សុខភាព
ក្រោយបញ្ចប់ការរងឥទ្ធិពលកាំរស្មី UV ច្រើនថ្ងៃ តើមានសល់ផលប៉ះពាល់ដែរ ឬទេ?
ថ្មីៗនេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រកាសថា ដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឱ្យឃើញនៅតំបន់ឥណ្ឌូចិន នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV មានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតត្រូវមានការប្រុងប្រយ័ត្ននៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះ ព្រោះនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិជាខ្លាំង។

ជុំវិញផលប៉ះពាល់នៃកាំរស្មីព្រះអាទិត្យ UV (កាំរស្មីស្វាយអ៊ុលត្រា (Ultraviolet)) នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា រាល់ភាវរស់ ឬជីវៈចម្រុះដែលបានប៉ះពាល់កាំរស្មីព្រះអាទិត្យដោយផ្ទាល់ក្នុងកំឡុងពេលមានសន្ទស្សន៍ឡើងខ្ពស់ ហើយស្ថិតក្នុងរយៈពេលយូរ នោះភាវរស់ទាំងនោះនឹងរងផលប៉ះពាល់។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ “បន្ទាប់ពីទទួលរងឥទ្ធិពលនៃកម្មរស្មីព្រះអាទិត្យមានរយៈពេលច្រើនថ្ងៃ ជាធម្មតាតែងតែអាចបន្សល់ឥទ្ធិពលមិនល្អប្រសិនបើជាមនុស្ស សត្វ រុក្ខជាតិ និងសារពាង្គកាយសមុទ្រទាំងនោះបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងកាំរស្មីពីព្រះអាទិត្យនាពេលកន្លងមក”។
លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា៖ “ផ្ទុយទៅវិញប្រសិនបើមនុស្ស សត្វ រុក្ខជាតិ ទាំងនោះមិនបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងកាំរស្មីពីព្រះអាទិត្យនាពេលកន្លងមកទេ គឺពុំមានបន្សល់ឥទ្ធិផលរបស់វាទេ”។

រដ្ឋលេខាធិការ ក្រសួងបរិស្ថានកម្ពុជាខាងលើនេះ លើកឡើងថា ជារៀងរាល់ឆ្នាំជាធម្មតាកម្ពុជាអាចទទួល ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV នេះក្នុងចន្លោះខែមីនា ដល់ខែកញ្ញា ជាពិសេសអាចមានសភាពធ្ងន់ធ្ងរនៅក្នុងចន្លោះខែមីនាដល់ខែឧសភា ដែលជារដូវក្តៅខ្លាំងនៅកម្ពុជា។
ដោយយោងតាមកម្រិតហានិភ័យនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV របស់អង្គការសុខភាពពិភពលោក ការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV ចាប់ពីកម្រិត៦ឡើងទៅ នោះនឹងបង្កឱ្យមានមានហានិភ័យខ្ពស់ នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ នាំឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស ដូចជា មហារីកស្បែក ជំងឺភ្នែកឡើងបាយ និងការខូចខាតប្រព័ន្ធភាពស៊ាំជាដើម ពិសេសចំពោះមនុស្សចាស់និងកុមារដែលនឹងធ្វើឱ្យមានការបះពាល់ដល់ការរីកលូតលាស់នៃប្រព័ន្ធរាងកាយ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានកម្ពុជា បានផ្ដាំផ្ញើថា នៅពេលដែលកាំរស្មីព្រះអាទិត្យ UV ឡើងខ្លាំង នៅពេលយើងចាំបាច់ត្រូវចេញទៅខាងក្រៅ សូមព្យាយាមរកម្លប់ជ្រក ហើយពាក់សម្លៀកបំពាក់ការពារមានអាវដៃវែង និងខោជើងវែង រួមទាំងមួកការពារកម្ដៅថ្ងៃដែលមានហាមធំសម្រាប់ក្បាល មុខនិង ពាក់ស្រោមដៃដែលការពារកម្តៅថ្ងៃ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។ គួរគប្បីប្រើឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពយ៉ាងតិច ៣០SPF++ ឬ ខ្ពស់ជាងនឹងជាការប្រសើរ និងត្រូវលាបរៀងរាល់ ២ ម៉ោងម្តង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


