Connect with us

សេដ្ឋកិច្ច

កម្ពុជា ចិន គ្រោងជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣

បានផុស

នៅ

ភ្នំពេញ៖ មេដឹកនាំកម្ពុជា ចិន គ្រោងជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣​។ ខណៈឆ្នាំ ២០២០​ កន្លងទៅ ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ប៊ីលានដុល្លារអាមេរិក។នេះបើយោងតាម លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជាដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ ប៊ីលានដុល្លារអាមេរិក ពោលគឺមានកំណើន១៦% លើសការរំពឹងទុក។ ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគ​កូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ហើយមេដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ខាងមុខ។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតរៀងរាល់ឆ្នាំតាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឱ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខណ្ឌតំបន់ និងសាកល ហើយភាគីទាំងពីរក៏ បានចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលាយ និងទំនើប។

លោក សុខ សុភ័ក្ត្រ បានបន្តថា អ្វីដែលជាមោទកភាពបំផុតគឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបានឆាប់។ ទំនាក់ទំនងពាណិជ្ជកម្ម -វិនិយោគទ្វេភាគី កម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសាកល។

លោករដ្ឋលេខាធិការបានផ្តល់ទស្សនៈទានគន្លឹះចំនួន៩ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៖ ទី១.ការពិនិត្យធ្វើបច្ចុប្បន្នកម្មលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ដែលបានចុះហត្ថលេខាជាង១០ឆ្នាំកន្លងទៅ ទី២.ការជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ទី៣.ការសហការជិតស្និទ្ធលើការកែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការចរចានានាដើម្បីបម្រើឱ្យផលប្រយោជន៍ នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទី៤.ការពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CCFTA ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាននៅដើម ឆ្នាំ២០២២ ទី៥.ការបង្កើនល្បឿនរបស់កម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ និងរចនាសម្ព័ន្ធស្ថាប័នព្រមទាំងដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្មវិធានការនិង យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការបើកច្រកទីផ្សារដោយមិត្តចិន និងការចូលមកវិនិយោគលើវិស័យអាទិភាព ទី៦.ការបង្វែរការពឹងផ្អែករបស់ចិនលើការនាំចូលពីប្រទេសមួយចំនួនមកជាការវិនិយោគនៅកម្ពុជាលើផលិតផលទាំងនោះ (ពិសេសវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កសិកម្ម និងកែច្នៃគ្រឿងឧបភោគបរិភោគ កៅស៊ូ ផលិតផលកសិកម្មសម្រាប់នាំចេញ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សិប្បកម្ម ។ល។) សម្រាប់នាំចេញត្រឡប់ទៅបំពេញសេចក្តីត្រូវការនៅចិនវិញ  ទី៧.ការបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយឈរលើគោលការណ៍ “ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក” “កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” និង “វិបុលភាពរួមគ្នា” ទី៨.ការចាប់ផ្តើមគិតគូរធ្វើបច្ចុប្បន្នកម្មលើកិច្ចសហប្រតិបត្តិការនានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន មុនពេលកម្ពុជាទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ និងទី៩.ការ​បន្តធ្វើសហប្រតិបត្តិការទ្វេភាគីឱ្យបានគ្រប់លំដាប់ថ្នាក់ពិសេសតាមយន្តការនៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន សំដៅបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើកំណែទម្រង់ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ អភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិច ជាដើម៕​

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម