បច្ចេកវិទ្យា
និស្សិតឆ្នើម៨ នាក់ទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភជាមួយក្រុមហ៊ុន Axiata ក្នុងកម្មវិធី SmartEdu USDP រដូវកាលទី៣
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ – កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) បានត្រលប់មកវិញកាន់តែរំភើប ដោយមានក្រុមចំនួន ៣ ក្រុមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបង្ហាញដំណោះស្រាយឌីជីថលដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Heineken Cambodia ក្រុមហ៊ុន Prudential Cambodia និង ក្រុមហ៊ុន Smart Axiata។ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងDato’ Izzaddin Idris ប្រធាន និងនាយកប្រតិបត្តិក្រុមនៃ Axiata Group Berhad។

ក្រុម Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៨ នាក់បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតមួយ ដើម្បីជំរុញការបញ្ចូលទឹកប្រាក់តាមបែបឌីជីថល ហើយត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ CEO Challenge ដោយឈ្នះទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។ ដំណោះស្រាយដែលត្រូវបានបង្កើតឡើងដោយចំណាយពេលត្រឹមតែ៤៨ម៉ោង ត្រូវបានធ្វើការវិនិច្ឆ័យដោយ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Balaji Ravi នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Prudential Cambodia និង លោក Franco Zhao នាយកផ្នែកឌីជីថល និងបច្ចេកវិទ្យាក្រុមហ៊ុន Heineken Cambodia។

រង្វាន់ផ្សេងទៀតដែលត្រូវបានប្រគល់ជូនបេក្ខជនក្នុងវគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពានរង្វាន់ក្រុមធ្វើបានល្អបំផុតទី២ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ ហើយក្រុមជ័យលាភីនៃក្រុមធ្វើបានល្អបំផុតទី១ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,៤០០ ដុល្លារ។ បេក្ខជនឆ្នើមចំនួន ៨ នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់កម្មវិធី SmartEdu USDP រដូវកាលទី ៣ លោក Feiruz Ikhwan មានប្រសាសន៍ថាកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញ និងសមត្ថភាពច្នៃប្រឌិតផ្នែក បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
“កម្មវិធី SmartEdu USDP គឺជាឱកាសដ៏ល្អមួយ សម្រាប់យុវជនកម្ពុជាក្នុងការរៀនជំនាញដោះស្រាយបញ្ហាពិតនានា ក្នុងជីវិត ក្នុងបរិយាកាសជាមួយបច្ចេកវិទ្យាកុំព្យូទ័រ។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យបង្អាកភាពដដែលៗ គិតត្រិះរិះពិចារណាប្រកបដោយគំនិតច្នៃប្រឌិត និងសម្រេចថ្លឹងថ្លែងហានិភ័យ។ យើងមានមោទនភាពក្រៃលែង ដែលបានដើរតួនាទីក្នុងការជំរុញសក្ដានុពលអ្នកដឹកនាំឌីជីថលរបស់ពួកគេ ព្រមទាំងអភិវឌ្ឍអ្នកដឹកនាំឌីជីថលក្នុងប្រទេសកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យរយៈ១៣ ថ្ងៃ អាចធ្វើទៅបានតាមរយៈមូលនិធិកសាងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការគាំទ្រដ៏ជ្រាលជ្រៅពីក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍”។
កម្មវិធីដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ បានត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីបានផ្អាកអស់រយៈ ពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ដោយត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា និស្សិតកម្ពុជាចំនួន៤៨ នាក់ដំបូងត្រូវបានបែងចែកទៅក្នុងក្រុមចំនួន៨ ក្រុម បានចូលរួមកម្មវិធី សិក្ខាសាលាអ្នកដឹកនាំអាជីវកម្ម នៅសណ្ឋាគារ Garden City ក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើការបន្ថែមលើ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនង ភាពច្នៃប្រឌិត និងការត្រិះរិះពិចារណា ព្រមទាំងសមត្ថភាពគ្រប់គ្រងអារម្មណ៍ផងដែរ។ អ្នកចូលរួមទាំងអស់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនទាក់ទងនឹងអាជីវកម្មឌីជីថល សិក្ខាសាលា និង ការប្រកួតប្រជែង ដែលពួកគេត្រូវបានជំរុញយ៉ាងម៉ឺងម៉ាត់ និងផ្តល់មតិកែលម្អចំៗដល់គ្នាទៅវិញទៅមក។

សមាជិកក្រុមជ័យលាភីពានរង្វាន់ CEO Challenge យឹម សាលីនដា បានចែករំលែកថា “ទោះបីគេងមិនគ្រប់គ្រាន់អំឡុងពេលចូលរួមក្នុងសិក្ខាសាលា Bootcamp ក៏ដោយ ប៉ុន្ដែកម្មវិធីនេះមានប្រយោជន៍ណាស់ ព្រោះសិក្ខាសាលានេះបង្រៀនលើសពីជំនាញផ្នែកអាជីវកម្មទៅទៀត ខ្ញុំបានរៀនមេរៀនល្អៗជាច្រើន ជាពិសេសនៅពេលធ្វើការងារជាក្រុម។ ការប្រកួតប្រជែងក្នុងកម្មវិធី CEO Challenge គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មែនទែន។ វាពិតជាលំបាកនៅពេលដែលធ្វើការងារ ក្រោមសម្ពាធ និងពេលវេលាកំណត់ ប៉ុន្តែខ្ញុំមិនមានការសោកស្តាយណាមួយទេ ព្រោះកម្មវិធី Bootcamp នេះបានរៀបចំយ៉ាងពេញលេញឱ្យខ្ញុំក្លាយជាអ្នកដឹកនាំនាពេលអនាគត”។

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និង ក្រុមហ៊ុន Smart Axiata។ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់ រយៈពេល៣ឆ្នាំទៅក្នុងកម្មវិធីចំនួន២នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។

កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងជំនាញ ដើម្បីជួយជំរុញដល់បច្ចេកវិទ្យាឌីជីថលក្នុងប្រទេសផងដែរ។ សម្រាប់បច្ចុប្បន្នភាពនិងព័ត៌មានបន្ថែមអំពីកម្មវិធី កម្មវិធី SmartEdu សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia or visit https://www.smartedu.com.kh៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី