គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ចំពោះថវិកា មូលនិធិសិល្បករខ្មែរនិងសប្បុរសជនសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលទទួលបានតាមរយៈលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្រជួយសង្គម គឺមានចំនួនប្រមាណជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
បើតាមការថ្លែងបញ្ជាក់ឲ្យដឹងពីសំណាក់លោក ហេង ឡុង បានលើកឡើងថា ចំពោះថវិកា«មូលនិធិសិល្បករសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩» គឺទទួលបានសរុបមានចំនួន ៥០,៣៣៩.៩៩ ដុល្លារ។ ថវិកាទាំងនេះ ដោយទទួលបានពីសិល្បករ-សិល្បការិនី និងសប្បុរសជនខ្មែរនៅទូទាំងប្រទេស។ ថវិកានេះ ក៏ត្រូវបានលោក ហេង ឡុង នាំយកទៅប្រគល់ជូនឯកឧត្តម សេង ទៀត ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃជារាជរដ្ឋាភិបាលរួចរាល់ហើយដែរ។
លោក ហេង ឡុង បានបន្តថានេះ មិនមែនជាលើកទី១ទេ សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាល។ ខ្ញុំ សូមគោរពអរគុណនូវមហាទឹកចិត្តរបស់បងប្អូនសិល្បករសិល្បការិនី និងគោរពចំពោះឆន្ទៈស្រលាញ់ជាតិ ដែលសុខចិត្តបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះលោក ហេង ឡុង បានបន្ថែមទៀតថា ខ្ញុំសូមគោរពជូនពរបងប្អូន និងសប្បុរសជនទាំងអស់ជួបនូវសុខភាពល្អ និងកាន់តែរីកចម្រើនគ្រប់ភារកិច្ច ដើម្បីបន្តចូលរួមជាមួយសង្គមជាតិយើងទាំងអស់គ្នា។ តាមការកត់សម្គាល់សិល្បករ-សិល្បការិនី ដែលបានរួមចំណែកក្នុងការឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩នោះរួមមាន៖
កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ , លោកខេមរៈ សិរីមន្ត, កញ្ញាសុខ ពិសី, លោកឆាយ វីរៈយុទ្ធ, លោកខេម ,អ្នកនាងសួស វីសា, លោក នី រតនា, លោក ប៊ុន សក្ដិ,កញ្ញាឈិន ម៉ានិច្ច, នា យ ក្រឹម, អ្នកនាង ទៀងមុំ សុធាវី, កញ្ញា តន់ ចន្ទសីម៉ា, អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ដួង វីរៈសិទ្ធ ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ផលិតកម្មអង្គរវត្ត ប្រកាសស្វែងរកឯកសារសិល្បៈខ្មែរ ពីឆ្នាំ១៩៨០-២០២០ ដើម្បីចងក្រងរក្សាទុក កុំឲ្យបាត់បង់