Connect with us

នយោបាយ

សម្តេច​តេ​ជោ​ អញ្ជើញ​ជាអធិបតី​​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​៣​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី

បានផុស

នៅ

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
បាន​អនុញ្ញាត​ឲ្យ​លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó)​រដ្ឋមន្ត្រីការបរទេស​និង ពាណិជ្ជកម្ម​ហុង​គ្រី​ចូល​ជួប​ពិភាក្សា​ការងារ​នា​ល្ងាច​ថ្ងៃទី៣ ខែវិច្ឆិកា ២០២០ នៅ​វិមាន​សន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ជំនួប​នោះថា លោក ភី​ធើ ស៊ី​ចា​តូ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ទទួល​ស្វាគមន៍​លោក​យ៉ាង​កក់ក្ដៅ​ជាទីបំផុត​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ ​គឺ​ដើម្បី​គោរព​និង​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​ខួប​ទី​៦៧​នៃ​ទិវា ឯករាជ​ជាតិ​របស់​កម្ពុជា​និង​ទី​២ គឺ​ដើម្បី​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​គោរព​អំពី​លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង ទី​៣.​គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​ការ​នាំមក​នូវ​គំរោង ​ទី​១.​គម្រោង​គ្រប់គ្រង​ទឹក​ស្អាត​និង​ចំរោះ​ទឹក​។​ទី ២.​គម្រោង​បច្ចេកវិទ្យា IT និង​ទី​៣.​គម្រោង​កសិដ្ឋាន​ចិញ្ចឹម សត្វ​និង​សត្តឃាត​និង​ទី​៤.​គម្រោង​កសិកម្ម​និង​នេសាទ​។

​ជា​ការ​ឆ្លើយតប​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​លោក​នាយករដ្ឋមន្ត្រី​ហុង​លី​ហើយ​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ហុង​គ្រី​ដែល​បាន​ជួយ​កម្ពុជា​យើង​កាលពី​ជាង​៤០​ឆ្នាំមុន​,​ជួយ​កម្ពុជា​កសាង​ប្រទេស​ឡើងវិញ​ពី​បាត​ដៃទទេ​រហូតដល់​មាន ថ្ងៃនេះ​។

សម្ដេច​តេ​ជោ​ក៏បាន​ឯកភាព​ជាមួយនឹង​ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​គម្រោង​ទាំង​បួន​ដូច​បាន​រៀបរាប់​ខាងលើ​។​សម្ដេច​តេ​ជោ​ក៏បាន​សំដែង​នូវ​ការគោរព​និង​ការសួរសុខទុក្ខ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី​ហុង​គ្រី ​ហើយ​ជាទី​បញ្ចប់​សម្តេច​បានស្នើ​សុំ​អញ្ជើញលោក​នាយករដ្ឋមន្ត្រី​ហុង​គ្រី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។

បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី សម្តេច​អគ្គម​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី​ទាក់ទង​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​,​វិស័យ​កសិកម្ម​និង​វិស័យ​ធនធានទឹក ​នា​វេលា​ម៉ោង​៤និង៣០​នាទី​ល្ងាច​ថ្ងៃទី​០៣​ខែវិច្ឆិកា ​ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព៕
ដោយ ៖ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម