Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​ ៖ មាន​ម្នាក់​ហើយ​បាន​ដាក់​ពាក្យ​ជា​បេក្ខជន​ប្រធាន គ​.​ជ​.​ប

បានផុស

នៅ

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ប្រកាស​ជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយ​ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី​០៧ រហូតដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មាន​ម្នាក់​ប៉ុណ្ណោះ​បាន​មក​ដាក់ពាក្យ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឡេង ប៉េងឡុង​។​

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា រហូតមកដល់​ពេលនេះ​មាន​ម្នាក់​ហើយ បានដាក់​ពាក្យ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​មាន​ម្នាក់​ហើយ តែ​មក​សុំ​ពាក្យ​មាន​៣​នាក់ ប្រហែលជា​កំពុង​រត់ការ​ក៏​មិនដឹង​។ តាម​នីតិវិធី ថ្ងៃ​សុក្រ​ខានស្អែក (​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១) នេះ​បិទ​ហើយ​”​។​

សូម​បញ្ជាក់​ថា លោក ស៊ិ​ក ប៊ុន​ហុក បានសម្រេច​លាលែង​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយសារ​តែ​បញ្ហា​សុខភាព ហើយ​លោក​បាន​ដាក់​ពាក្យ​ទៅកាន់​រដ្ឋសភា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បាន​លើក​យក​មក​ប្រជុំ​ពិភាក្សា និង​អនុម័ត យល់ព្រម​តាម​សំណើ​ផង​ដែរ​។​

លោក ឡេង ប៉េងឡុង ធ្លាប់​បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ពីរ​ដំណាក់កាល គឺ​អ្នក​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់ ទើប​អនុញ្ញាត​ឲ្យ​ដាក់ពាក្យ​ឈរឈ្មោះ​បាន ហើយ​នៅក្នុង​មាត្រា​៥​បាន​បញ្ជាក់​ថា អ្នកដាក់ពាក្យ​ជា​បេក្ខជន គឺជា​ជនជាតិខ្មែរ មាន​អាយុប្រមាណ​៤៥ ឆ្នាំ​ឡើង និង​មិន​មាន​គ្រួសារ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ណាមួយ និង​មិន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ណាមួយ​ជាដើម​។

លោក ឡេង ប៉េងឡុង ពន្យល់​ថា ការ​ជ្រើសរើស​បេក្ខជន​នេះ មាន​ចំនួន​៥​ថ្ងៃ ហើយ​នៅពេល​បាន​ឈ្មោះ​បេក្ខជន​រួចហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (​គណបក្ស​ដែល​ស្នើ​បេក្ខជន ស៊ិ​ក ប៊ុន​ហុក​) ដើម្បី​ពិនិត្យមើល​លក្ខណៈ​បេក្ខជន ដែល​បានដាក់​ពាក្យ​ទាំងនោះ ថា​តើ​ត្រូវ​ជ្រើស​រើសយក​មួយណា ហើយ​ការសម្រុះសម្រួល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ត្រូវ​ប្រើ​រយៈពេល​៣​ថ្ងៃ​ទៀត​។

លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពី​សម្របសម្រួល​បាន​ហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​អនុម័ត​បេក្ខជន។ បន្ទាប់ពី​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​បេក្ខជន​រួចហើយ ទើប​បញ្ជូន​ទៅសុំ​ការ​អនុម័ត និង​ទុកចិត្ត​ពី​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​។ នៅពេល​ទទួល​បានការ​ទុកចិត្ត​ហើយ រដ្ឋសភា នឹង​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ ធ្វើការ​តែងតាំង​បេក្ខជន​រូបនោះ ហើយ​ស្បថ​ចូលកាន់​តំណែង​តែម្ដង​។​

លោក ឡេង ប៉េងឡុង បាន​បញ្ជាក់​ដែរ​ថា បេក្ខជន​ដែល​ចូល​ទៅ​ធ្វើជា​ប្រធាន គ​.​ជ​.​ប នោះ គាត់​លែង​ជា​សមាជិក​គណបក្ស​ណា​ទៀតហើយ គឺ​គាត់​លាលែង​ចេញពី​សមាជិក​គ​ណ​បក្ស​របស់​គាត់​ដែល​ធ្លាប់​មាន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម