ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការធ្វើតេស្តរហ័សប្រចាំសប្ដាហ៍ ទៅលើមន្ត្រីនគរបាលជាតិ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ នៅថ្ងៃទី២១កក្កដានេះថា ការធ្វើតេស្តរហ័សដល់មន្រ្តីនគរបាល ចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ១សប្ដាហ៍ម្ដង ឬ១ខែ ៤ដងនោះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ផ្ទុយទៅវិញការធ្វើតេស្តនេះ បានផ្ដល់នូវសុវត្ថិភាព ជូនទៅដល់មន្រ្តីដែលបំពេញការងារ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ការលើកឡើង របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលនេះ បានធ្វើឡើងបន្ទាប់ពីមានមន្រ្តីនគរបាលមួយចំនួន មានការព្រួយបារម្ភ និងលើកឡើងថា ការធ្វើតេស្តមួយសប្តាហ៍ម្ដង ឬក៏មួយខែ ៤ លើកនោះ គឺមានសភាពញឹកញាប់ពេក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាច្រមុះរបស់ពួកគាត់ផងដែរ។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមថា « រហូតមកទល់ និងពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ ពីក្រសួងសុខាភិបាល ឬអង្គការសុខភាពពិភពលោក ថាការធ្វើតេស្តរហ័ស រកមេរោគនៃជំងឺកូវីដ១៩ ញឹកញាប់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយទេ»។
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ការធ្វើតេស្តនេះមិនមែនធ្វើទៅលើមន្រ្តីនគរបាល ដែលបំពេញការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ១ខែ ៤លើកទាំងអស់នោះទេ ព្រោះថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបែងចែកវេនធ្វើការដោយតម្រូវឲ្យមន្រ្តីនគរបាលមួយចំនួនធំធ្វើការពីផ្ទះ និងមន្រ្តីខ្លះទៀតត្រូវមកប្រចាំការនៅកន្លែងផ្ទាល់។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា «បើទោះបីជាត្រូវធ្វើតេស្តរហ័ស រកជំងឺកូវីដ១៩ ញឹកញាប់ ក៏មិនមានបញ្ហាអ្វី ដោយការធ្វើបែបនេះ គឺការធានាឲ្យបាននូវសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិគ្រប់រូបនិងដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»។
ការធ្វើតេស្តរហ័សទៅលើមន្ត្រីនគរបាលជាតិ ជាងរៀងរាល់សប្ដាហ៍នេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការអង្អុលដឹកនាំផ្ទាល់ ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ចំពោះការសំណាកធ្វើតេស្តរហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ១សប្តាហ៍ម្តងនេះ មិនទាន់អាចបញ្ជាក់បានទេ នឹងត្រូវបិទបញ្ចប់នៅពេលណានោះទេ រងចាំការចេញបទបញ្ជាថ្មីពីថ្នាក់លើ។ ប៉ុន្តែរាល់សប្តាហ៍រកឃើញ១ ឬ២នាក់រហូតយើង មិនអាចបនធូរដៃបានទេ។
សូមជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ផ្តើមធ្វើតេស្តរហ័ស រកកូវីដ-១៩ ទៅលើមន្ត្រីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១៕ (ដោយ)៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


