ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

ការឯកភាពគ្នានេះ បានធ្វើឡើងដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ចំពោះជំនួបនេះ និងបាននាំយកនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយជូនចំពោះ ព្រះចៅស៊ុលតង់ ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។
ជាកិច្ចឆ្លើយតប ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និង បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និងសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
នៅក្នុងជំនួបនេះដែរ សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគត នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះទៀត សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគី រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។
មុននឹងបញ្ចប់ជំនួប ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខនេះ ហើយសម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និង បានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគត៕

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់