ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ុយក្រែន ត្រៀមបង្ហាញគម្រោងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីឲ្យលោក បៃដិន បានដឹង
លោក Volodymyr Zelenskiy មេដឹកនាំអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា សង្គ្រាមជាមួយរុស្ស៊ីនឹងបញ្ចប់តាមរយៈកិច្ចសន្ទនា ប៉ុន្តែទីក្រុងកៀវត្រូវតែស្ថិតក្នុងជំហររឹងមាំ ហើយថាលោកនឹងបង្ហាញផែនការមួយដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងបេក្ខភាពប្រធានាធិបតីចំនួន២រូបទៀត។

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការលុកលុយរយៈពេល៣សប្តាហ៍របស់ទីក្រុងកៀវចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺជាផ្នែកមួយនៃផែនការនោះ ប៉ុន្តែវាក៏រួមបញ្ចូលនូវជំហានផ្សេងទៀតលើផ្នែកសេដ្ឋកិច្ច និងការទូតផងដែរ។
លោក Zelenskiy បានរៀបរាប់ថា៖ «ចំណុចសំខាន់នៃផែនការនេះគឺបង្ខំឲ្យរុស្ស៊ីបញ្ចប់សង្រ្គាម។ ហើយខ្ញុំចង់បានវាខ្លាំងណាស់។ វានឹងមានយុត្តិធម៌សម្រាប់អ៊ុយក្រែន»។ លោក Zelenskiy មិនបានលម្អិតបន្ថែមអំពីជំហានបន្ទាប់នៃផែនការនោះឡើយ តែលោកបានបង្ហើបថា លោកក៏នឹងពិភាក្សារឿងនេះជាមួយអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងប្រហែលជាអាចពិភាក្សាជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ដែលមកពីគណបក្សសាធារណរដ្ឋផងដែរ ដោយបុគ្គលនយោបាយទាំង២រូបសុទ្ធតែជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខ។
លោក Zelenskiy បានបង្ហាញក្ដីសង្ឃឹមថានឹងអាចទៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយលោកកំពុងត្រៀមរៀបចំជួបជាមួយលោក ចូ បៃដិន នៅទីនោះ។
ផែនការរបស់លោក Zelenskiy ទំនងជាសំដៅទៅលើការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ ដែលអ៊ុយក្រែនចង់ឲ្យរុស្ស៊ីចាត់អ្នកតំណាងរបស់ខ្លួនចូលរួម ខណៈកិច្ចប្រជុំកំពូលលើកដំបូង ដែលធ្វើឡើងនៅប្រទេសស្វីសកាលពីខែមិថុនា ពុំមានវត្តមានរបស់រុស្ស៊ីនោះឡើយ។ កិច្ចប្រជុំបន្ទាប់ខាងមុខ គឺអ៊ុយក្រែនចង់កៀរគរសម្លេងគាំទ្រពីសកលលោកខាងត្បូង (Global South) ដែលក្នុងនោះក៏មានទាំងមហាយក្សចិនផងដែរ។
គួររំឭកថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ធ្លាប់បាននិយាយកាលពីថ្ងៃទី១៩ខែសីហាថា កិច្ចចរចានឹងគ្មានទៀតឡើយ បន្ទាប់ពីអ៊ុយក្រែនបានបើកការលុកលុយឆ្លងព្រំដែនដ៏ធំមួយចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីថ្ងៃទី៦ខែសីហា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


