ព័ត៌មានអន្ដរជាតិ
វៀតណាមអនុម័តគម្រោងផ្លូវរថភ្លើងថ្មីជាង ៨ ប៊ីលានដុល្លារ តភ្ជាប់ចិន
សភាវៀតណាមនាថ្ងៃពុធនេះ បានអនុម័តលើគម្រោងសាងសង់ផ្លូវរថភ្លើងតម្លៃជាង ៨ ប៊ីលានដុល្លារ ដែលតភ្ជាប់ពីទីក្រុងកំពង់ផែ Hai Phong កាត់តាមរដ្ឋធានីហាណូយ ឆ្ពោះទៅកាន់ទីក្រុងព្រំដែនជាប់ចិន Lao Cai ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម។

ខ្សែរថភ្លើងថ្មីនេះ នឹងឆ្លងកាត់មជ្ឈមណ្ឌលផលិតកម្មសំខាន់ៗមួយចំនួនរបស់វៀតណាម ដែលជាទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលជាច្រើនដូចជា Samsung, Foxconn និង Pegatron ជាដើម ដែលភាគច្រើនពឹងផ្អែកលើសមាសធាតុផលិតមកពីប្រទេសចិន។
យោងតាមសេចក្ដីសម្រេចលើគម្រោង ការសាងសង់ផ្លូវរថភ្លើងនេះ មានគោលបំណងបំពេញតម្រូវការដឹកជញ្ជូនរវាងវៀតណាម និងចិន ដោយរំពឹងថានឹងបម្រើជាកត្តាជំរុញសម្រាប់ «ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាពតាមច្រករបៀងសេដ្ឋកិច្ច Lao Cai-Hanoi-Hai Phong» ទន្ទឹមនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ និងការលើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបកម្ម។

គម្រោងផ្លូវរថភ្លើងដែលមានប្រវែង ៣៩០,៩ គីឡូម៉ែត្រនេះ រំពឹងថានឹងត្រូវការថវិកាសាងសង់ប្រមាណជាង ៨ ប៊ីលានដុល្លារ ដោយគ្រោងនឹងចាប់ផ្ដើមសិក្សាពីលទ្ធភាពនៅឆ្នាំនេះ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ខណៈប៉ុន្មានថ្ងៃមុន មន្រ្តីវៀតណាមបានលើកឡើងថា ខ្លួនមានគម្រោងខ្ចីប្រាក់ពីចិន ដើម្បីប្រើប្រាស់ក្នុងគម្រោងនេះ។
វាគឺជាគម្រោងផ្លូវរថភ្លើងមួយ ក្នុងចំណោម ២ ដែលតភ្ជាប់ទៅចិន ដែលវៀតណាមចាត់ទុកថាជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «ច្រករបៀង២ ខ្សែក្រវ៉ាត់១» របស់ខ្លួន ដែលតភ្ជាប់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ វៀតណាមអនុម័តគម្រោងនេះឡើងជាង ១ ឆ្នាំ ក្រោយ សន្យាជាមួយចិនក្នុងការបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ។

កន្លងមក មន្រ្តីវៀតណាមបានលើកឡើងថា ប្រព័ន្ធផ្លូវរថភ្លើងរបស់ខ្លួនមានលក្ខណៈចាស់ទ្រុធទ្រោម នឹងត្រូវការការជួសជុលឡើងវិញ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនដែលកើនឡើង ចំពេលដែលប្រទេសនេះក្លាយជាទិសដៅដាក់ការវិនិយោគដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនបរទេស ជាពិសេសក្នុងភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន។
អ្នកវិភាគលើកឡើងថា គម្រោងផ្លូវរថភ្លើងថ្មីរបស់វៀតណាម មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់វៀតណាម ដោយហេតុថា ប្រទេសនេះនាំចូលច្រើនពីចិន នូវវត្ថុធាតុដើម និងសមាសធាតុផលិតផលផ្សេងៗ សម្រាប់ផលិតកម្មក្នុងស្រុករបស់ខ្លួន។
គួរគូសបញ្ជាក់ថា គម្រោងថ្មីត្រូវបានអនុម័តឡើង ៣ ខែក្រោយសភាវៀតណាមអនុម័តសេចក្ដីសម្រេចចិត្តលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ ប៊ីលានដុល្លារ ប្រវែង ១ ៥៤១ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងហាណូយ ទៅក្រុងហូជីមិញ និងគ្រោងដាក់ដំណើរការនៅឆ្នាំ ២០៣៥៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


