Connect with us

ព័ត៌មានជាតិ

អតីត​អនុប្រធាន​តំបន់​មជ្ឈិម​នៅ​កំពង់ចាម អោ អាន បានទទួល​មរណភាព​ហើយ

បានផុស

នៅ

​អតីត​អនុប្រធាន​តំបន់​មជ្ឈិម នៅ​កំពង់ចាម នា​សម័យ​ខ្មែរក្រហម លោក អោ អាន និង​ជា​អតីតជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៤​វគ្គ​២ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណ និង​ជា​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។

បើតាម​លោក នេត្រ ភក្ត្រា សំណុំរឿង ០០៤​វគ្គ​២ ប្រឆាំងនឹង អោ អាន បាន​បិទ​បញ្ចប់​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​តាំងពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ហើយ​សំណុំ​រឿងនេះ ក៏ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​ចេញ​ដីកា​បង្គាប់​រួមគ្នា ឲ្យ​បោះត្រា និង​បញ្ចូល​សំណុំរឿង​០០៤ វគ្គ​២ ទៅក្នុង​បណ្ណសារ​រួចហើយ​ដែរ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។ ចាប់តាំងពី​ពេលនោះ​មក អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លែងមាន​យុត្តាធិការ​លើ​លោក អោ អាន ទៀតហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ អង្គជំនុំជម្រះ តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានបញ្ចប់​សំណុំរឿង​ប្រឆាំង អោ អាន នៅ​ចំពោះមុខ អង្គជំនុំជម្រះ​វិសាមញ្ញ​។ បន្ទាប់ពី​មាន “​បណ្តឹងសាទុក្ខ​ជាបន្ទាន់​ប្រឆាំង នឹង​ការ​រំលត់​ជាធរ​មាននៃ​សំណុំរឿង​០០៤ វគ្គ​២ របស់​អង្គជំនុំជម្រះ​សាលាដំបូង​” របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​ដោះស្រាយ​ទឡ្ហីករណ៍​នានា​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​។ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​ពិចារណា​ឃើញថា “​បើទោះបី ជាមាន​ការឯកភាព​គ្នា​ពាក់ព័ន្ធ នឹង ចំនួន​ជនរងគ្រោះ​ជាច្រើន នៅក្នុង​ភូមិភាគ​កណ្តាល ” នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ក៏ដោយ “​ក៏​ពុំ​មានការ ឯកភាពគ្នា​ឡើយ បន្ទាប់​ពី​រយៈ​​ពេល​ដប់​បី​ឆ្នាំ​នៃ​កិច្ច ស៊ើប សួរ ដែលថា អោ អាន ស្ថិត ក្នុង យុត្តាធិការ របស់ [​អ​.​វ​.​ត​.​ក​]​ឬ​យ៉ាងណា​”​។ អង្គជំនុំជម្រះ​តុលាការ​កំពូល បានសម្រេច​ថា “​ក្នុងករណី ដែល​ពុំមាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ ដែលជា​ក់លាក់ និង អាចអនុវត្ត​បាន​នោះ ដូចនេះ​រឿងក្តី​ប្រឆាំងនឹង អោ អាន ត្រូវ​បញ្ចប់​នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​”​។

កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ សហ​ចៅក្រម​ស៊ើបអង្កេត បានចេញ​ដីកា​បង្គាប់​រួមគ្នា ឲ្យ​បោះត្រា និង​បញ្ចូល​សំណុំរឿង​០០៤ វគ្គ​២ ទៅក្នុង​បណ្ណសារ បន្ទាប់ពី​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានចេញ​សេចក្តីសម្រេច បញ្ចប់​សំណុំ​រឿងនេះ​កាលពី ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។

តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​បន្ថែម បាន​ចោទប្រកាន់ អោ អាន ពាក់ព័ន្ធ​នឹង​អង្គហេតុ​មួយចំនួន​ដូចជា ការ​បោសសម្អាត​នៅ​ភូមិភាគ​កណ្តាល មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន មន្ទីរ​សន្តិសុខ​វត្ត​បាធាយ មន្ទីរ​សន្តិសុខ​មិត្ត​សុ​ប (​គរ​) ការដ្ឋាន​ធ្វើ​ពលកម្ម ដោយ​បង្ខំ​នៅ​ទំនប់​អន្លង់​ជ្រៃ អំពើ​ប្រល័យពូជសាសន៍​នៅ​ខេត្តកំពង់ចាម និង ការរៀប​ការ​ដោយ​បង្ខំ​ក្នុងស្រុក​កំពង់សៀម និង ស្រុក​ព្រៃឈរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម១០ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម