ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ៥៦ មកពីខេត្តក្វាងស៊ីប្រទេសចិនកំពុងវិនិយោគនៅកម្ពុជា
គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ីប្រទេសចិន ចូលមកវិនិយោគនៅកម្ពុជា មានប្រមាណ ៥៦ក្រុមហ៊ុន។

ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី នៅក្នុងឆ្នាំ២០២២ កន្លងទៅមានទឹកប្រាក់ចំនួន ១.៩៧០ លានយន់ កើនឡើង ៨៨.២% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះ ខេត្តក្វាងស៊ី នាំចេញមកកម្ពុជា មានចំនួន ១.៨៦០ លានយន់ កើនឡើង ៨៨.៥% រីឯ កម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០ លានយន់ កើនឡើង ៨៥.៣%។
ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន រួមមាន៖ គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម ។ ចំណែកកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញ រួមមាន៖ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី និងម៉ាស៊ីនត្រង់ស្វូរ។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឡាន ធានលី អភិបាលខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី ២១ មេសា ឆ្នាំ ២០២៣។

លោក ឡាន ធានលី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២០-២២ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ប្រជាជន និងប្រជាជន រវាងកម្ពុជា និងខេត្តក្វាងស៊ីផង និងដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី២០ ដោយផ្ទាល់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនផង។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ក្នុងការកៀរគរក្រុមហ៊ុនឯកជនឱ្យបានច្រើនទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនៅទីក្រុងណាននីង ហើយក្នុងអំឡុងពេលពិព័រណ៍ ក្រសួងក៏នឹងមានរៀបចំ វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ផងដែរ។ លោករដ្ឋមន្រ្តី បានស្នើសុំដល់ភាគីមិត្តចិនផ្តល់ការគាំទ្រ និងជួយជំរុញឱ្យពាណិជ្ជករ សមាគមអាជីវកម្មចិន នៅខេត្តក្វាងស៊ី ចូលរួមក្នុងវេទិកាខាងលើឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីកាលានុវត្តភាពនៃការធ្វើជំនួញនៅកម្ពុជា។
នៅក្នុងជំនួបនេះដែរ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយ កម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតផ្លូវសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (The Silk Road Economic Belt and The 21st Century Maritime Silk Road) របស់រដ្ឋាភិបាលចិន តាំងពីឆ្នាំ២០១៦ កន្លងមក។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម ការកសាងធនធានមនុស្ស ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការការពារបរិស្ថាន ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ កន្លងទៅ រដ្ឋាភិបាលនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលតាមការរំពឹងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


