Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ថាពលរដ្ឋខ្មែរ និងបរទេសគង់តែទទួលបានវ៉ាក់សាំងគ្រាន់តែមុននិងក្រោយ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឱ្យដឹងថា ការងារចាក់វ៉ាក់សាំងកូវីដ១៩ គឺជាការងារចាំបាច់ និងសំខាន់ ហើយក៏ជាយុទ្ធសាស្ត្រមួយ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជារបស់យើងទទួលបានការចាក់វ៉ាក់សាំងមិនគិតថ្លៃ មិនត្រឹមតែប្រជាពលរដ្ឋខ្មែរទេ គឺទាំងជនបរទេសក៏រាជរដ្ឋាភិបាលគិតគូដែរឱ្យទទួលវ៉ាក់សាំងដែរ គ្រាន់តែថាទទួលមុននិងក្រោយតែប៉ុណ្ណោះ ដោយសារវ៉ាក់សាំងមកតាមកម្រិតៗ ដូច្នេះយើងត្រូវធ្វើការបែងចែកទៅតាមក្រុមគោលដៅ ដែលត្រូវទទួលមុន ហើយនិងក្រុមណាដែលត្រូវទទួលជាបន្តបន្ទាប់។

លោកស្រី ឱ វណ្ណឌីន ថ្លែងក្នុងពិធីទទួលសម្ភារប្រើប្រាស់សម្រាប់បម្រើការងារចាក់វ៉ាក់សាំងពីក្រុមវិនិយោគទុនបរទេស និងសប្បុរសជនចំនួន១៤ នៅថ្ងៃទី១៣ ខែមេសា នៅក្រសួងសុខាភិបាល ដោយមានការសម្របសម្រួលដោយលោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តាមរយៈ លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា។

សម្ភារដែលត្រូវប្រគល់ជូនដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩នោះ រួមមាន រថយន្តដឹកវ៉ាក់សាំង ០២គ្រឿង ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១, កុំព្យូទ័រយូរដៃ, ម៉ាស៊ីន Printer, សម្លៀកបំពាក់ពេទ្យ(PPE), ម៉ាស់ និងសម្ភារផ្សេងៗដទៃទៀតសរុបថវិកាប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក។

លោកស្រី ឱ វណ្ណឌីន ថ្លែងថាសម្ភារ និងរបស់របរប្រើប្រាស់ទាំងនេះ គឺសុទ្ធសឹងតែជាសម្ភារដែល មានតម្រូវការចាំបាច់ សម្រាប់ក្រុមការងារគ្រូពេទ្យដែលកំពុងតែបម្រើការចាក់វ៉ាក់សាំងទៅតាមទីតាំងផ្សេងៗនៅទូទាំងព្រះរាជាណចក្រកម្ពុជា។

អំណោយទាំងនេះ មានដូចជា រថយន្តដឹកវ៉ាក់សាំង ២គ្រឿង ហើយពិធីទទួលរថយន្តទី១នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ហើយរថយន្តទី២ និងមកដល់នៅពាក់កណ្តាល ខែឧសភាក្រោយ។

លោកស្រីថា រថយន្តដឹកវ៉ាក់សាំង២គ្រឿងនេះ នឹងចូលរួមចំណែកបន្ថែម ទៅដល់កិច្ចការនៃការចាក់វ៉ាក់សាំងជូនដល់ បងប្អូនប្រជាពលរដ្ឋដែលត្រូវដឹកជញ្ជូនទៅតាមខេត្តផងដែរ ហើយបន្ថែមពីនេះ មានក្រុមហ៊ុនមួយចំនួនទៀត ដែលផ្តល់ជូនដូចជាកុំព្យូទ័រយួរដៃ  ម៉ាស៊ីនព្រីន និងសម្ភារមួយចំនួនទៀត មានម៉ាស ទឹកអាកុលជាដើម។ លោកស្រីថា សម្ភារទាំងនេះ បង្ហាញពីសណ្តានចិត្តរបស់ក្រុមអ្នកវិនិយោគទុនទាំងនេះ។

លោកស្រី ឱ វណ្ណឌីន ថ្លែងឱ្យដឹងទៀតថា ទឹកចិត្តរបស់ក្រុមហ៊ុនវិនិយោគទុន បានបង្ហាញយ៉ាងច្បាស់ពីការដឹកនាំយ៉ាងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនថាតែប្រជាជនកម្ពុជាទេ គឺទាំងជនបរទេស និងអ្នកវិនិយោគកម្ពុជាបានរួមសាមគ្គីគ្នា ដើម្បីជួយជ្រោមជ្រែង ទៅដល់ការអនុវត្តវិធានការឆ្លើយតបជំងឺកូវីដ១៩ ដែលកំពុងស្ថិតក្នុងក្តីបារម្ភនាពេលបច្ចុប្បន្ននេះ។

ក្រៅពីនេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងឱ្យដឹងទៀតថា ប្រទេសនៅលើសកលលោក មិនមានប្រទេសច្រើនទេ ដែលបានគិតគូក្នុងការផ្តល់វ៉ាក់សាំងទៅដល់ជនបរទេស ដូច្នេះព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី១ក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលបានផ្តល់លទ្ធភាពទៅដល់ជនបរទេសបានចាក់វ៉ាក់សាំងកូវីដ១៩៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម