ព័ត៌មានជាតិ
ឥណ្ឌានឹងបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

កម្ពុជា និងឥណ្ឌាសហការគ្នាអនុវត្តគម្រោង Quick Impact Project (QIP) ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងក្នុងគោលដៅបណ្តុះវប្បធម៌នៃការសិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ និងពង្រីកលទ្ធភាពទទួលបានឯកសារ សម្ភារសិក្សា និងធនធានទាក់ទងនឹងវិទ្យាសាស្ត្រ។
ការសហការនៃគម្រោង QIP ធ្វើឡើង បន្ទាប់ពីលោក ហែម វណ្ណឌី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និង លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា តំណាងឱ្យក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់ (MoU) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្រាប់គម្រោង QIP ជាគម្រោងរយៈពេលខ្លីដែលអនុវត្តដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងលើកកម្ពស់សកម្មភាពដែលផ្អែកលើវិទ្យាសាស្ត្រ ដើម្បីជួយឱ្យកុមារ និងយុវជនទទួលបានការយល់ដឹងពីភាពអស្ចារ្យនៃវិទ្យាសាស្ត្រ។

ក្រោមអនុស្សរណៈនៃការយោគយល់នេះ រដ្ឋាភិបាលឥណ្ឌានឹងផ្តល់ជំនួយឥតសំណង ក្នុងការផ្គត់ផ្គង់សៀវភៅ ឧបករណ៍វិទ្យាសាស្ត្រ សម្ភារអប់រំ និងឧបករណ៍ពិសោធន៍ផ្សេងៗ ដែលចាំបាច់សម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្រ្ត។ ធនធានទាំងនេះនឹងអនុញ្ញាតិឱ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ និងសហគមន៍ទូទៅ ស្វែងយល់ពីគោលការណ៍វិទ្យាសាស្ត្រ និងភាពជឿនលឿននៃបច្ចេកវិទ្យា។
លោកហែម វណ្ណឌី បានលើកឡើងថាគំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ជនបទ។
លោកបានបន្ថែមទៀតថា៖«ខណៈដែលយើងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រសួងនឹងបន្តប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហការបន្ថែមទៀតក្រោមក្របខណ្ឌនៃគម្រោង QIP»។
លោកឯកអគ្គរដ្ឋទូត Vanlalvawna បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា។ លោកថាគម្រោងនេះនឹងបណ្តុះចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងជំរុញការចូលរួមដោយផ្ទាល់របស់យុវជនជាមួយគំនិតវិទ្យាសាស្រ្ត។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ទៀតថា៖« យើងដឹងថាមានតម្រូវការកាន់តែខ្ពស់ក្នុងការអប់រំវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិត វិទ្យា (STEM)។ ដូច្នេះ បណ្ណាល័យនេះនឹងជួយកាត់បន្ថយគម្លាតចំណេះដឹងផ្នែក STEM ដោយផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសស្វែងយល់ សាកល្បង និងអភិវឌ្ឍចំណង់ចំណូលចិត្តរបស់ពួកគេចំពោះវិទ្យាសាស្រ្ត»។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត ជាពិសេសក្នុងការផ្សារភ្ជាប់ និងផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីនៃប្រទេសទាំងពីរ៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


