Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

បានផុស

នៅ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យដាក់ប្រទេសអ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UN) ជាបណ្តោះអាសន្នសិន ជាមធ្យោបាយមួយ ដើម្បីរក្សាស្ថិរភាពប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ និងសម្រួលឲ្យមានការបោះឆ្នោតថ្មី។

លោក ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីនប្រកាសសំណើនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Murmansk ហើយវាត្រូវគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី ក្នុងការបញ្ចប់ជម្លោះនិងរក្សាឥទ្ធិពលលើនយោបាយអ៊ុយក្រែននាពេលអនាគត។

មូលហេតុនៅពីក្រោយសំណើនេះគឺព្រោះតែ អាណត្តិរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាប្រធានាធិបតីអ៊ុយក្រែន បានផុតកំណត់តាំងតែពីខែឧសភាឆ្នាំ២០២៤មកម្ល៉េះ ហើយក៏គ្មានការបោះឆ្នោតថ្មីដែរ ដូច្នេះរុស្ស៊ីមើលឃើញថា បច្ចុប្បន្នអ៊ុយក្រែន កំពុងដឹកនាំដោយរដ្ឋាភិបាលមិនស្របច្បាប់។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)

ជុំវិញរឿងនេះ លោកពូទីន បានសង្កត់ធ្ងន់ថា មហាអំណាចខាងក្រៅគួរតែជួយសម្រួលដល់ការបោះឆ្នោតនៅអ៊ុយក្រែន ដើម្បីបង្កើតរដ្ឋាភិបាលដែលមានសមត្ថភាព និងទទួលបានការទុកចិត្តពីប្រជាជន។ បន្ទាប់ពីនោះ រដ្ឋាភិបាលទីក្រុងកៀវថ្មី អាចចាប់ផ្តើមការចរចាជាមួយទីក្រុងមូស្គូ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលនឹងទទួលស្គាល់ជុំវិញពិភពលោក ហើយអាចទុកចិត្តបាននិងប្រកបដោយស្ថិរភាពបានហើយ។ ជម្រើសល្អបំផុតតែមួយគត់ គឺមានតែអភិបាល​កិច្ច​បណ្ដោះ​អាសន្នប៉ុណ្ណោះ។

ទន្ទឹមនោះ លោកពូទីនបានចង្អុលបង្ហាញថា រដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយ UN ស្រដៀងគ្នានេះ ត្រូវបានអនុវត្តរួចហើយកាលពីអតីត នៅក្នុងតំបន់ក្រោយជម្លោះដូចជាកូសូវ៉ូនិងទីម័រខាងកើតជាដើម ដូច្នេះ​អ៊ុយក្រែនអាចយកគំរូតាមនោះ ដោយ​ធានា​នូវ​អព្យាក្រឹតភាព។

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​បាន​ច្រាន​ចោល​សំណើ​របស់​លោក ពូទីន ដោយ​លោកហ្សេលេនស្គីបញ្ជាក់ថា រុស្ស៊ីមិនស្វែងរកសន្តិភាពពិតប្រាកដទេ ប៉ុន្តែផ្ទុយទៅវិញកំពុងព្យាយាមកំណត់លក្ខខណ្ឌនៃអនាគតរបស់អ៊ុយក្រែន។ មន្ត្រី​ទីក្រុងកៀវ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា ការ​ចរចា​សន្តិភាព​ណា​មួយ​ត្រូវ​តែ​ផ្អែក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។

ពាក់ព័ន្ធរឿងនេះ សហរដ្ឋអាមេរិកមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រភពការទូតបានលើកឡើងថា សំណើរបស់លោក ពូទីន អាចធ្វើឲ្យកាន់តែមានភាពស្មុគស្មាញដល់កិច្ចពិភាក្សាដែលកំពុងបន្តអំពីជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម