Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប តែង​តាំង​អភិបាលរងថ្មី ៣រូប ខណៈក្រសួងមហាផ្ទៃជំរុញឲ្យអភិវឌ្ឍន៍ទេសចរណ៍ និងទប់ស្កាត់ Online Scam

បានផុស

នៅ

អភិបាលរងខេត្តកែបថ្មី ចំនួន៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកែប នាព្រឹកថ្ងៃទី៤មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងពិធីនោះ លោក ម៉ៅ ច័ន្ទដារ៉ា សម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានខិតខំសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនប្រជាជន និងរដ្ឋាភិបាល។ លោក ម៉ៅ ច័ន្ចដារ៉ា បានណែនាំដល់អភិបាលរងខេត្តថ្មីទាំង៣រូប ត្រូវសហការគ្នាខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងចុះជិតជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តកែប និងមន្ត្រីពាក់ព័ន្ធ រួមគ្នាជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តខេត្តកែបកាន់តែច្រើន។ ទន្ទឹមជាមួយនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីរក្សាសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

គួរបញ្ជាក់ជូនដែរថា អភិបាលរងខេត្តថ្មីទាំង៣រូប រួមមាន៖១- លោក លី សាវេត ផ្ទេរពីអភិបាលរងខេត្តតាកែវ មកជាអភិបាលរងខេត្តកែប។ ២- លោក សុខ រស់ ផ្ទេរពីអភិបាលរងខេត្តស្វាយរៀង មកជាអភិបាលរងខេត្តកែប។ និង៣- លោក សែម រមនា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម