ព័ត៌មានជាតិ
ភូមិសាស្ត្រមួយចំនួននៅភ្នំពេញ អាចនឹងប្រែក្លាយជាតំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហមជាថ្មីទៀត
ភូមិសាស្ត្រមួយចំនួននៅរាជធានីភ្នំពេញ អាចនឹងត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធ បុគ្គលគ្រប់រូប និងប្រជាពលរដ្ឋទូទៅមិនចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទេនោះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងក្នុងសេចក្ដីជូនដំណឹងថា «ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលវិធានការរដ្ឋបាលបានបន្ធូរបន្ថយ ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រសហគ្រាស ម្ចាស់ភោជនីយដ្ឋានអាហារដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន ម្ចាស់ផ្សារម៉ាត គណៈគ្រប់គ្រងផ្សាររដ្ឋ ផ្សារឯកជន មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិករដ្ឋបាល កម្មករនិយោជិត អាជីវករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ហាក់មានការធ្វេសប្រហែស ភ្លេចការពារខ្លួន មិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការដែលបានកំណត់នេះនោះទេ»។

លោកអភិបាលក្រុង បានបន្តថា នេះគឺជាហានិភ័យដែលអាចបណ្ដាលឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឲ្យភូមិសាស្ត្រមួយចំនួនត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហម ជាថ្មីទៀត។
បន្ថែមពីនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្ត្ររាជធានីភ្នំពេញ លោក អភិបាលក្រុង បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ពាក់ម៉ាស និង កាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ នៅតាមផ្សាររដ្ឋ និង ឯកជន ត្រូវរៀបចំច្រកសុវត្ថិភាពកំណត់ច្រកចេញចូល និងកំណត់ចំនួនអតិថិជនចេញចូលក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឲ្យបានដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គលសង្គម។ ដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយត្រូវចៀសវាងការប្រជុំគ្នា ឬប្រមូលផ្តុំគ្នាច្រើន អាចជាហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។ ត្រូវរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះជាចាំបាច់ ក្នុងបរិវេណទីតាំងនីមួយៗ។
លោកអភិបាលក្រុង បានលើកទឹកចិត្តឲ្យបុគ្គលិករដ្ឋ និង ឯកជនទាំងអស់ វេចខ្ចប់អាហារមកពីគេហដ្ឋានរៀងៗខ្លួនសម្រាប់ទទួលទានអំឡុងពេលបំពេញការងារ ឬប្រកបអាជីវកម្ម។ ប៉ុន្តែហាមដាច់ខាតការជួបជុំប្រមូលផ្តុំគ្នាទទួលទានអាហារ ឬការជួបជុំគ្នា ទោះក្រោមរូបភាពណាក៏ដោយ។
ជាងនេះទៀត ត្រូវរៀបចំកន្លែងសម្រាក កន្លែងទទួលទានអាហារ សម្រាប់បុគ្គលិករដ្ឋបាល កម្មករនិយោជិតរបស់ខ្លួន ដោយគោរពតាមវិធានការសុខាភិបាល ត្រូវសំអាតអនាម័យនៅទីកន្លែងការងារទីតាំងអាជីវកម្ម ឬការដ្ឋានជាប់ជាប្រចាំ និង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមបន្តស្នាក់នៅក្នុងលំនៅឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។
លោកអភិបាលក្រុង បានបន្ថែមទៀតថា ក្នុងករណីចាំបាច់ខានមិនបានក្នុងការជួបជុំ បងប្អូន ញាតិមិត្ត ឬត្រូវធ្វើដំណើរចាំបាច់ ត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

លោកអភិបាលក្រុង បានណែនាំដល់រដ្ឋបាលខណ្ឌទាំង ១៤ និង មន្ទីរអង្គភាព អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យគ្រប់គ្រងពេលវេលាសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលត្រូវបានលើកលែង និងសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកដំណើរការខាងលើ ព្រមទាំងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនក្នុងមូលដ្ឋាននីមួយៗ ដើម្បីធានាអនុវត្តបានត្រឹមត្រូវតាមការណែនាំ។
លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញថាម្ចាស់ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រសហគ្រាស ម្ចាស់ភោជនីយដ្ឋានអាហារដ្ឋាន ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន គណៈគ្រប់គ្រងផ្សាររដ្ឋ ផ្សារឯកជន ឬ បុគ្គលណាមួយមិនព្រមសហការ ឬមិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើសទៅតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជំងឺកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមានដោយគ្មានការលើកលែងឡើយ។

គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ផ្នែកខ្លះ នៃភូមិចោមចៅ ៣ នៃសង្កាត់ចោមចៅទី ២ និង ផ្នែកខ្លះ នៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះ នៃភូមិព្រៃព្រីងខាងជើង ២ និង ផ្នែកខ្លះ នៃភូមិជម្ពូវ័ន ២ នៃសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ ផ្អាករោងចក្រសកម្មភាពជាបណ្ដោះអាសន្នរោងចក្រចំនួន ៣ ពី ៦ ថ្ងៃទៅ ៧ ថ្ងៃរួមមាន ៖ ទី ១-សិប្បកម្មវេចខ្ចប់សំលៀកបំពាក់ធានឈឹង ដែលមានទីតាំងស្ថិតក្នុងភូមិអង្គាផុសសង្កាត់ទួលសង្កែ។ ទី ២-ក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេសឯ.ក មានទីតាំងស្ថិតនៅអគារលេខ ៣៤៥ ផ្លូវ ២១៥ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក និង ទី ៣-រោងចក្រ ឃីនស៍ ថេកស្គាយ (ខេបូឌា)ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី