ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅក្រៅប្រទេសស្វែងរកការគាំទ្រលើវិស័យមីន
ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១៥-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីពិភាក្សាពីពិភពលោកមួយដែលគ្មានមីន និងស្វែងរកការគាំទ្របន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា។
ការអញ្ជើញចូលរួមរបស់លោក លី ធុជ តាងនាមនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមកម្ពុជាជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់ មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីន ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤។

បើតាមកាលវិភាគ កិច្ចប្រជុំពាក់ព័ន្ធ រួមមាន ចាប់ថ្ងៃទី១៨-២១ ខែមិថុនា លោក លី ធុជ នឹងដឹកនាំកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗចំនួន៣។ ក្នុងនោះរួមមាន ១. របាយការណ៍នៃការ អនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ(២០២០-២០២៤) ២. ផែនការសកម្មភាពសៀមរាប-អង្គរ (២០២៥-២០២៩) និង ៣. សេចក្ដីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូន ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
ចំណកថ្ងៃទី២៤-២៦ ខែមិថុនា តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស លោក លី ធុជ នឹងចូលរួមកិច្ចពិភាក្សាកម្រិតនយោបាយ នៅទីក្រុងឡុងដ៍ ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។
បន្ថែមលើនេះ ទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU) និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដើម្បីស្វែងរកការគាំទ្របន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា។

គូសបញ្ជាក់ផងដែរ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៅទីក្រុងហ្សឺណែវ តំណាងវិស័យឯកជននៅកម្ពុជាមួយចំនួន នឹងអមដំណើរ ទេសរដ្ឋមន្ត្រី ដើម្បីចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អម ស្តីពីភាពជាដៃគូនៃវិស័យឯកជនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន ដែលសហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជាជាករណីជោគជ័យមួយដោយ មានវិស័យឯកជន បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


