ពិតជា​មិនគួរ​ឲ្យ​ជឿ ក្មេងស្រី​ស្មូត​តាម​វត្ត​ក្លាយ​ជា​កំពូល​តារា​ចម្រៀង ចាប់​ដៃគូ​ជាមួយ ព្រាប សុវត្ថិ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ពិតជា​មិនគួរ​ឲ្យ​ជឿ ក្មេងស្រី​ស្មូត​តាម​វត្ត​ក្លាយ​ជា​កំពូល​តារា​ចម្រៀង ចាប់​ដៃគូ​ជាមួយ ព្រាប សុវត្ថិ​

Published

on

​បន្ទាប់​បាន​វិ​វត្ត​ខ្លួន​មកជា​តារាចម្រៀង​អាជីព​ពេញលេញ​ក្រោយ​បាន​ចុះ​កុងត្រា​ផលិតកម្ម Galaxy Navatra ជីវិត​ថ្មី របស់​តារា​ចម្រៀង តន់ ច័ន្ទ​សី​ម៉ា បាន​ធ្វើ​ឲ្យ​នាង​ផ្លាស់ប្ដូរ​១៨០​ដឺក្រេ​យ៉ាង​លឿន​បំផុត​។ មាន​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្ត​តាកែវ ក្មេង​ស្រី​ម្នាក់​នេះ មិន​ធ្លាប់​គិត​ឡើយ​ថា អាច​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ល្បី ហើយ​អាច​ច្រៀង​ជាមួយ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​កញ្ញា តន់ ច័ន្ទ​សី​ម៉ា គឺជា​ក្មេង​មាន​និស្ស័យ​សិល្បៈ​ទាំង​ពី​កំណើត នាង​មានកំណើត​មកពី​ខេត្តតាកែវ ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​។ នាង​ជា​កូន​ទី​៣ ក្នុងចំណោម​៤​នាក់​សុទ្ធតែ​ស្រី​។ សី​ម៉ា មាន​និស្ស័យ​លើ​សិល្បៈ​តន្ត្រី​តាំងពី​តូចៗ​មក ពោលគឺ​​តាំងពី​នាង​ទើប​មាន​អាយុ ៥​ឆ្នាំ​ម្ល៉េះ​។ នាង​ថា “​ខ្ញុំ​ចេះ​ច្រៀង​តាំងពី​អាយុ ៥​ឆ្នាំ​ម្ល៉េះ​បង និយាយ​ទៅ​ស្រឡាញ់​ខ្លាំង​ហ្មង​អា​រឿង​ច្រៀង​រាំ​អី ហ្នឹង​!”​។ កាល​នៅ​សិក្សា​ នៅ​ឯ​ស្រុកកំណើត នាង​ធ្លាប់​ជា សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១ ប្រចាំ​ខេត្ត តាកែវ​។ ដោយសារ​និស្ស័យ​សិល្បៈ​ដុះដាល​ក្នុង​ចិត្ត​តាំងពី​នាយ​បែបនេះ ផ្សំ​នឹង​ការសិក្សា​បញ្ចប់​ថ្នាក់​ទី​១២​ផង សី​ម៉ា ក៏បាន​សម្រេចចិត្ត​ចាកចោល​ភូមិ​ស្រុក​ឡើង​មក​បន្ត​ការសិក្សា​ នៅ​ភ្នំពេញ​នា​ដើមឆ្នាំ ២០១៧ ក្នុង​ដែល​ពេលនោះ នាង​ទើប​មាន​អាយុ ១៧​ឆ្នាំ​។

​តារា​ចម្រៀង​តូច​ច្រឡឹង ប្រាប់​ថា​ នៅ​លើ​ដី​ក្រុង គឺ​មាន​តែ​នាង​ម្នាក់ឯង គ្មាន​គ្រួសារ សាច់ញាតិ​អ្វីដែល​អាច​ពឹងពាក់​បាន​ឡើយ​។ ដូច្នេះហើយ រឿង​ត្រូវ​ធ្វើ​ គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួនឯង ព្រោះ​ស្ថានភាព​គ្រួសារ​របស់​នាង ក៏​មិន​ជា​ធូរធារ​ដែរ​។ ស្ថានភាព​នេះ សី​ម៉ា ប្រាប់​ថា សំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ចាត់​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវ​បាន​ថៅកែ​ហាង​មួយ ព្រម​ទទួលយក​នាង​ធ្វើជា​តារា​ចម្រៀង​ក្នុង​ហាង​របស់​ខ្លួន ហើយ​ពេលនោះ ជីវិត​តស៊ូ ជា​អ្នក​រៀន​ផង ធ្វើការ​ផង ក៏បាន​ចាប់ផ្ដើម​។​

​ចូល​ច្រៀង​ក្នុង​ហាង​ខាងលើ​នោះ សី​ម៉ា ត្រូវ​បាន​ថៅកែ​ផ្ដល់​ប្រាក់ខែ ៤៥០​ដុល្លារ​ក្នុង​១​ខែ​។ ចំនួន​នេះ តារា​ស្រី​លើកឡើងថា សម​ល្មម​នឹង​អាច​ឲ្យ​នាង​រស់បាន​ណាស់​ទៅហើយ ហើយ​រឹតតែ​សប្បាយចិត្ត​ទៅទៀត​ព្រោះ នាង​មិនដែល​សង្ឃឹមថា សមត្ថភាព​ច្រៀង​របស់​នាង​ ដែល​ធ្វើ​ទៅតាម​និស្ស័យ​សោះ អាច​ឲ្យ​នាង​រក​ចំណូល​បាន​គួរសម​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង និង​ផ្គត់ផ្គង់​ការសិក្សា​ថែមទៀត​។​ ​ក្រោយពី​ច្រៀង ​នៅ​ក្នុង​ហាង​បាន​មួយ​រយៈ​ធំ នាង​ក៏បាន​ឈប់​វិញ ហើយក៏​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក ​រៀបចំ​ដោយ​ទូរទស្សន៍​មួយ​ក្នុងស្រុក​នៅ​ឆ្នាំ ២០១៨​។

​ចុងក្រោយ​បំផុត នាង​ក៏​ត្រូវ​បាន​ផលិតកម្ម Galaxy ហៅចូល ធ្វើជា​តារាចម្រៀង​កុងត្រា​កាលពីដើមឆ្នាំ ២០១៩​។ នៅក្នុង​ផលិតកម្ម​នេះ តារា​ចម្រៀង​វ័យ ២២​ឆ្នាំ មាន​បទ​ជាច្រើន​បានចេញ​លើ​ទីផ្សារ សុទ្ធ​ជា​បទ ពេញ​និយម​ដូចជា​បទ “​មិន​ស្មោះ ស្រឡាញ់​រក​ងាប់​អី​” “​យល់​ច្រឡំ​គេ​ស្រឡាញ់​យើង​” “​គេ​នោះ​ជា​ស្រី​កាប់​ដាវ​”​បទ”​ដណ្ដឹង​អូន​ទៅ​”​បទ​”​ចង់​សុំ Wifi “​និង​បទ “​ឡាន​ស៊ី​រ៉ែ​ន​” ជាដើម​។ និយាយ​ពី​views​បទ​ចម្រៀង របស់ តន់ ចន្ទ​សី​ម៉ា វា​ពិតជា​មិន​គួរ​ឲ្យ​ជឿ​ ដែល​តារា​ចម្រៀង​វ័យក្មេង​រូបនេះ ប្រើពេល​មិន​ដល់​មួយឆ្នាំ វ៉ា​ដាច់​គេ​ទាំងអស់ មាន​អ្នក​ចូល​ទស្សនា​សរុប​រហូតដល់​ទៅ៥០០M ។​ នេះ​បើ​តាម​បង្ហាញ​ឲ្យ​ដឹង​ពី​ផលិតកម្ម​Galaxy Navatra​។ ផ្អែក​តាម​របាយការណ៍​ពី​នោះ អាច​និយាយបានថា តន់ ចន្ទ​សី​ម៉ា គឺជា​កំពូល​តារា​ចម្រៀង​ក្មេង​ម្នាក់ ដែល​មាន​អ្នកទស្សនា​ច្រើនជាងគេ​ នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ​។

​នៅថ្ងៃនេះ ផលិតកម្ម​Galaxy Navatra បាន​ឲ្យ​នាង​ច្រៀង​ចាប់ ដៃគូ​ជាមួយ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ។ ​ការចាប់​ដៃគូ​គ្នា​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះ​ឡើយ ទាំងនេះ​ដោយសារតែ​សមត្ថភាព​របស់​នាង​ ជា​ហេតុផល​នាំ​ឲ្យ​នាង​អាច​មាន​ឱកាស​ច្រៀង​ជា​ដៃគូ លោក​ព្រាប សុវត្ថិ បង្កើត​អាល់​ប៊ុ​ម​ថ្មី​។ អាល់​ប៊ុ​ម​ដំបូង​របស់​អ្នក​ទាំងពីរ ​មាន​ចំណងជើង​ថា “​កាត់​ឆុង​” ទើបនឹង​ចេញ​នៅ​ព្រឹក​នេះ​តែម្ដង​។

​ចង់ដឹងថា​បទ “​កាត់​ឆុង​” មាន​អត្ថន័យ​នឹង​ទឹកដម​យ៉ាងណា​តោះ​…​ទស្សនា និង​ស្ដាប់​បទ​ទាំងអស់គ្នា​៖

​អត្ថបទ៖ស៊ុន ហួត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services