ឃុំ​កំពង់ភ្លុក​ ជា​តំបន់​ទេសចរណ៍​មួយ ដែលធ្វើឲ្យពលរដ្ឋនៅទីនោះបង្កើតមុខរបរថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃុំ​កំពង់ភ្លុក​ ជា​តំបន់​ទេសចរណ៍​មួយ ដែលធ្វើឲ្យពលរដ្ឋនៅទីនោះបង្កើតមុខរបរថ្មី​

Published

on

​​​ឃុំ​កំពង់​ភ្លុក គឺជា​ឃុំ​មួយ​នៅ​ជាប់​នឹង​មាត់បឹង​ទន្លេសាប​ ដែលមាន​ព្រៃ​លិច​ទឹក​រាប់រយ​ហិក​តា លាត​សន្ធឹង​ពណ៌​ខៀវស្រងាត់ គួរ​ជាទី​គយគន់​ដល់​ភ្ញៀវទេសចរណ៍​ជាតិ ​និង​អន្តរជាតិ ទៅទស្សនា​ម្តង​ហើយ​ ចង់ទៅម្តងទៀត​។ហេតុដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ឃុំ​នេះ​ មាន​ជីវភាព​សមរម្យ​ និង​មិន​អាច​បោះបង់​មុខរបរ​ដែល​បន្សល់ទុក​ពី​ដូនតានោះឡើយ​។​

នាពេល​ថ្មីៗ​នេះ​ កម្ពុជា​ថ្មី​ បាន​ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក​ នៃ​ស្រុក​ប្រាសាទបាគង​ ដើម្បី​​ស្វែងយល់​ពី​ការ​រស់​នៅរបស់​ពលរដ្ឋនៅ​តំបន់​នោះ ​ក្នុង​គ្រា​ដែល​មាន​ជំងឺ​កូ​វីដ​-១៩​ ចូលមក​ដល់​ផងដែរ​។

​លោក​​ សុខ ប្លង់ មេឃុំ​កំពង់​ភ្លុក​ ​មានប្រសាសន៍​ឲ្យ​ដឹង​ថា ឃុំ​កំពង់​ភ្លុក ស្ថិតនៅ​ទិសខាងកើត​ ទី​ប្រ​ជុំ​ជន​ខេត្តសៀមរាប​ បើ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦ មកដល់​ជិត​អធិការដ្ឋាន​នគរបាល​ ស្រុក​ប្រា​សាទ​បាគង​ មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​ បត់​ស្តាំ​តាមផ្លូវ​កៅស៊ូ​ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​​ ​​។ ​កំពង់​ភ្លុក​ ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង៩​ របស់​ស្រុក​ប្រាសាទ​បាគងខេត្តសៀម​រាប ។ ​ភូមិសាស្ត្រ​ នៃ​ឃុំ​នេះ ​មាន​ផ្ទៃដី​សរុប១២៣២៩​គីឡូម៉ែត្រ​ក្រឡា​) ក្នុង​នោះ ​ផៃ្ទ​ដី​សាងសង់​លំនៅ​ដ្ឋាន​ចំនួន​១២០​ហិកតា ដីព្រៃ ៦៥១ហិកតា ​ដី​ផ្សេងៗ​៥៦៩០​ហិកតា។ ឃុំ​នេះ​មិនមាន​ដី​បង្ក​បង្កើន​ផល​ទេ ព្រោះ​ជា​តំបន់​បឹង​ទន្លេសាប​។​

​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ ប្រក​បរបរ​នេសាទ​ ចំនួន​៦៥%,ដឹក​ភ្ញៀវ​ទេសចរ​​កម្សាន្ត​នៅ​តំបន់​ព្រៃ​លិច​ទឹក​ ដែលជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​៣០% និង​៥% ទៀត​ ជា​អ្នកលក់ដូរ​និង​ជាជាង​ឈើ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ ការ​ប្រកប​របរ​នេសាទ​ពេលខ្លះ​ ក៏​ទទួលបាន​ផល តែ​ពេលខ្លះទៀត​មិន​ទទួល​បាន​ផល​ទេ។ ​ឯ​ការប្រកប​របរ​កសិក​ម្ម​វិញ​ គឺ​ប្រជាជន​ពុំមាន​ដី​កសិកម្ម​ឡើយ ព្រោះ​ដី​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​នេះ​លិច​ទឹក​ទាំងអស់​នៅ​រដូវវស្សា​ និង​រដូវប្រាំង​វិញ​ ក៏មាន​សេសសល់​ដី​ទួល​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​កំពង់​ភ្លុក មាន​សក្តានុពល​ផ្នែកទេសចរណ៍ ​ដែល​បច្ចុប្បន្ន​មាន ភ្ញៀវ​ទេសចរ​​ជាតិ បាននាំគ្នា​មក​កម្សាន្ត ​ធ្វើ​ឲ្យ​ប្រជាជន​បង្កើតបាន​មុខរបរ​ថ្មី​មួយ ដែល​ផ្តល់​ប្រយោជន៍​ដ៏​សំខាន់​​ គឺការប្រើ​ប្រាស់​កាណូត​ និង​អុំទូក​ដឹក​ភ្ញៀវ​ទេសចរ​​កម្សាន្ត​បន្ថែម លើ​មុខរបរ​នេសាទ​ត្រី។ឃុំ​នេះ​មាន៣ភូមិ​ ​គឺ​ភូមិ​ត្នោត​កំបុត​ ភូមិ​ដីក្រហម និង​ភូមិ​គោក​ក្តុល ។​

ឃុំ​កំពង់​ភ្លុក​ មាន​ព្រំប្រទល់​ខាងកើត​ទល់នឹង​ឃុំ​ដាន​រុន​ ស្រុក​សូទ្រនិគម​, ខាងលិច​ទល់នឹង​ឃុំ ​ក​ណែក្ត ខាងជើង​ទល់នឹង​ឃុំ​មានជ័យ ខាងត្បូង​ទល់នឹង​បឹង​ទន្លេសាប ។ ​ឃុំ​កំពង់​ភ្លុក​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៩ គ្រានោះ ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ស្រុក​សូទ្រនិគម​ ហើយ​កាត់​ចូលមក​ស្រុក​សៀមរាប ក្រោយមក​ក៏​កាត់​មក​ស្រុក​ប្រាសាទបាគង​។ ឃុំ​នេះ​ផ្ទៃដី​ទាំងអស់​ជា​ដីព្រៃ​លិច​ទឹក ជាប់​មាត់​បឹង​ទ​ន្លេសាប​ដែលមាន​ទេសភាព​គួរ​ជាទី​ទាក់ទាញ។ ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នេះ ​ភាគច្រើនលើស​លប់​ជា​អ្នកភូមិ​ដើមកំណើត​នៅទីនេះ​តែម្តង​ ដោយ​មិនសូវមាន​អ្នក​ចំណូល​ថ្មី​នោះឡើយ។ គិត​ត្រឹម​ឆ្នាំ ២០១៩-២០២០​ ឃុំ​មាន​ពលរដ្ឋ​ចំនួន​៨៦៧​គ្រួសារ​ ស្មើនឹង​មនុស្ស​ចំនួន ៣៦៨០ នាក់​(​ស្រី​១៨៦៥​នាក់​) ។​ ពលរដ្ឋ​ចំណាកស្រុក​ ទៅ​ធ្វើការ​ក្នុងប្រទេស​០,០៣%​។ មកដល់ពេលនេះ ​ផ្ទះ​ដែលមាន​អគ្គិ​សនី​ប្រើប្រាស់​ជិត៩០​ភាគរយ​។​

លោក​បន្តថា​ ប្រជាពលរដ្ឋ​មាន​ស្មារតី​ឧស្សាហ៍​ព្យាយាម​ ហើយ​ជឿជាក់​លើ​រដ្ឋអំណាច​, មាន​មាគ៌ា​ដឹក​នាំ​ត្រឹមត្រូវ​របស់​បក្ស​ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ មាន​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា ។

លោក​មេឃុំ ​បាន​អធិប្បាយ​ដោយ​ចង្អុល​ទៅលើ​តារាង​តួលេខ​មួយ​ផ្ទាំង​ថា ​វិស័យ​ទេសចរណ៍​គឺជា​គោលដៅ​សំខាន់បំផុត​សម្រាប់​​ការអភិវឌ្ឍ​ឃុំ​។​ ពិសេស​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​លោក​តែង​រំលឹក​ដល់​ពលរដ្ឋ​ និង​អាជ្ញាធរ​ជា​ញឹកញាប់ ។​ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២១​នេះ​ ពលរដ្ឋ​បាន​នៅ​ឃុំ​កំពង់​ភ្លុក និង​ពលរដ្ឋ​សកលលោក​បានទទួល​រងទុក្ខ​យ៉ាងធ្ងន់ធ្ងរ​នោះ​គឺ​ ជំងឺ​រាតត្បាត​ដ៏​សាហាវកូ​វីដ​-១៩ ធ្វើ​ឲ្យ​វិស័យ​ផ្សេងៗ​មួយ​ចំនួន​ក្នុង​ឃុំ​ត្រូវ​ចុះថយ​។​

លោក​មេឃុំ​ បាន​បន្តថា តំបន់​ដែល​គោក ឬក៏លិច​ទឹក ​ក្នុង​រយៈពេល​ខ្លី ​ពីមុនគឺ​ផ្លូវ​ពិបាក​ធ្វើដំណើរ​ណាស់​ តែ​បច្ចុប្បន្ន​ត្រូវបាន​កសាង និង​ជួសជុល​ជា​បណ្តើរៗ​បានប្រែក្លាយ​ពី​ផ្លូវ​ក្រាល​ដី ស​ ទៅ​ក្រាល​គ្រួស​ក្រហម​ និង​ឈានទៅ​ចាក់​បេតុង​ប្រវែង​៤៣០​ម៉ែត្រ​ ដែលជា​ថវិកា​មូលនិធិ​ឃុំ ចំណាយ​អស់​១៧៩​លាន​រៀល​។​

ទន្ទឹមនឹង​ទទួលបាន​ការស្ថាបនា​កែលំអ​ផ្លូវ​ថ្មីៗ ក៏មាន​ផ្លូវលំ​មួយចំនួន​បាន​ខូចខាត​ទៅវិញ ។​លោក​មេ​ឃុំ​បាន​រំលឹក​ផងដែរ​ថា ឃុំ​បាន​ទំនាក់ទំនង​ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន (​ក្រុម​ហ៊ុន​អាជីវករ​ពាណិជ្ជករ​សេវាករ​)ដើម្បី​ទៅ​បង្កើត​មុខរបរ​រកស៊ី និង​ជួយ​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ចូលរួម​។​ បច្ចុប្បន្ន​ឃុំ​​ កំពុង​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ជួយ​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​អ​រូបវ័ន្ត​ដើម្បី ជំរុញ​លើកកម្ពស់​ជីវភាពពលរដ្ឋ​និង​សេដ្ឋកិច្ច​មូលដ្ឋាន​ក្នុង​នោះ​មាន​អង្គការ​រ៉ា​ឆា​(RACHA), អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ជាដើម ។​

បន្ទាប់ពី​លោក មេឃុំ​កំពង់​ភ្លុក រាយការណ៍​ពី​ប្រវត្តិ និង​ស្ថានភាព​សកម្មភាព​ផ្សេងៗ​ក្នុង​ឃុំ​រួចមក​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង​ ​បាន​មានប្រសាសន៍​ស្រដៀង​គ្នា​ជាមួយ​លោក​មេឃុំ​​ដែរ​។​ ប៉ុន្តែ​លោក​អភិបាលស្រុក​សង្កត់ធ្ងន់​ថា នៅក្នុង​ស្រុក​ប្រាសាទបាគង​ មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ងាក​មករករប​រ​ដាំ​ដុះ​បន្លែ​បង្កា​,​ធ្វើស្រែ​ចម្ការ និង​ចិញ្ចឹម​ត្រី កង្កែប ជាដើម​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ចូល​មកដល់​។​លោក​បន្តថា ​ដោយ​ប្រការ​នេះហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​មាន​ជីវភាព​ប្រចាំថ្ងៃ​ជា​ធម្មតា ​និង​ខ្វះខាត​តិចតួច​។​ទោះ​ជា​យ៉ាងនេះ​ក្តី​ក្នុងនាម លោក​ជា​ថ្នាក់ដឹកនាំ​ម្នាក់​ លោក​តែងតែ​ខ្នះខ្នែង​ស្វែងរក​ជំនួយ​សប្បុរសធម៌​ ដើម្បី​ជួយ​ជ្រោមជ្រែង​ពល​រដ្ឋ​ដែល​ខ្វះ​ខាត​ និង​ជាពិសេស​ណែនាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​ផ្សព្វ​ផ្សាយ​ ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ពី​វិធី​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ​ជាប្រចាំ​ផងដែរ​។​

ជាមួយគ្នានេះ​​ដែរ អ្នករស់នៅ​ក្នុង​ខេត្តសៀមរាប ភាគច្រើន​សុទ្ធសឹងតែ​បានដឹងថា​ ពលរដ្ឋ​និង​សហគមន៍​កំពុង​ភ្លុក ព្រមទាំង​អាជ្ញាធរ​ដែនដី បាននាំគ្នា​អភិរក្ស​ព្រៃ​លិច​ទឹក និង​ត្រី​បាន​នៅ​គង់​វង់គួរ​សម​ ព្រោះ​នៅ​តំបន់​នេះ​​គេ​មិន​ឲ្យ​អ្នកនេសាទ​ល្មើសច្បាប់​មក​ពីតំបន់​ផ្សេង​ ចូលមក​នេសាទ​បាន​ឡើយ​ ដោយ​ពួកគេ​នាំគ្នា​រក្សាទុក​ត្រី​ ដើម្បី​សហគមន៍​ពួកគាត់​នេសាទ​​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​តែប៉ុណ្ណោះ​ ​លើកលែងតែ​នៅ​កណ្តា​ល​ទន្លេ​ទើប​ពួកគាត់​មិន​គ្រប់គ្រង ដោយ​វា​ជា​តួ​នាទី​របស់​មន្ត្រី​រដ្ឋបាល​ជលផល​៕

អត្ថបទ ​៖ ​កុសល​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services