ព័ត៌មានជាតិ
ឆ្នាំ២០២៥ ទាំងនៅទីក្រុង និងនៅទីប្រជុំជន និងជនបទ ត្រូវតែទទួលបានទឹកស្អាត១០០ ភាគរយ
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ឆ្នាំ២០២៥ ទាំងនៅទីក្រុង និងនៅទីប្រជុំជន និងជនបទ ត្រូវតែទទួលបានទឹកស្អាត១០០ ភាគរយ។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងស្ដីពី ការពង្រីកមូលដ្ឋានគ្រឹះសម្រាប់សន្តិសុខទឹកនៅថ្នាក់ស្រុក ដែលកំពុងអនុវត្តនៅខេត្តកំពង់ឆ្នាំង របស់អង្គការ Water Aid Cambodia នៅថ្ងៃទី០៣ ខែកញ្ញានេះ ដែលកម្មវិធីនេះ មានការចូលរួមពីអ្នកពាក់ព័ន្ធយ៉ាងច្រើន។

លោក ស៊្រិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការផ្គត់ផ្គង់ទឹកមានក្រសួង៤ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានអនុវត្តនូវការគ្រប់គ្រង ធនធានទឹកនៅកម្ពុជា។ ចំណែកក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ ក៏ដូចជាផ្គង់ទឹកស្អាតសម្រាប់បរិភោគ និងសម្រាប់ជាប្រព័ន្ធស្រោចស្រពដំណាំ នៅសហគមន៍ជនបទ។ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាក់ទងទៅនឹងទឹកស្អាត និងអនាម័យក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមួយចំនួនទៀត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ឱ្យមានការអភិវឌ្ឍផ្នែកវិស័យទឹក ឱ្យមាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
លោក ស៊្រិន ពុទ្ធី បានបន្តថា ក្រសួងទាំងអស់ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ធ្វើការក្នុងទិសដៅរួមមួយ កំណត់ថា ឆ្នាំ២០២៥ ទាំងនៅទីក្រុង និងនៅទីប្រជុំជន និងជនបទ ត្រូវតែទទួលបានទឹកស្អាត១០០ ភាគរយ។ លោកថា កម្មវិធីនាថ្ងៃនេះ បានផ្ដល់សារៈប្រយោជន៍យ៉ាងសំខាន់ ដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ជាពិសេសអ្នកដែលធ្វើការលើវិស័យទឹកនេះ។ លោកបន្តថា ការគ្រប់គ្រងធនធានទឹកនេះ គឺត្រូវតែមានផែនការ និងយុទ្ធសាស្ត្រគ្រប់គ្រងត្រឹមត្រូវ ហើយនៅពេលយើងនិយាយពីធនធានទឹក គឺយើងត្រូវនិយាយអំពីប្រភពទឹក ទាំងលើដី និងក្នុងដី។ ដូច្នេះដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍធនធានទឹក ឱ្យមាននិរន្តរភាព និងការថែទាំឱ្យគង់វង្សទៅថ្ងៃខាងមុខ គឺយើងត្រូវចាប់ផ្ដើមពីពេលបច្ចុប្បន្ននេះ។
លោក ស៊្រិន ពុទ្ធី អះអាងថា នៅពេលដែលយើងមានធនធានទឹកគ្រប់គ្រាន់ គឺយើងត្រូវតែថែរក្សាគ្រប់គ្រង និងប្រើប្រាស់ឱ្យមានកម្រិត និងមានយន្តការ នៃការប្រើប្រាស់ត្រឹមត្រូវ ហើយប្រសិនបើគ្មាន ទោះបីជាយើងមានទឹកប៉ុន្មានក៏អស់ដែរ។ យើងត្រូវគិតថា ប្រភពធនធានទឹក គឺជាប្រភពមួយដ៏សំខាន់ មិនអាចកាត់ថ្លៃបាន ហើយកន្លងមក ក្រសួងក៏បានផ្ទេរមុខងារការងារគ្រប់គ្រងនេះ នៅតាមបណ្ដាខេត្តចំនួន៤ មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ នូវការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក៏ដូចជាការគ្រប់គ្រងធនធានទឹក ដូច្នេះថ្ងៃក្រោយរដ្ឋបាលថ្នាក់ក្រោមជាតិនឹងធ្វើការងារនេះដោយផ្ទាល់ ហើយថ្នាក់ជាតិ គ្រាន់តែធ្វើគោលនយោបាយ ឬធ្វើការណែនាំបច្ចេកទេសតែប៉ុណ្ណោះ។

ដើម្បីឱ្យមានភាពកាន់តែប្រសើរ ដែលមានការទទួលខុសត្រូវខ្ពស់ លោកបានផ្ដល់អនុសាសន៍ចំនួន៣ ទាក់ទងទៅនឹងការផ្សព្វផ្សាយគម្រោងនេះ គឺទី១ ត្រូវគិតពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់។ ទី២ ត្រូវបន្តគិតអំពីការប្រើប្រាស់បរិមាណធនធានទឹក និងការថែទាំថែរក្សាធនធានទឹក និងទី៣ ត្រូវគិតអំពីគុណភាពទឹក គឺការប្រើប្រាស់ទឹកសម្រាប់បរិភោគទាំងនៅទីប្រជុំជន នៅទីក្រុង ក៏ដូចជាជនបទ។
សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយគម្រោង ស្ដីពីការពង្រីកមូលដ្ឋានគ្រឹះ សម្រាប់សន្តិសុខទឹកនៅថ្នាក់ស្រុក របស់អង្គការ Water Aid Cambodia នេះ ធ្វើឡើងតាមប្រព័ន្ធ Zoom ហើយបើតាមតំណាងអង្គការ Water Aid Cambodia កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់គណនេយ្យភាព និងផ្សព្វផ្សាយគម្រោងគ្រប់គ្រងធនធានទឹក ដែល Water Aid អនុវត្តជាមួយតួអង្គសំខាន់ៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបរិបទថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងយេនឌ័រ និងការរួមបញ្ចូលសង្គម ដើម្បីបង្កើតទំនាក់ទំនង និងការតភ្ជាប់ផែនទីតួអង្គថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (រដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល) ដែលកំពុងធ្វើការទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងយេនឌ័រ និងការរួមបញ្ចូលសង្គម៕
អត្ថបទ៖ កោះកែវ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


