ព័ត៌មានជាតិ
រដ្ឋ ចំណាយថវិកាជាង ១១០ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កូនអាយុក្រោម ២ ឆ្នាំ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ៦ ឧសភា ថា គិតត្រឹមខែមេសា ឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស បានឧបត្ថម្ភថវិកាដល់សមាជិក ប.ស.ស ជាស្រី្តមានផ្ទៃពោះ ចំនួន ៧៧០ ៤៣១ នាក់ និងកូនអាយុក្រោម ២ ឆ្នាំ ចំនួន ៨៤៨ ០២៦ នាក់ ដោយចំណាយថវិកាអស់ចំនួន ៤៤៨,៣៥១.៥២ លានរៀល ស្មើនឹងប្រមាណ ១១២ លានដុល្លា។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាល រួមមាន សមាជិក ប.ស.ស ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

សមាជិក ប.ស.ស ជាមន្រ្ដីកម្មសិក្សា និង មន្ដ្រីជាប់កិច្ចសន្យាបម្រើការងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។ សមាជិក ប.ស.ស ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និង មន្ដ្រីពន្ធនាគារ។ សមាជិក ប.ស.ស ជាស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និង ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ជាកម្មការិនី។

លោកបណ្ឌិត បានបន្ថែមថា ក្នុងនោះ មុនពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និង កូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និង ទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។ ក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបណ្ឌិត បន្ថែមទៀតថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និង ទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


