Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងចិន​ លើកពេលអនុវត្តពន្ធខ្ពស់កប់ពពក ៩០ ថ្ងៃ ជាថ្មី

បានផុស

នៅ

សហរដ្ឋអាមេរិក និងចិន​ បាន​ព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ លើ​ការពន្យារពេល​ជាថ្មី​ក្នុងការអនុវត្តពន្ធខ្ពស់កប់ពពករយៈពេល​ ៩០ ថ្ងៃ ទៀត ខណៈរយៈពេល​កំណត់ ៩០ ថ្ងៃ ចាស់ ត្រូវផុតកំណត់នៅថ្ងៃអង្គារ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសាររ៉យទ័រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសនៅលើបណ្ដាញសង្គមថា លោក​បាន​ចេញអធិបញ្ជាស្ដីពីការពន្យារពេល​នេះ ដោយ​មាន​សុពលភាព​រហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។

លោក ត្រាំ បាន​សរសេរយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកនៅតែបន្តការពិភាក្សាជាមួយ PRC (​សាធារណៈរដ្ឋប្រជាមានិតចិន) ដើម្បីដោះស្រាយកង្វះខាត​នៃពាណិជ្ជកម្មបដិការ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង និងការព្រួយបារម្ភអំពីសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់យើង​»។​ លោក​បន្តថា៖ «តាមរយៈការពិភាក្សាទាំងនេះ PRC បន្តចាត់វិធានការសំខាន់ៗឆ្ពោះទៅរកការដោះស្រាយនូវការរៀបចំពាណិជ្ជកម្មដែលមិន​បដិការ និងដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងសន្តិសុខជាតិ​»។

ក្រសួងពាណិជ្ជកម្មចិនឯណោះវិញ ក៏​បានចេញសេចក្ដីប្រកាសព័ត៌មាន​ស្ដីពីការ​លើកពេល​​ ៩០ ថ្ងៃផងដែរ រួមទាំងការផ្អាកជាបណ្ដោះអាសន្ននូវវិធានការរឹតត្បឹតពាណិជ្ជកម្ម និងវិនិយោគ លើក្រុមហ៊ុនអាមេរិក ដែល​​ចិន​បាន​កំណត់គោលដៅកាលពីខែមេសា។

គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន​ បាន​ធ្លាក់ចុះទៅក្នុងសង្រ្គាម​ពាណិជ្ជកម្ម​ធ្ងន់ធ្ងរនៅខែមេសា ក្រោយ​លោក ត្រាំ ប្រកាសពន្ធបដិការលើបណ្ដាប្រទេសផ្សេងៗ ដែល​ទាក់ទាញ​វិធានការសងសឹកពីចិន​។

ក្នុងសង្រ្គាម​ដែល​បន្តអូសបន្លាយនេះ លោក ត្រាំ បាន​ដំឡើងពន្ធលើទំនិញ​ចិន​ដល់ ១៤៥ ភាគរយ ដោយសារតែការហ៊ាន​សងសឹករបស់ចិន​។ ចិន​វាយបកទៅវិញជាបន្តបន្ទាប់ ដោយ​ដាក់ពន្ធលើទំនិញ​អាមេរិក​ ១២៥ ភាគរយ។ យ៉ាងណាមិញ នៅថ្ងៃទី ១២ ខែឧសភា ភាគីទាំង២ បាន​ព្រមព្រៀងគ្នាលើការអនុវត្តពន្ធខ្ពស់កប់ពពកនេះរយៈពេល ៩០ ថ្ងៃ ដោយ​ផុតកំណត់នៅថ្ងៃទី ១២ សីហា នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម