KPT+
តើការបង្កកប្រាក់ អ្នកវេរលុយចូលគណនីអ្នកណាមួយ ជាអំពើត្រូវច្បាប់ ឬទេ?
ថ្មីៗនេះ មានផ្ទុះព័ត៌មានអំពីអតីតតារាសម្តែងម្នាក់ ដែលមានគេវេរលុយតាម ABA ច្រលំ ចំនួន ១៤០០០ ដុល្លារ។ តារាសម្ដែងនោះបានវេរលុយទៅវិញ តែផ្អឹបទុកចំនួន ៣០០$ ដោយដាក់ចំណាំថា “៣០០$ អាំងប៉ាវ ដើម្បីហេងៗ ទាំងអស់គ្នា”។ ការណ៍នេះ បានបង្កើតភាពមិនចុះសម្រុងគ្នារវាង ម្ចាស់លុយដើមដែលផ្ញើច្រឡំ និងអ្នកទទួលបានលុយផ្ញើច្រឡំ ព្រមទាំងការយល់ឃើញរបស់មហាជន។

ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលនីតិក្រម នៅល្ងាចនេះ បានបកស្រាយបញ្ហានេះនីតិវិធី។
+ តើការបង្កកប្រាក់ អ្នកវេរលុយចូលមកគណនី អ្នកណាមួយ ជាអំពើត្រូវច្បាប់ ឬទេ?
យើងមកមើលអំពី សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់។
ម្ចាស់ប្រាក់ មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រលំ ឱ្យវេរត្រលប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយ។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រលំនោះមិនសហការ ម្ចាស់ប្រាក់ត្រូវប្តឹងទៅធនាគារឱ្យបង្កកចំនួនទឹកប្រាក់ដែលបានវេរច្រលំនោះ។

សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភ័នច្រលំ។
មាត្រា ៧៣៦- ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ
ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។
មាត្រា ៧៣៧- ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត
១. បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថាកិច្ចសន្យានោះពុំមានអានុភាព បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែល មាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។
២. បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាព នៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះដែរ។
៣. បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។

អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រលប់ទៅវិញនោះ ហើយអាចទាមទារបាន បើខ្លួនបានចេញសោហ៊ុយចំណាយនោះ។
សម្រាប់ពេលវេលាវេរប្រាក់ត្រលប់ទៅវិញ។ ដោយសារតែការវេរប្រាក់តាម App បច្ចុប្បន្ន វេរបានលឿនរហ័សភ្លាមៗ ដូច្នេះ ពុំចាំបាច់ដល់ ២៤ ម៉ោង ឬ ៤៨ ម៉ោងឡើយ។ បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រិតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌ជីវិត។
តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រលប់ទៅវិញបាន ដូចជា ករណីទូរសព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។
មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ។ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រលប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយនោះ។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុនោះ ពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយ នោះសម្រាប់ម្ចាស់សិទ្ធិ ដែលបានធ្វេសប្រហែសឡើយ ហើយការខាតបង់នោះជាបន្ទុករបស់សាមីខ្លួនម្ចាស់ប្រាក់។
តែករណីដែលវេរប្រាក់ត្រលប់ទៅម្ចាស់ដើមវិញ ពុំមានការចំណាយអ្វីឡើយ។ ដូច្នេះអ្នកទទួលបានប្រាក់នោះ ពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ។

+ ចំណែកចំនួនទឹកប្រាក់ដែលនៅសល់ចំនួន ៣០០$ នោះ តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ ត្រូវស្នើសុំទៅធនាគារដើម្បីបង្កក និងធ្វើប្រតិបត្តិការយកប្រាក់នោះត្រលប់មកវិញ ដោយចេញសោហ៊ុយចំណាយជាក់ស្តែង។
បើម្ចាស់ប្រាក់មិនព្រម ត្រូវរាយការណ៍ ឬប្តឹងទៅធនាគារឱ្យធ្វើប្រតិបត្តិការត្រលប់មកវិញ។
+ ចុះបើប្រាក់នោះ អ្នកទទួលដោយការភ័នច្រលំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រលំនោះសងមកវិញ។ យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភ័នច្រលំ អាចត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង។

គួរបញ្ជាក់ថា ក្នុងបទសម្ភាសមួយ អ្នកនាង វ៉ាង ស្រីណូ បានលើកឡើងថា អ្នកនាងមានទ្រព្យធន ប៉ុន្តែដោយបទពិសោធន៍បងស្រី ធ្លាប់រើសបានចិញ្ចៀនពេជ្រឱ្យម្ចាស់គេវិញ តែម្ចាស់ចិញ្ចៀនពេជ្រនោះ ឱ្យតែ ២០ ដុល្លារ ទៅក្មួយ និងនាំឱ្យបងស្រីជួបសំណាងមិនល្អជាច្រើន ទើបអ្នកនាងខ្លាចស៊យ ហើយត្រូវការលុយទ្រនាប់ដៃយកសំណាង។ ការកាត់ប្រាក់ ៣០០ ដុល្លារនោះ គឺអ្នកនាងបានទទួលឯកភាព ពីម្ចាស់លុយដើម ១៤ ០០០ដុល្លាររួចហើយ ទើបអ្នកនាងផ្ញើប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញ តែ ១៣ ៧០០ ដុល្លារ ដោយគិតថា មិនចាំបាច់ផ្ញើទៅ ១៤ ០០០ដុល្លារ ហើយចាំឱ្យម្ចាស់ ផ្ញើត្រឡប់មក ៣០០ ដុល្លារវិញទេ។ មានការលើកឡើងថា ករណីផ្ញើប្រាក់ច្រឡំ ហើយចង់ឱ្យធនគារ កាត់ប្រាក់នោះមកវិញ បើប្រាក់ផ្ញើច្រឡំនោះមានចំនួនពី ១០ ០០០ដុល្លារ ឡើងទៅ ខាងធនគារនឹងកាត់ប្រាក់ ៣៥០ដុល្លារ ហើយត្រូវប្រើរយៈពេល ១ ខែសម្រាប់ប្រតិបត្តិការ។ អ្នកនាង វ៉ាង ស្រីណូ លើកឡើងថា អ្នកនាងមិនបាច់យក និងផ្ញើលុយ ៣០០ ដុល្លារនោះបាន ដោយម្ចាស់លុយត្រូវផ្ញើមកគណនីអ្នកនាង ១៣ ៧០០ ដុល្លារមកវិញ ហើយម្ចាស់ប្រាក់នោះ ទាក់ទងទៅខាងធនគារឱ្យដំណើរការដកប្រាក់នោះវិញចុះ៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?