ព័ត៌មានជាតិ
រដ្ឋមន្ត្រី ណែនាំឲ្យមន្ទីររៀបចំពិធីបុណ្យមាឃបូជាឲ្យអធិកអធម
លោក ឈិត សុខុន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវចាត់តាំងវត្តអារាមរៀបចំពិធីបុណ្យមាឃបូជា ឲ្យបានមហោឡារិកស្របតាមទំនៀមទម្លាប់ និងប្រពៃណីជាតិ និងជ្រើសតាំងវត្តអារាមណាមួយប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ។
ប៉ុន្តែការប្រារព្ធពិធីនេះត្រូវធ្វើឡើងជាមួយនឹងវិធានការរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស ឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ អាកុល ឬជែល និងរក្សាគម្លាតសុវត្តិភាពបុគ្គល ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩។

តាមរយៈសេចក្តីជូនដំណឹង ដែលទើបទទួលបាននៅថ្ងៃនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ធ្វើការបោសសម្អាតទីធ្លាក្នុងវត្ត ព្រះវិហារ កុដិ សាលាឆាន់ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការបូជា របស់ពុទ្ធបរិស័ទ ព្រមទាំងតុបតែងលំអបរិវេណវត្តអារាមដោយផ្កាភ្ញី បំភ្លឺភ្លើង ផ្ទាំងប៉ាណូធំៗ ស្ដីពីព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង ព្រះពុទ្ធទ្រង់បរិនិព្វាន និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ទង់ក្លែប ព្រមទាំងបដាពាក្យស្លោក។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ អញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណី ព្រះពុទ្ធសាសនា និងអនុមោទនាយកផល្លានិសង្ឃរៀងៗខ្លួន។
គួរបញ្ជាក់ថា ពិធីបុណ្យមាឃបូជានៅឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នាថ្ងៃព្រហស្បតិ៍១៥កើត និងថ្ងៃសុក្រ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨និងថ្ងៃទី២៩ខែមករា ឆ្នាំ២០២១។ បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនាដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិត សម័យ ទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។

រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»ផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?