Connect with us

ព័ត៌មានអន្ដរជាតិ

ចិនចោទអាមេរិកថា នៅពីក្រោយការវាយ​ប្រហារ​តាម​អ៊ីនធឺណិត​ លើ​មជ្ឈមណ្ឌល​​ជាតិខ្លួន

បានផុស

នៅ

ទីភ្នាក់ងារប្រឆាំងចារកម្មកំពូលរបស់ចិននាថ្ងៃទី១៩ តុលា បានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិក ដែលជ្រៀតចូលលួចអាថ៌កំបាំងពីមជ្ឈមណ្ឌលពេលវេលាជាតិរបស់ប្រទេសខ្លួនអស់រយៈពេលច្រើនឆ្នាំ ដោយព្រមានវិញថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរអាចរំខានដល់បណ្តាញទំនាក់ទំនង ប្រព័ន្ធហិរញ្ញវត្ថុ ការផ្គត់ផ្គង់ថាមពល និងពេលវេលាស្តង់ដារអន្តរជាតិ។

រូបភាព៖File Representational
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយពី Reuters នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃអាទិត្យនេះ ក្រសួងសន្តិសុខរដ្ឋរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួនថា «ទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តប្រតិបត្តិការវាយប្រហារតាមអ៊ីនធឺណិត លើមជ្ឈមណ្ឌលសេវាកម្មម៉ោងជាតិក្នុងរយៈពេលដ៏យូរ»។

ក្រសួងក៏បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងតាមដានទិន្នន័យ និងព័ត៌មានសម្ងាត់ដែលត្រូវបានលួច រហូតដល់ឆ្នាំ ២០២២ ដែលប្រើដើម្បីឈ្លបយកការណ៍លើឧបករណ៍ចល័ត និងប្រព័ន្ធបណ្តាញរបស់បុគ្គលិកនៅមជ្ឈមណ្ឌល។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានកេងប្រវ័ញ្ចភាពងាយរងគ្រោះ នៅក្នុងសេវាកម្មផ្ញើសាររបស់ម៉ាកស្មាតហ្វូនបរទេស ដើម្បីចូលប្រើឧបករណ៍របស់បុគ្គលិកក្នុងឆ្នាំ ២០២២ ដោយមិនបញ្ចេញឈ្មោះម៉ាកយីហោមួយនោះទេ។

ផ្អែកតាមការស៊ើបអង្កេតរបស់ក្រសួងក៏បានរកឃើញផងដែរថា អាមេរិកបានបើកការវាយប្រហារលើប្រព័ន្ធបណ្តាញផ្ទៃក្នុងរបស់មជ្ឈមណ្ឌល និងព្យាយាមវាយប្រហារប្រព័ន្ធកំណត់ពេលវេលាផ្អែកលើមូលដ្ឋាន ដែលមានភាពជាក់លាក់ខ្ពស់ក្នុងឆ្នាំ ២០២៣ និង២០២៤មក។ ទោះជាយ៉ាងណា មកដល់ពេលនេះ ស្ថានទូតអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់ពីប្រទេសចិនឡើយ។

ជាការកត់សម្គាល់ដ៏ធំ ប្រទេសចិននិងសហរដ្ឋអាមេរិកបានចោទប្រកាន់គ្នាកាន់តែខ្លាំងឡើង អំពីការវាយប្រហារតាមអ៊ីនធឺណិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនីមួយៗបង្ហាញគ្នាទៅវិញទៅមកថា ជាការគំរាមកំហែងតាមអ៊ីនធឺណិតចម្បងរបស់ខ្លួន។ ការតឹងសសៃ ក ចុងក្រោយនេះ កើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មជាថ្មីជុំវិញការគ្រប់គ្រងការនាំចេញវត្ថុកម្ររបស់ប្រទេសចិន ហើយសហរដ្ឋអាមេរិកបានគំរាមដំឡើងពន្ធបន្ថែមទៀតលើទំនិញចិន។

គួរជម្រាបជូនថា មជ្ឈមណ្ឌលពេលវេលាជាតិគឺជាវិទ្យាស្ថានស្រាវជ្រាវមួយក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងមានមូលដ្ឋាននៅទីក្រុង Xian ខេត្ត Shaanxi ទទួលខុសត្រូវក្នុងការបង្កើត ថែរក្សា និងផ្សាយពេលវេលាស្តង់ដាររបស់ប្រទេសចិន។ ជាពិសេស វាក៏ផ្តល់សេវាកម្មកំណត់ពេលវេលាច្បាស់លាស់ខ្ពស់សម្រាប់ផ្នែកទំនាក់ទំនង ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ផែនទី និងវិស័យការពារជាតិរបស់ប្រទេសដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាមេរិក​-​ចិន​ តឹងសរសៃ ក ដាក់គ្នា រឿងនាំចេញរ៉ែកម្រ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម