Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកជំរុញឲ្យចិនផ្អាក​ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់

បានផុស

នៅ

ក្រសួងការបរទេស​អាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ​នា​ថ្ងៃសុក្រ​ទី​២​ខែ​មករា​ឆ្នាំ​២០២៦​នេះ ដោយបានចាត់ទុកសមយុទ្ធយោធារបស់ប្រទេសចិននាពេលថ្មីៗនេះនៅជុំវិញកោះតៃវ៉ាន់ថា ជាការបង្កើនភាពតានតឹងក្នុងតំបន់ដែល​មិនចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ AFP ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានសមយុទ្ធយោធា​ធំៗ​ចំនួន​២​ក្នុង​សប្ដាហ៍​នេះ​ រួមមានការបាញ់បង្ហោះគ្រាប់មីស៊ីល ការប្រើប្រាស់យន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើន ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើត្រាប់តាមការឡោមព័ទ្ធកំពង់ផែសំខាន់ៗរបស់កោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេស​អាមេរិក លោក Tommy Pigott បានជំរុញ​ឲ្យ​ទីក្រុងប៉េកាំងបញ្ឈប់ «សម្ពាធយោធា» ហើយត្រឡប់មកកិច្ចសន្ទនាការទូតវិញ ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីណាមួយចំពោះស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ មិនថាដោយប្រើកម្លាំងបាយ ឬការគំរាមកំហែងនោះទេ។

ការកើនឡើងនៃសកម្មភាពយោធានេះ បានកើតឡើងស្របពេលជាមួយនឹងសុន្ទរកថាអបអរសាទរឆ្នាំថ្មីរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងចំពោះ «ការបង្រួបបង្រួមជាតិ» ដោយហៅដំណើរការនេះថាជានិន្នាការប្រវត្តិសាស្ត្រដែល «មិនអាចបញ្ឈប់បាន»។ ភាពតានតឹងកាន់តែរីកធំឡើង បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តកញ្ចប់លក់អាវុធតម្លៃ១១​ពាន់លានដុល្លារ​ឲ្យ​ទៅកោះតៃវ៉ាន់ ដែលជាទង្វើមួយដែលទីក្រុងប៉េកាំងចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងជាការលើកទឹកចិត្តដល់ចលនាអបគមន៍។

រដ្ឋាភិបាលតៃវ៉ាន់បានថ្កោលទោសសមយុទ្ធនេះថាជា «ការបង្កហេតុយ៉ាងខ្លាំង» និងបានព្រមានអំពីហានិភ័យដល់សន្តិសុខក្នុងតំបន់។ ការបង្ហាញកម្លាំងចុងក្រោយនេះ គឺជាការធ្វើសមយុទ្ធយោធាធំលើកទី៦របស់ចិនចាប់តាំងពីឆ្នាំ២០២២មក ដែលបង្ហាញពីគំរូថ្មីនៃប្រឈមមុខដាក់គ្នាកាន់តែញឹកញាប់នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលមហាអំណាចពិភពលោកទាំងពីរ កំពុងស្ថិតក្នុងស្ថានភាពរក្សាតុល្យភាពដ៏រសើបរវាងការបង្ហាញឥទ្ធិពលយោធា និងផលប្រយោជន៍សេដ្ឋកិច្ច៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម