ដើរ​​ថយ​ក្រោយ ចិន​​បញ្ឈប់​​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ទាំង​អស់​ជា​មួយ​អូស្ត្រាលី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដើរ​​ថយ​ក្រោយ ចិន​​បញ្ឈប់​​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ទាំង​អស់​ជា​មួយ​អូស្ត្រាលី

បានផុស

នៅ

អង្គភាព​​​រៀប​ចំ​ផែន​ការ​​សេដ្ឋកិច្ច​រដ្ឋ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​ឧសភា​នេះ​ ​បាន​ឲ្យ​ដឹង​ថា ចិន​នឹង​​បញ្ឈប់​​ដោយ​គ្មាន​​​កំណត់​លើ​គ្រប់​សកម្មភាព​ទាំង​អស់​​ក្រោម​កិច្ច​សន្ទនា​សេដ្ឋកិច្ច​យុទ្ធសាស្ត្រចិន-អូស្ត្រាលី ដែល​​​បាន​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ដើរ​ថយ​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ​អភិវឌ្ឍ និង​កំណែ​ទម្រង់​ជាតិ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ថ្មីៗ​​នេះ មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​ចំនួន​បាន​ចាប់​ផ្តើម​នូវ​វិធានការ​ជា​ស៊េរី​ដើម្បី​​បង្អាក់​ដល់​​ដំណើរ​​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហ​ប្រតិបត្តិការ​ប្រក្រតី​រវាងចិន និង​អូស្ត្រាលី​ ដែល​ចេញ​​ពី​​គំនិត​លក្ខណៈ​​សង្គ្រាម​ត្រជាក់ និង​ការ​រើស​អើង​មនោគមវិជ្ជា»។

ចំណង​មិត្តភាព​ទ្វេ​ភាគីបាន​តាន​តឹង​នៅ​​ឆ្នាំ​២០១៨​នៅ​ពេល​ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ហាម​ជា​សាធារណៈ​ពី​ការ​ប្រើ​ប្រាស់បច្ចេក​វិទ្យា​យក្ស​របស់​ចិន​គឺ បណ្តាញ​ 5G របស់​ Huawei។ ទំនាក់​ទំនង​​កាន់​តែ​​អាក្រក់​​ឡើង​កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​អូស្ត្រាលីអំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ពី​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា ដែល​​ធ្វើ​ឲ្យ​មាន​ការ​សឹង​សឹក​ជា​លក្ខណៈ​​ពាណិជ្ជកម្ម​ពី​ចិន។

កិច្ច​ប្រជុំ​ចុង​ក្រោយ​បំផុត​​​ក្រោម​យន្តការ​ដែល​មាន​គោល​បំណង​ជា​ក្រប​ខណ្ឌ​សម្រាប់កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង ឆ្នាំ​២០១៧។

ក្នុង​រយៈ​ពេល​១២​ខែ​​ចុង​ក្រោយ​រហូត​ខែ​មីនា​កន្លង​ទៅ ប្រទេស​អូស្ត្រាលី​​បាន​នាំ​ចេញ​ទំនិញ​​គិត​ជា​ប្រាក់​​​ចំនួន ១៤៩​ប៊ីលាន​ដុល្លារ​អាមេរិក​ទៅ​ប្រទេស​ចិន ​ដែល​មិន​​រាប់​បញ្ចូល​​សេវាកម្ម ​​​ក្នុង​នោះ​​​​រ៉ែ​ដែក​​ដែល​ជា​ផលិតផល​ដ៏​ធំ​បំផុត។

កាល​ពី​ខែ​មេសា ​អូស្ត្រាលី​បាន​លុប​​ចោល​​កិច្ច​ព្រម​ព្រៀង​ពីរ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ Victoria ជា​មួយ​ចិន​ស្តីពី​គំនិត​ផ្តួច​ផ្តើម​«ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​»ដ៏​មហិមា​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ដែល​បាន​ជំរុញ​ឲ្យ​​ស្ថាន​ទូត​ចិន​នៅ​អូស្ត្រាលី​ព្រមាន​ថា ចំណង​ការទូត​ទ្វេ​ភាគីរឹត​តែ​អាក្រក់​ទៅ។

យោង​តាម​ប្រភព​ពី​រដ្ឋាភិបាល​ថា ប្រទេស​អូស្ត្រាលី​​​​នឹង​​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ជួល​កំពង់​ផែ​មួយ​​​រយៈ​ពេល​៩៩​ ឆ្នាំ​នៅ​ក្នុង​ប្រទេស​​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចិន​មួយ។

សភា​សហព័ន្ធ​អូស្ត្រាលី​​ទទួល​បាន​សិទ្ធិ​វេតូ​លើ​កិច្ច​ព្រម​ព្រៀងបរទេស​ដោយ​រដ្ឋ​នានា​កាល​ពី​ខែ​ធ្នូ ចំពេល​ដែល​ជំលោះ​ការ​ទូត​កាន់​តែ​ស៊ីជម្រៅ​ជា​មួយ​ប្រទេស​ចិន​ដែល​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​នាំ​ចេញ​របស់​អូស្ត្រាលី៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services