សេដ្ឋកិច្ច
កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់បន្ថយការយកពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។

សម្ដេចធិបតីបានលើកឡើងនៅក្នុងលិខិតស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិកនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥។
តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។
យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញភាគច្រើនជាប្រភេទ សាច់ បន្លែ ផ្លែឈើ ភេសជ្ជៈ និងម៉ូតូ រថយន្ត៕

ខ្លឹមសារលិខិតប្រែសម្រួលរបស់សម្ដេចធិបតី ផ្ញើទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកខាងក្រោម៖
លិខិតផ្ញើទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។
ឯកឧត្តម ដូណាល់ ជេ. ត្រាំ
ប្រធានាធិបតីនៃសហរដ្ឋអាមេរិក
កម្មវត្ថុ៖ ការស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា
ឯកឧត្តមប្រធានាធិបតីជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។
ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់-ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។
សូមឯកឧត្តមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ
តារាងមុខទំនិញកាត់បន្ថយពន្ធទំនិញអាមេរិកខាងក្រោម៖

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


