់បន្តផង បើពលរដ្ឋណាត្រូវការចង់ទិញក៏មានលក់ស្រាប់តែម្តង។
ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសាររបស់លោក ឆយ ឈៀង មានរយៈពេលពីរឆ្នាំហើយ។ ក្តីរំពឹងរបស់អតីតពលកររូបនេះក៏បានសម្រេច ដោយបច្ចុប្បន្នជ្រូករបស់លោកទាំងអស់មានចំនួន ៣០ ក្បាល រួមមេជ្រូកពូជពីរក្បាលផងដែរ។ ខណះការចិញ្ចឹមប្រើរយះពេលចាប់ពីចន្លោះពី ៣ ខែទៅ ៤ ខែកន្លះ សត្វជ្រូកមួយក្បាលមានទម្ងន់ចន្លោះពី ៨០ គីឡូ ៩០ គីឡូក្រាម អាចចាប់លក់បានលើទីផ្សារ ដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារលោកបានកាន់តែសមប្រកបក្រោយពីការចិញ្ចឹមជ្រូក។


លោក ឆយ ឈៀង បានបញ្ជាក់ថា សម្រាប់ទីផ្សារ លោកមានម៉ូយខាងស្រុកថ្មគោល និងខេត្តបាត់ដំបង មកទិញផ្ទាល់ បច្ចុប្បន្នជ្រូកសាច់លក់បាន ៩ពាន់/១គីឡូក្រាម ហើយតម្លៃទីផ្សារនេះក៏មិនទៀតទាត់នោះដែរ។ រដូវខ្លះចុះអាចធ្លាក់ដល់៧ ពាន់រៀល ឬអាចធ្លាក់ដល់ ៦ ពាន់រៀលជាងក៏មានដែរ និងចំណូលរបស់លោក រកបានចន្លោះពី ០៨ លានរៀលទៅ១០ លានរៀល។
ខណះការចិញ្ចឹមជ្រូក វាមានបញ្ហាប្រឈមនិងជម្ងឺខ្លះៗ ដែរ ដូចជា គ្រុនផ្កាសាយ គ្រុនក្ដៅ ជ្រូកមិនស៊ីបាយ ជាដើម តែការព្យាបាល លោកឆយ ឈៀង ក៏ធ្លាប់ចេះនិងមានបទពិសោធន៍កាលពីនៅប្រទេសថៃ ដូច្នេះលោកទិញថ្នាំវ៉ាក់សាំងឬថ្នាំផ្សេងៗចាក់ដោយខ្លួនឯងផ្ទាល់បាន។
បើតាមរបាយការណ៍នៃមន្ទីរកសិកម្មខេត្ត នៅទូទាំងខេត្តបាត់ដំបង មានកសិករចិញ្ចឹមសត្វជ្រូកសរុប ៥៤ ១៧៤ ក្បាល គិតត្រឹមខែធ្នូឆ្នាំ២០២៣។
បើតាមលោក ហេង សិទ្ធ មន្ត្រីការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងដែរថា ក្នុងឆ្នាំ២០២៤ នេះ ពុំទាន់មានតួលេខនៅឡើយ តែលោកថាចំនួនសត្វជ្រូកក្នុងឆ្នាំ២០២៤នេះ បើតាមស្មានអាចប្រហាក់ប្រហែលឆ្នាំ ២០២៣ បើកើនអាចតិចតូចប៉ុណ្ណោះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


