ពានរង្វាន់លីគលំដាប់ទី២ (Cambodian 2nd League) ឆ្នាំ២០២០ ដែលមានសមាជិកចំនួន១០ក្រុមរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ធ្វើដំណើរដល់សប្ដាហ៍ទី៥ហើយ គិតត្រឹមចុងសប្ដាហ៍ថ្មីៗនេះ ខណៈក្រុមបាល់ទាត់យុវជនកងយោធពលខេមរភូមិន្ទ(ទ័ព) រកបានពិន្ទុច្រើនជាងគេ បណ្តោះអាសន្នក្រោយមិនទាន់ស្គាល់ពាក្យបរាជ័យទាល់តែសោះ។
លទ្ធផលជារួមនៅក្នុងសប្ដាហ៍ទី៥ ដែលធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះមានក្រុមកោះកុង ចាញ់ក្រុមខេត្តត្បូងឃ្មុំ ៥ទល់២ ខណៈក្រុមយុវជនភ្នំពេញក្រោន បានចាញ់ក្រុមឫទ្ធិសែន ១ទល់០ ហើយក្រុមយុវជនទ័ព បានប្រកួតស្មើគ្នា ០ទល់០ ជាមួយក្រុមសៀរាមអេហ្វស៊ី និងក្រុមខេត្តស្វាយរៀង ស្មើគ្នា ០ទល់០ ជាមួយក្រុមអាយអេសអាយដង្កោសែនជ័យ។ គូរប្រកួតរវាងក្រុមខេត្តព្រៃវែង និងកំពង់ស្ពឺ ត្រូវបានលើកពេលប្រកួត ព្រោះក្រុមខេត្តព្រៃវែង ជាប់ភារកិច្ចប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ក្នុងពានសម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃដំណាលគ្នានេះដែរ។
ពានរង្វាន់លីគទី២ឆ្នាំ២០២០ នេះ ដំណើរការពីថ្ងៃទី៣ ខែ តុលា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានក្រុមបាល់ទាត់ចំនួន១០ក្រុមបានចុះឈ្មោះចូលរួមប្រកួត ដូចជាកោះកុងអែហ្វស៊ី,ខេត្តកំពង់ស្ពឺ,ខេត្តព្រៃវែង, ឬទ្ធិសែន,ខេត្តត្បូងឃ្មុំ,U21ភ្នំពេញក្រោន, អាយអេសអាយ ដង្កោសែនជ័យ, សៀមរាបអែហ្វស៊ី,ខេត្តស្វាយរៀង និង TIFFI Army U21។
សម្រាប់គម្រោងប្រកួតនៅសប្ដាហ៍ទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែ វិច្ឆិកា ចុងសប្ដាហ៍នេះនៅវេលាម៉ោង៣និង៣០នាទីដំណាលគ្នា ដោយក្រុមយុវជនទ័ព ប៉ះក្រុមខេត្តកំពង់ស្ពឺ នៅលើទីលានស្តាតចាស់ ហើយក្រុមឫទ្ធិសែន ទទួលក្រុមខេត្តកោះកុង នៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រុមខេត្តត្បូងឃ្មុំ ជួបក្រុមសៀមរាបអែហ្វស៊ី នៅទីលានវិទ្យាល័យព្រះសីហនុ ខេត្តត្បូងឃ្មុំ ក្រុមអាយអេសអាយ ដង្កោសែនសុខ ជួបក្រុមខេត្តព្រៃវែង នៅទីលាន ខេ អឹម អេច ក្នុងរាជធានីភ្នំពេញ និងក្រុមភ្នំពេញក្រោន ប៉ះខេត្តស្វាយរៀង នៅកីឡដ្ឋាន Smart RSN Stadium។
សូមបញ្ជាក់ថា ពានរង្វាន់លីគលំដាប់ទី២បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ហើយជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ។ នៅឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត ហើយជើងឯកគឺបានទៅក្លិបវិសាខា។ ក្រោយមកទៀតនៅឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងនោះទេ៕
ដោយ ៖ ម៉េង ហួរ