ជីវិតកម្សាន្ដ
ក្រុមមនោហារា៖ វង់តន្ត្រីទើបបង្កើតថ្មី ដែលជាក្ដីសង្ឃឹមនៃការងើបឡើងវិញ នៃទម្រង់វង់ភ្លេងមហោរីព្រះរាជទ្រព្យ
ក្រោមស្មារតីអភិរក្សនូវទម្រង់សិល្បៈតន្ត្រីមួយប្រភេទ ដែលអាចនឹងប្រឈមមុខនឹងការបាត់បង់ គឺវង់ភ្លេងមហោរីព្រះរាជទ្រព្យ យុវជនមួយក្រុមបានប្រមូលកៀរគរគ្នា បង្កើតជាក្រុមតន្ត្រីមហោរីព្រះរាជទ្រព្យនេះ ដោយប្រសិទ្ធនាមក្រុមថា “មនោហារា”។
យោងទៅតាមសៀវភៅ “តន្ត្រីនៅប្រទេសខ្មែរ” ដែលរៀបរៀងដោយអ្នកស្រី កែវ ណារុំ បោះពុម្ពផ្សាយនៅខែមីនា ឆ្នាំ២០១១ ត្រង់ទំព័រទី ២០៥ បានសរសេរបរិយាយដូច្នេះថា៖ “មហោរី” អាចក្លាយមកពីពាក្យ “មហោហារ” គឺ មហោហារា (ប្រុស) មហោហារី (ស្រី) ដែលមានន័យថា គួរជាទីពេញចិត្ត ឬដែលមានលម្អគួរស្រឡាញ់មិនភ្លេច ដោយនិយាយសំដៅចំពោះតែតន្ត្រី។ ពាក្យនេះជាឈ្មោះហៅអ្នកបម្រើ នៅតាមប្រាសាទដែលមានភារកិច្ចលេងភ្លេង។

គួររំឭកថា ក្រុមមនោហារា ដែលជាក្រុមតន្ត្រីមហោរីព្រះរាជទ្រព្យនេះ បានចូលរួមប្រកួត ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលរៀបចំ និងផ្ដួចផ្ដើមឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្រោមវិញ្ញាសា “សិល្បៈបុរាណចម្រុះ”។

ទន្ទឹមនោះ ដោយមានទឹកចិត្តស្រឡាញ់វប្បធម៌ខ្មែរ និងកិច្ចខិតខំព្យាយាមយ៉ាងពុះពារក្នុងការពាំនាំនូវទម្រង់តន្ត្រីមហោរីព្រះរាជទ្រព្យមកបង្ហាញក្នុងកម្មវិធី ក្រុមមនោហារាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន និងការកោតសរសើរពីសំណាក់គណៈកម្មការទាំង៤រូប ហើយកាលពីពេលថ្មីៗនេះ ក្រុមមហោហារា បានឆ្លងផុតវគ្គកំពូលទាំង២០ ឆ្ពោះមកកាន់វគ្គកំពូលទាំង១២ផងដែរ។

គួរបញ្ជាក់ថា ក្រុមមនោហារា ដែលមានសហស្ថាបនិក៣រូប គឺ ណុប សម្បូរមី ជាអ្នកផ្ដួចផ្ដើមគំនិត អមដោយយុវជន ហាក់ តុលា និង យុវជន មឿន ចន្ធី ជាអនុប្រធានទី១ និង ទី២ ព្រមទាំងសមាជិក១០រូបទៀត មានតួនាទីសម្ដែងខុសៗគ្នា ពោលគឺសិល្បករម្នាក់ៗកាន់ឧបករណ៍ភ្លេងផ្សេងៗគ្នា រួមមាន៖
១. លោក ណុប សម្បូរមី ជាអ្នកចម្រៀង
២. លោក តត សីហា ជាអ្នកកូតទ្រខ្មែរ ឬទ្រខ្សែបី
៣. លោក ចាន់ រតនា ជាអ្នកកូតទ្រអ៊ូ
៤. លោក សំ វឌ្ឍនៈ ជាអ្នកដេញចាប៉ីដងវែង
៥. លោក តត ឆ័យា ជាអ្នកដេញតាខេ
៦. លោក មឿន ចន្ធី ជាអ្នកផ្លុំខ្លុយ
៧. លោក ហាក់ តុលា ជាអ្នកលេងរនាតឯក
៨. លោក សេង ចំរើន ជាអ្នកលេងរនាតធុង
៩. លោក កេត វិសាល ជាអ្នកលេងរនាតដែក
១០. លោក សុភ័ក្រ សេងហុង ជាអ្នកលេងគងវង់តូច
១១. លោក ហេង រ័ត្នធា ជាអ្នកលេងគងវង់ធំ
១២. លោក ពូក វិច្ឆ័យ ជាអ្នកលេងស្គរថូន រមនា
១៣. លោក សុខ រាជ ជាអ្នកគោះឈិង។
បើតាមក្បួនខ្នាតដែលត្រឹមត្រូវ វង់ភ្លេងមហោរីព្រះរាជទ្រព្យនេះមានឧបករណ៍ដល់ទៅ១៦មុខឯណោះ ក៏ប៉ុន្តែដោយហេតុថាធនធានមានកំណត់ និងស្មារតីគោរពតាមវិធានការរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដែលហាមការជួបជុំមនុស្សលើសពី១៥នាក់ ហេតុនេះហើយ ទើបក្រុមមនោហារាសម្រេចចិត្តលើកឡើងត្រឹមតែ១៣ឧបករណ៍ និងអ្នកចម្រៀងម្នាក់មកបង្ហាញជូនមហាជនឲ្យបានស្គាល់ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២។

កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ មានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គកំពូលទាំង១២ សប្ដាហ៍ទី២ និងជាថ្ងៃប្រកាសលទ្ធផលរួម ក្នុងវគ្គនេះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



