គម្រោងទស្សនកិច្ចសិក្សា តំបន់ការពារធម្មជាតិ ត្រូវលើកពេល – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

គម្រោងទស្សនកិច្ចសិក្សា តំបន់ការពារធម្មជាតិ ត្រូវលើកពេល

Published

on

គម្រោងទស្សនកិច្ចសិក្សា នៅខេត្តព្រះវិហារ ដើម្បីលើកកម្ពស់សហគមន៍ អេកូទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ត្រូវបានលើកពេល ដោយសារតែស្ថានភាពកូវីដ-១៩ តែអាចធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខ ។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន កាលពីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា។

លោក នេត្រ ភក្រ្តា បញ្ជាក់ថា “ដោយសារតែស្ថានភាពកូវីដ១៩ បានកើនឡើង ហើយវិធានការរបស់ក្រសួងសុខាភិ​បាល​ ​ក៏បានដាក់ចុះដែរ។ ដូច្នេះស្ថានភាពនេះ មិនទាន់អំណោយផលដល់ពួកយើង ក្នុងការធ្វើដំណើរជាក្រុមធំនោះទេ។ ដូច្នេះដំណើរទស្សនកិច្ចរបស់យើងដែលត្រៀមធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា យើងនឹងពន្យារបន្តិចសិន រង់ចាំស្ថានភាពថ្ងៃទី១៨នេះចប់សព្វគ្រប់ យើងដឹងថា ស្ថានភាពទៅខាងមុខមានការវិវត្តទៅជាយ៉ាងណា ហើយប្រសិនបើស្ថានភាពល្អទេ យើងហ្នឹងរៀបចំកម្មវិធីជាថ្មី គឺនៅចុងខែវិច្ឆិកា គឺថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា”។

ទោះជាយ៉ាងណាលោក នេត្រ ភក្រ្តា បានអះអាងថា នឹងកំណត់ពេលវេលាជាថ្មី ហើយនឹងជូនដំណឹងជាថ្មីនៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានគម្រោងធ្វើទស្សនកិច្ចសិក្សា ទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់សហគមន៍ អេកូទេសចរណ៍ និងនិរន្តភាព ជីវភាពក្នុងតំបន់ការពារធម្មជាតិ ខេត្តព្រះវិហារ។

គម្រោងទស្សនកិច្ច នឹងផ្តោតលើប្រធានបទ៖

ទី១, ការប្រមូលផលស្រូវត្រយង និងការទិញស្រូវពីពលរដ្ឋ។
ទី២, ការអភិរក្សសត្វទាព្រៃស្លាបស ដែលជាសត្វស្លាបដ៏កម្រនៅលើពិភពលោក។
ទី៣, តំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែងត្រូវបានរៀបចំដាក់ស្នើជាបញ្ជីត្រៀមបម្រុងនៃបញ្ជីបេតិកភណ្ឌពិភពលោក។
ទី៤, សហគមន៍តំបន់ការពារធម្មជាតិតាំងយូនិងកិច្ចការពារអភិរក្សធនធានធម្មជាតិ។
ទី៥, ទស្សនកិច្ចតំបន់ការពារនៃដែនជម្រក សត្វព្រៃភ្នំពកភ្នំត្នោត និងភាពសម្បូណ៌បែបនៃជីវៈចម្រុះ។
ទី៦, កិច្ចសហការរវាងក្រសួងបរិស្ថាននិងប៊ីទ្រី៖ លោកបេនជនជាតិអាមេរិកចូលរួមការពារព្រៃឈើខ្មែរ។
ទី៧, ទេសចរណ៍ធម្មជាតិ ជិះខ្សែរ៉ត៕

អត្ថបទ ៖ កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម