ព័ត៌មានជាតិ
ព្រឹត្តិការណ៍ទស្សនាចរសត្វព្រៃរៀបចំនៅ៤ទីតាំងក្នុងតំបន់ជួរភ្នំក្រវាញ និងភ្នំពេញ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូសហការ BASEET កំពុងរៀបចំព្រឹត្តិការណ៍នៃដំណើរទស្សនាចរសត្វព្រៃជាបន្តបន្ទាប់នៅទីតាំងចំនួន៤ក្នុងតំបន់ជួរភ្នំក្រវាញ និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមីនា ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃព្រៃឈើ និងការអភិរក្សសត្វព្រៃ។

ព្រឹត្តិការណ៍នៃដំណើរទស្សនាចរសត្វព្រៃនេះ ត្រូវបានចាប់ផ្ដើមរៀបចំឡើងកាលពីថ្ងៃទី១០ ខែមីនា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទន្ទឹមនេះ នៅថ្ងៃទី១៤ ខែមីនា ដំណើរទស្សនាចរសត្វព្រៃ នឹងប្រព្រឹត្តធ្វើក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងនៅថ្ងៃទី១៩ ខែមីនា ខាងមុខ នឹងរៀបចំនៅទីតាំងផ្សារទំនើបអ៊ីអន២ សែនសុខ រាជធានីភ្នំពេញ។

តាមរយៈព្រឹត្តិការណ៍នេះ មានការសម្តែងសៀកបែបវិទ្យាសាស្ត្រ ការលេងល្បែងកំសាន្ត និងការចាប់រង្វាន់ ព្រមទាំងការផ្សព្វផ្សាយអប់រំស្ដីពីសារៈសំខាន់នៃព្រៃឈើ ហើយអមដោយការសម្តែងពីតារាចម្រៀងដ៏ល្បី គឺកញ្ញា មាស សុខសោភា លោក ជី ដេវីត លោក វិចិត្រ រាជ និងកញ្ញា ទេព ម៉ូឌីកា។

បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រឹត្តិការណ៍នៃដំណើរទស្សនាចរសត្វព្រៃ នឹងរៀបចំការសម្តែងទៅលើប្រធានបទចម្បងចំនួន ៣ រួមមាន៖ ការផ្សារភ្ជាប់គ្នារវាងព្រៃឈើ និងទឹកភ្លៀង ការបង្កើតប្រាក់ចំណូលតាមរយៈការលក់ឥណទានកាបូនព្រៃឈើ និងការសម្រេចបានអន្ទាក់សូន្យ និងគ្មានការបរិភោគសាច់សត្វព្រៃ។ ត្រង់ចំណុចនេះ ដំណើរទស្សនាចរព្រៃឈើ នឹងផ្ដល់ការលើកកម្ពស់ការយល់ដឹងពីសារៈប្រយោជន៍នៃព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញដែលបានផ្តល់ជាទឹកភ្លៀងសម្រាប់វិស័យកសិកម្ម និងបានផ្តល់អាហារូបករណ៍ផ្នែកអប់រំក្នុងមូលនិធិនៃការលក់ឥណទានកាបូនពីព្រៃឈើ។ លើសពីនេះដែរ ដំណើរទស្សនាចរសត្វព្រៃនេះ ក៏ស្របគ្នានឹងយុទ្ធនាការភ្នំក្រវាញជារៀងរហូត និងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលដឹកនាំដោយក្រសួងបរិស្ថាន ហើយបច្ចុប្បន្នកំពុងបន្តក្នុងដំណាក់កាលទី២៕





ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


