ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ផលិតកម្មចិន កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំ ជំរុញដោយការបញ្ជាទិញច្រើន
លទ្ធផលនៃការស្ទង់មតិស្ដីពីរោងចក្រចិន ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា សកម្មភាពផលិតកម្មរបស់ចិនប្រចាំខែមីនា បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំ ដែលជំរុញដោយការបញ្ជាទិញថ្មីច្រើន ទោះមានហានិភ័យនៃសេដ្ឋកិច្ចផ្សេងៗដោយសារតែកំណើនភាពតានតឹងនៃជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI) ដែលជារង្វាស់សំខាន់នៃសមិទ្ធផលឧស្សាហកម្ម បានកើនដល់ ៥០,៥ ពិន្ទុ នៅខែមីនា ពី ៥,២ ពិន្ទុ នៅខែកុម្ភៈ និងជាអត្រាខ្ពស់បំផុតរាប់តាំងពីខែមីនា ឆ្នាំមុន។ ជាធម្មតា កាលណា PMI មានលើសពី ៥០ ពិន្ទុ នោះវាបង្ហាញពីកំណើន។
PMI មិនមែនផលិតកម្ម ដែលរួមបញ្ចូលសេវាកម្ម និងសំណង់ បានបង្កើនល្បឿនដល់ ៥០,៨ ពិន្ទុ ពី ៥០,៤ ពិន្ទុ កាលពីខែមុន។
ប្រធានផ្នែកសេដ្ឋកិច្ចចិននៅក្រុមហ៊ុន Capital Economics លោក Julian Evans-Pritchard បាននិយាយថា៖ «PMIs ផ្លូវការ បង្ហាញថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធកំពុងកើនឡើងជាថ្មី ហើយរហូតមកដល់ពេលនេះ ការនាំចេញនៅតែមានភាពធន់ទោះប្រឈមមុខនឹងវិធានពន្ធរបស់សហរដ្ឋអាមេរិក» ។
យ៉ាងណាមិញ លោកបានបន្ថែមថា ទិន្នន័យនៅតែបង្ហាញពីកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ដោយសារតែកម្សោយផ្នែកសេវាកម្ម។
គួរគូសបញ្ជាក់ថា ចិនបានរក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ នេះ នៅ «ប្រហែល ៥ ភាគរយ» ទោះបីជាមានការគំរាមកំហែងពន្ធរបស់ ត្រាំ ដែលអាចរារាំងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ក្ដី។ ដើម្បីគាំទ្រសេដ្ឋកិច្ច រដ្ឋាភិបាលបានសន្យាជំរុញសារពើពន្ធ បង្កើនការចេញមូលបត្របំណុល និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀតជាដើម ខណៈក៏ផ្តោតផងដែរ លើការជំរុញតម្រូវការក្នុងស្រុក។
ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះប្រឈមនឹងបញ្ហាសេដ្ឋកិច្ចជាច្រើនមុខ រួមទាំងកំណើននៃភាពអត់ការងារធ្វើរបស់យុវជន កម្សោយនៃតម្រូវការអ្នកប្រើប្រាស់ និងវិបត្តិអចលនទ្រព្យដ៏អូសបន្លាយ។ ចុងក្រោយនេះ ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ចិន ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុកនារយៈពេលប៉ុន្មានខែខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


