ព័ត៌មានជាតិ
អ្នកជំនាញ៖ អាមេរិកផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ បង្ហាញពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ
សហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់ក្នុងការគាំទ្របោសសម្អាតមីននៅកម្ពុជា បានសម្រេចចិត្តផ្តល់អាទិភាពដល់ការបន្តផ្តល់ជំនួយរបស់ខ្លួនឡើងវិញដល់កម្ពុជា បន្ទាប់ពីការផ្អាកមួយរយៈខ្លីដែលបានប្រកាសនៅពាក់កណ្តាលខែមករា ឆ្នាំ ២០២៥។ ជាមធ្យម ថវិកាសហរដ្ឋអាមេរិកប្រមាណ ៣០ ភាគរយ នៃថវិកាសរុបគាំទ្រសកម្មភាពមីននៅកម្ពុជាប្រចាំឆ្នាំ ត្រូវបានបែកចែកសម្រាប់បោសសម្អាតមីនចង្កោម មួយចំនួនទៀតសម្រាប់បោសសម្អាតមីន និងសកម្មភាពពាក់ព័ន្ធ។

លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលកំចាត់មីននៅកម្ពុជា ហៅកាត់ថា “CMAC” បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី ២០ ខែកុម្ភៈ បានបញ្ជាក់ថា កម្ពុជាបានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាមេរិក។ ក្នុងន័យនេះ អាមេរិក សម្រេចអនុញ្ញាតឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញជាមួយកម្ពុជាតាមកិច្ចសន្យាដែលមានស្រាប់។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ លោក ហេង រតនា សម្តែងនូវការដឹងគុណចំពោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។

ទន្ទឹមនឹងនេះ លោកថ្លែងអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា អាមេរិកជាដៃគូមួយសំខាន់លើវិស័យសកម្មភាពមីនរបស់កម្ពុជា ដែលធ្លាប់បានផ្តល់ថវិកាដល់កម្ពុជាក្នុងការបោសសម្អាតមីន ។ លោកបញ្ជាក់ថា៖« តាំងពីទសវស្ស ៩០ មក គិតជារួមជាង ២០០ លានដុល្លារ ហើយគិតជាមធ្យម ១០លានដុល្លារក្នុងមួយឆ្នាំ តំណាងឱ្យ ៣០ ភាគរយ នៃកម្មភាពបោសសម្អាតគ្រាប់រំសេវ នៅប្រទេសរបស់យើង»។
លោកបញ្ជាក់ថា៖«ថ្មីៗនេះយើងបានទទួលព័ត៌មានវិជ្ជមានសម្រាប់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្តល់ព័ត៌មានជាផ្លូវការដល់ក្រសួងការបរទេសកម្ពុជាថាសហរដ្ឋអាមេរិកនឹងបន្តការងារបោសសម្អាតគ្រាប់រំសេវតទៅមុខដោយមិនមានការផ្អាកនោះទេ។ ចឹងក្នុងនាមសហគមន៍នៃការងារបោសសម្អាតមីនក៏ដូចជាប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ដោយសារមីន ក្នុងនាមសម្តេចធិបតី សូមអបអរសាទរចំពោះព័ត៌មាននេះនិងអរគុណចំពោះអាមេរិក»។

បច្ចុប្បន្ន កម្ពុជាមានបុគ្គលិកដោះមីនប្រមាណ ១០០០ នាក់ កំពុងបំពេញបេសសកម្មបោសសម្អាតមីននៅតាមរាជធានីខេត្ត ក្រុង ដើម្បីផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផល។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មើលឃើញថា នេះជាព័ត៌មានមួយដ៏ល្អសម្រាប់កម្ពុជាទាំងមូល ហើយវាបង្ហាញពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិក លើគ្រប់វិស័យ។ លោកបញ្ជាក់ថា៖«ដោយឡែកសម្រាប់វិស័យដោះមីននេះ ការបន្តផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក នឹងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០៣០ ហើយក៏ជាការចូលរួមចំណែកក្នុងការផ្តល់ការងារទៅដល់អ្នកដោះមីនកម្ពុជាប្រមាណ ១០០០នាក់»។

ថវិកាពីសហរដ្ឋអាមេរិកសម្រាប់សកម្មភាពមីននៅកម្ពុជាត្រូវបានផ្តល់ដោយការិយាល័យកាត់បន្ថយ និងលុបបំបាត់អាវុធ នៃកិច្ចការនយោបាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមកកាន់ប្រតិបត្តិការបោសសម្អាតមីន តាមរយៈអង្គការដៃគូ ហើយកថវិកាទាំងនោះក៏មិនបានផ្តល់ដោយផ្ទាល់មកដល់រាជរដ្ឋាភិបាលកម្ពុជាដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ