Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ យោធាមីយ៉ាន់ម៉ាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងកម្រិតគួរឱ្យព្រួយបារម្ភ

បានផុស

នៅ

ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានព្រមានថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម​ដែល​​ប្រព្រឹត្តដោយ​​ដោយយោធារបស់មីយ៉ាន់ម៉ាបានកើនឡើងក្នុងកម្រិត«គួរឱ្យព្រួយបារម្ភ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែសីហា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័នអង្គការសហប្រជាជាតិស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា (IIMM) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារថា ការធ្វើទារុណកម្មជាប្រព័ន្ធ អំពើហិង្សា និងការរំលោភលើកុមារបាន​កើន​ឡើងនៅក្រោមការគ្រប់គ្រងរបស់រប​​ប​យោធា​មីយ៉ាន់​ម៉ា​ ខណៈមនុស្សជាង៣លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ស្របពេល​ជម្លោះកាន់​តែ​តានតឹង​ខ្លាំង​​។

លោក Nicholas Koumjian ប្រធានក្រុមការងារ​ស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា (IIMM) បាននិយាយថា៖«យើងបានប្រមូលភស្តុតាងជាច្រើនដែលបង្ហាញពីកម្រិតដ៏គួរឱ្យរន្ធត់នៃភាពឃោរឃៅ និងអមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា» ។

(រូបភាព ៖ Getty)

នៅក្នុងរបាយការណ៍របស់ខ្លួន ដែលគ្របដណ្តប់ក្នុងរយៈពេលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៣ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០២៤ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងរបាយការណ៍អំពីឧក្រិដ្ឋកម្មដ៏ញឹកញាប់ និងឃោរឃៅដែលបានប្រព្រឹត្តនៅទូទាំងប្រទេស។

ឧក្រិដ្ឋកម្មសង្រ្គាមដ៏ឃោរឃៅកាន់តែច្រើនឡើងត្រូវបានរកឃើញដោយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ រាប់ចាប់ពីការវាយប្រហារពីលើអាកាសលើសាលារៀន អគារសាសនា និងមន្ទីរពេទ្យ ដែលមិនមែនជាគោលដៅយោធា រហូតដល់ការកាត់ក្បាល និងការបង្ហាញជាសាធារណៈនៃសាកសពខូចទ្រង់ទ្រាយ និងការរំលោភផ្លូវភេទ។

(រូបភាព៖ AP)

ជាមួយគ្នានេះអ្នកស៊ើបអង្កេតក៏កំពុងពិនិត្យមើលការចាប់ដាក់គុកដោយខុសច្បាប់នៃអ្នកប្រឆាំងរបបយោធា ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន និងជាច្រើននាក់ត្រូវបានគេធ្វើទារុណកម្ម ឬសម្លាប់នៅក្នុងការឃុំឃាំង។

របាយការណ៍នេះបានចងក្រងជាឯកសារអំពីវិធីធ្វើទារុណកម្ម រាប់ចាប់ពីការឆក់ដោយ​​អគ្គិសនី និងការដកក្រចកដៃអ្នកជាប់ឃុំដោយកាំបិត ការ​ចាក់សាំងដុតពួកគេ និងការធ្វើទារុណកម្មផ្សេងទៀត។ លើសពីនេះ IIMM បានរកឃើញថា ឧក្រិដ្ឋកម្ម រួមទាំងការរំលោភសេពសន្ថវៈ ត្រូវបានប្រព្រឹត្តលើគ្រប់ភេទ ក៏ដូចជាកុមារ និងកំពុងកសាងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា ក្រុម​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​ខែ​កុម្ភៈឆ្នាំ​២០២១។ ទោះយ៉ាងណា របបយោធាបានប្រឈមមុខនឹងការតស៊ូកាន់តែខ្លាំងឡើងចំពោះការគ្រប់គ្រងរបស់ពួកគេពីក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីយោធាបានបើកការបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួន៕

(រូបភាព៖ UN)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម