ព័ត៌មានអន្ដរជាតិ
UN ព្រមានថា វដ្តទឹករបស់ពិភពលោកកាន់តែមិនទៀងទាត់
អង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់និងគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងគឺជា «សញ្ញាទុក្ខព្រួយ» ខណៈពេលដែលការប្រែប្រួលអាកាសធាតុធ្វើឱ្យវដ្តទឹករបស់ភពផែនដីកាន់តែមិនអាចទាយទុកជាមុនបាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៨ខែកញ្ញានេះ។

អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា កាលពីឆ្នាំមុនទន្លេនានានៅលើពិភពលោកគឺស្ងួតជាងគេបំផុតក្នុងរយៈពេលជាង៣០ឆ្នាំ ខណៈផ្ទាំងទឹកកកបានទទួលរងការរលាយបាត់បង់ដ៏ធំបំផុតក្នុងរយៈពេលកន្លះសតវត្សមកនេះ ហើយក៏មានចំនួនដ៏ច្រើននៃទឹកជំនន់ផងដែរ។
អគ្គលេខាធិការ WMO លោកស្រី Celeste Saulo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអមជាមួយរបាយការណ៍រដ្ឋនៃធនធានទឹកសកលថា៖«យើងទទួលបានសញ្ញាទុក្ខព្រួយពីភ្លៀងធ្លាក់ខ្លាំងកាន់តែខ្លាំងឡើង ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យមានប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច»។
លោកស្រីបន្ថែមថា ការឡើងកំដៅនៃបរិយាកាសផែនដីបានធ្វើឱ្យវដ្តទឹក«កាន់តែខុសប្រក្រតី និងមិនអាចទាយទុកជាមុនបាន ហើយយើងកំពុងប្រឈមមុខនឹងបញ្ហាកើនឡើងនៃទឹកច្រើនពេក ឬតិចពេក»។
ការប្រែប្រួលជាច្រើនដែលធ្វើឲ្យមានការកត់សម្គាល់ដូចជាផ្ទាំងទឹកកកនៅស្វីសរលាយលើសពីមធ្យមក្នុងឆ្នាំ២០២៤ បន្ទាប់ពីរដូវក្តៅ។ កាលពីឆ្នាំមុនមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា ដោយសីតុណ្ហភាពឡើងខ្ពស់ និងអាកាសធាតុស្ងួតរាលដាលបានបង្កឱ្យមានគ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរជាងធម្មតា ស្របពេលក៏មានទឹកជំនន់ជាច្រើននៅជុំវិញពិភពលោកផងដែរ។
ព្រឹត្តិការណ៍ធ្ងន់ធ្ងរទាំងនេះត្រូវបានជះឥទ្ធិពលមួយផ្នែកដោយលក្ខខណ្ឌអាកាសធាតុដែលកើតឡើងដោយធម្មជាតិ រួមទាំងបាតុភូតអាកាសធាតុ La Nina និង El Nino ប៉ុន្តែក៏មានកាន់តែខ្លាំងឡើងដោយការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សផងដែរ។
លោកស្រី Saulo បាននិយាយថា៖«បរិយាកាសកាន់តែក្តៅ រក្សាសំណើមកាន់តែច្រើន ដែលអំណោយផលដល់ភ្លៀងធ្លាក់ខ្លាំង ខណៈការហួតកាន់តែលឿន និងការស្ងួតដីធ្វើឱ្យលក្ខខណ្ឌគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ»។

បច្ចុប្បន្ននេះ ប្រជាជនចំនួន ៣.៦ ពាន់លាននាក់មានលទ្ធភាពប្រើប្រាស់ទឹកសាបមិនគ្រប់គ្រាន់យ៉ាងហោចណាស់ម្តងក្នុងមួយខែក្នុងមួយឆ្នាំ ហើយចំនួននេះត្រូវបានគេព្យាករថានឹងកើនឡើងដល់ប្រាំពាន់លាននៅឆ្នាំ២០៥០។ បើយោងតាមអង្គការសហប្រជាជាតិ។
ក្នុងរយៈពេលបីឆ្នាំមកនេះ ទឹកទន្លេជាង៥០ភាគរយបានរីងស្ងួតជាងធម្មតា។ យោងតាមទិន្នន័យបឋមសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកើនឡើងសីតុណ្ហភាពមានន័យថា ផ្ទាំងទឹកកកបានរលាយក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ដោយបាត់បង់ទឹកច្រើនជាង៦០០ជីហ្គាតោន ដែលជាការអង្កេតដ៏អាក្រក់បំផុតក្នុងរយៈពេល៥០ឆ្នាំនៃការសង្កេត ។
ក្រៅពីការទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលផលិតដោយមនុស្ស ដែលបង្កឱ្យមានការកើនឡើងកំដៅពិភពលោក អង្គការសហប្រជាជាតិចង់ឱ្យធនធានទឹកសាបរបស់ពិភពលោកត្រូវបានត្រួតពិនិត្យឱ្យកាន់តែប្រសើរឡើង ដូច្នេះប្រព័ន្ធព្រមានជាមុនអាចកាត់បន្ថយការខូចខាតដល់មនុស្ស និងសត្វព្រៃដែលពឹងផ្អែកលើទឹកដើម្បីរស់រានមានជីវិត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


