ព័ត៌មានជាតិ
នៅស្រុកឯកភ្នំ មានតំបន់ទេសចរណ៍ ១២ កន្លែង ពេញនិយមទាក់ទាញទេសចរទៅកម្សាន្ត
ខេត្តបាត់ដំបង គឺជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសកម្ពុជា ដែលមានសម្បត្តិធម្មជាតិ រួមទាំងសម្បូរទីតាំងលេងកម្សាន្តប្លែកៗជាច្រើន។ នៅស្រុកឯកភ្នំដែលនៅមិនឆ្ងាយពីក្រុងបាត់ដំបង មានតំបន់ទេសចរណ៍ដ៏ទាក់ទាញចំនួន ១២ កន្លែង ដែលទេសចរជាតិ និងអន្តរជាតិ និយមទៅលេងកម្សាន្ត។

១២ គោលដៅ ដែលទេសចរជាតិ និងអន្តរជាតិ និយមទៅលេងកម្សាន្តនោះរួមមាន៖
១. ប្រាសាទឯកភ្នំ៖ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយ ១២.២៩ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ដែលមានទីធ្លាប្រមាណ ៣០ម៉ែត្រ។ រហូតមកដល់បច្ចុប្បន្ន ប្រសាទឯកភ្នំ បានក្លាយជាទីទាក់ទាញមួយកន្លែងដែលបានអន្ទងចិត្តអ្នកទេសចរឱ្យទៅលេងកម្សាន្តជាហូហែ។

២. វត្តសំរោងក្នុង៖ វត្តសំរោង ក្នុងចំណោមវត្តចាស់ៗជាច្រើនទៀតក្នុងខេត្តបាត់ដំបង វត្តនេះមានអាយុកាលចាស់ជាងគេ ដែលគិតមកដល់ពេលចប្ចុប្បន្នមានរយៈពេលប្រមាណជាង ៣០០ ឆ្នាំមកហើយ។ វត្តនេះមានទីតាំងស្ថិតនៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្របតាមដងស្ទឹងសង្កែត្រើយខាងកើតតាមដងផ្លូវក្រាលកៅស៊ូ ១ ខ្សែដែលមានចម្ងាយជាង ៦ គីឡូម៉ែត្រពីទីរួមខេត្ត។ វត្តបុរាណដែលមានអាយុកាលចាស់ជាងគេមួយនេះ សាងសង់លើផ្ទៃដីសរុប ២៩,៩៣៧ ម៉ែត្រក្រឡា មានព្រំ ប្រទល់ខាងកើតទល់នឹងមាត់អូរសំរោងក្នុង ខាងជើងទល់នឹងអនុវិទ្យាល័យសំរោងក្នុង និងភូមិអ្នកស្រុក ខាងត្បូងទល់នឹង ភូមិអ្នកស្រុក និងខាងលិចទល់នឹងវាលស្រែឈ្មោះថា “វាលកោះ”។

៣. សហគមន៍អេកូទេសចរណ៍ព្រែកទាល់៖ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ត្រូវបានគេចាត់ទុកថាជា តំបន់ជីវៈចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប និងគោលដៅសហគមន៍អេកូទេសចរណ៍ដ៏សំខាន់មួយសម្រាប់បម្រើដល់អ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត មើលទេសភាព និងសត្វស្លាបចម្រុះ។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តជាច្រើនរៀងរាល់ឆ្នាំ ព្រោះតំបន់នេះជាកន្លែងមួយ ដែលប្រមូលផ្តុំទៅដោយសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅ និងបង្កើតជាសំបុករស់នៅយ៉ាងគួរឱ្យចង់ទស្សនា។

៤. វត្តឈើខ្មៅ ៖ វត្ដឈើខ្មៅ មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងដែលមានចម្ងាយប្រមាណ ៥៤.១០ គីឡូម៉ែត្រ គិតចាប់១ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់វត្ដ។ វត្តនេះ ស្ថិតក្រោមក្រសែភ្នែកភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ មើលឃើញថា ជាវត្តមានបារមីស័ក្ដិសិទ្ធិ ក្នុងចំណោមវត្តទាំង១០ ដែលបានដាក់បញ្ចូលជាគោលដៅទេសចរណ៍សាសនានិងវប្បធម៌ ដែលវត្ត១នេះ ឋិតលើដែនទឹកបឹងទន្លេសាបខេត្តបាត់ដំបង មានអាយុកាលជាង១៣០ឆ្នាំមកហើយ។

៥. កន្លែងផលិតនំក្រឡានវត្តសំរោងក្នុង៖ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងនិយមទៅទស្សនានៅក្នុងភូមិដែលពលរដ្ឋនិយមផលិតនំក្រឡាន ដែលមុខរបរនេះមានធ្វើតជំនាន់មុនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង មានអ្នកភូមិសំរោងក្នុង ភូមិនរា និង ភូមិតាគោម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែបន្តធ្វើនំក្រឡានតជំនាន់ពីដូនតារហូតមកដល់ពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ នំក្រឡានត្រូវបានគេចាត់ទុកជាអាហារប្រពៃណី និងជាផលិតផលទេសចរណ៍ដ៏សំខាន់មួយសម្រាប់ខេត្តបាត់ដំបង។

៦. ទំនប់សាលាតាអន៖ ទំនប់សាលាតាអន មានទីតាំងស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសក្តានុពលក្នុងការស្រោចស្រពបង្គ្រប់នៅរដូវវស្សា ១១.០០០ហិកតា និងរដូវប្រាំង ៤.០០០ហិកតា។ ទំនប់សាលាតាអន មិនត្រឹមតែជាទីតាំងតម្កល់ទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះ តែវាក៏ជួយបង្កើនសោភណ័ភាពក្រុងបាត់ដំបងសម្រាប់វិស័យទេសចរណ៍ផងដែរ។

៧. ផ្សារប្រហុក៖ ផ្សារប្រហុក អាចជាទីតាំងមួយកន្លែងដែលភ្ញៀវទេសចរចង់ទៅ ព្រោះផ្សារនេះ ជាផ្សារដែលប្រមូលទិញប្រហុកមកពីគ្រប់ទិសទី ជាពិសេសទិញពីប្រជានេសាទតាមបឹងទន្លេសាបក្នុងខេត្ត និងខេត្តផ្សេងរួចយកទៅផ្ទុកនៅផ្សារប្រហុកនេះ ហើយនាំចេញទៅទីរួមខេត្តផង និង បណ្ដាខេត្តផ្សេងៗផងដែរ។

៨. កន្លែងផលិតសំបក់ណែម៖ ធ្វើដំណើរតាមផ្លូវមាត់អូរ ចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទស្សនានូវ ប្រពៃណីនៃការធ្វើសំបកណែម និងការហាលសំបកណែមរបស់ប្រជាជនខេត្តបាត់ដំបង។ គេនិយមប្រើប្រាស់សំបកណែមជាគ្រឿងនាំមុខក្នុងការផលិតម្ហូបអាហារមួយចំនួនធំ ពិសេសម្ហូបអាហារដែលត្រូវការទឹកត្រីបុក។ សំបកណែមផលិតចេញពីសារជាតិអង្ករសុទ្ធសាធ ដែលគេយកអង្ករទៅកិន រួចត្រាំទឹក រួចធ្វើការចំហុយ និងចុងក្រោយត្រូវហាលលើបន្ទះឫស្សី ដែលមានក្រឡាធំៗ ជាមួយក្រោមពន្លឺព្រះអាទិត្យ រហូតដល់ស្ងួត។ សំបកណែមជាផលិត ផលក្នុងតំបន់ និងមានឈ្មោះល្បីល្បាញលើគុណភាព រសជាតិ សម្រាប់ទីផ្សារក្នុងស្រុក ជាពិសេសខេត្តបាត់ដំបងតែម្តង។

៩. កន្លែកផលិតចេកហាល និងចេកឆាប៖ អ្នកស្រុកឯកភ្នំ ខេត្តបាត់ដំបង មួយចំនួន គឺនៅតែប្រកបរបរធ្វើចេកហាល និងចេកឆាបលក់ ដូច្នេះហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនតែមិនរំលងកន្លែងមួយនេះ។ ព្រោះ ភ្ញៀវទេសចរក៏អាចទស្សនាពីរបៀបនៃការផលិតចេកហាល និងចេកឆាប ពីមួយដំណាក់កាលទៅមួយដំណាក់កាលរបស់អ្នកស្រុក ជាពិសេសក៏បានជួយលើកកម្ពស់ស្នាដៃរបស់អ្នកស្រុកផងដែរ។

១០. កន្លែងផលិតស្រាស៖ ពិតណាស់ ការផលិតស្រាស អ្នកស្រុកឯកភ្នំ នៅតែប្រកបរបរនេះតជំនាន់ដែលមានតាំងពីដូនតា មកដល់បច្ចុប្បន្ន។ ហេតុដូចនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់ស្រុកឯកភ្នំ តែងតែចួលទស្សនាកន្លែងផលិតស្រាសរបស់អ្នកស្រុក ក៏ដូចជាផ្លក់រសជាតិស្រាសដែលធ្វើដោយដៃ តាមធម្មជាតិ។

១១. បឹងរលួស៖ ជាប្រភេទបឹងបុរាណមួយ ដែលស្ថិតនៅក្នុងភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ លើផ្ទៃដីជាង ១០ ហិតា និងមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបង និង ១ គីឡូម៉ែត្រពីប្រាសាទឯកភ្នំ។ បឹងរលួស ស្រុកឯកភ្នំនេះ គឺជាតំបន់មួយដែលមានទេសភាពស្រស់ស្អាត ហើយក៏បានក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅលេងកម្សាន្ត ជាពិសេសអ្នកដែលចូលចិត្តអង្គុយលំហែមាត់បឹង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្ទូចត្រី ទទួលទានអាហារ និងមើលថ្ងៃលិចផងដែរ។

១២. អាងភាស៖ ទំនប់អាងភាស មានទីតាំង ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលអាងមួយនេះស្ថិតជាប់ស្រុកចំនួន ២ គឺ ស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានចម្ងាយពីស្រុកថ្មគោល ១៦គីឡូម៉ែត្រ។ ទំនប់អាចភាស នេះក្រោយពីស្ថាបនាជួសជុលកែទម្រង់បន្ថែមយ៉ាងល្អប្រណិត គេសង្កេតឃើញមានភ្ញៀវក្នុងស្រុកសម្រុកទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ដោយនៅទីនោះ ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តតាមដងទំនប់ លេងជាមួយទឹកហូរកាត់ផ្លូវ ជិះទូកកម្សាន្ត អង្គុយលើខ្នងទំនប់ សម្លឹងមើលទេសភាពជាប់ដែនបឹងទន្លេសាបយ៉ាងល្វឹងល្វើយ ប្រកបដោយបរិយាកាសល្អ។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅក្នុងខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ជាង ១០០ កន្លែង ដែលមានទាំងរមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ធម្មជាតិ និងកែច្នៃ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ