Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ មេគង្គ-ឡាន ឆាង

បានផុស

នៅ

ភ្នំពេញ៖ លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី ២៣ ខែកក្កដានេះបានបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាង ដែលបានបង្កើតឡើងក្នុងគោលបំណង​ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិករួមមានចិន មីយ៉ាន់ម៉ា ថៃ​ ឡាវ កម្ពុជានិងវៀតណាម ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។

ក្នុងចំណោមប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាង ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអទិភាពចំនួន ៥ ដែលនៅក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាននៃវិស័យអាទិភាពទី ៥ ស្តីពីកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។ 

ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការបានរៀបចំបង្កើតក្រុមការងារបច្ចេកទេស ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាង លើវិស័យកសិកម្ម កិច្ចប្រជុំក្រុមការងារបានរៀបចំឡើងចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីក្រុមការងារនៃសមាជិកតាមប្រទេសនីមួយៗ។

ក្នុងនោះកិច្ចប្រជុំក្រុមការងារចម្រុះលើកទី១ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាន ឆាង លើវិស័យកសិកម្ម បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន រៀបចំដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន។

ចំណែកកិច្ចប្រជុំក្រុមការងារចម្រុះលើកទី២ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាន ឆាង លើវិស័យកសិកម្ម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា។

រីឯកិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាន ឆាង លើវិស័យកសិកម្ម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូរៀបចំដោយក្រសួងកសិកម្ម និងព្រៃឈើនៃប្រទេសឡាវ។

តាមរយៈនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាន ឆាង បានបង្កើតជាមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានគម្រោងអនុវត្តចំនួន៥៥ គម្រោងមានថវិការសរុប ២១ លានដុល្លារអាមេរិក ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលអនុវត្តគម្រោងចំនួន ៦ មានថវិកាអនុវត្តសរុបចំនួន ២,៦១០,៨៦១ ដុល្លារអាមេរិករួមមាន៖

I. គម្រោងកំពុងដំណើរការអនុវត្ត គម្រោងមូលនិធិឆ្នាំ២០១៧

 ១. គម្រោង “ការដោះស្រាយបញ្ហាការអន់ថយគុណភាពដី និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋានតាមរយៈការគ្រប់គ្រងដីប្រកបដោយចីរភាព” ថវិកាអនុវត្ត (៥០០,០០០.០០ ដុល្លារអាមេរិក)

– គោលបំណង និង លទ្ធផលរំពឹងទុក៖

• លើកកម្ពស់ចំណេះដឹងរបស់ភាគីពាក់ព័ន្ធលើការគ្រប់គ្រងអេកូឡូស៊ីតំបន់ត្រូពិចក្នុងការគ្រប់គ្រងដីប្រកបដោយ  និរន្តរភាព និងការប្រែប្រួលអាកាសធាតុ

• កាត់បន្ថយការរិចរិលដីកសិកម្ម និងព្រៃឈើតាមរយៈការអភិវឌ្ឍបច្ចេកទេសកសិកម្ម និងការស្តារព្រៃឡើងវិញ

• ផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ក្នុងការប្រើប្រាស់ដី និងការធ្វើឱ្យប្រសើរឡើងនៅជីវភាពរស់នៅតាមរយៈការធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងថៃ

– វឌ្ឍនភាពនៃការអនុវត្តសកម្មភាព៖ ការអភិវឌ្ឍន៍សមត្ថភាព និងការស្រាវជ្រាវ

– ការអភិវឌ្ឍន៍សមត្ថភាពមន្រ្ដី៖ គម្រោងបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន០៥វគ្គ ក្នុងគោលបំណងដើម្បីផ្ដល់ ចំណេះដឹងដល់មន្រ្ដីគម្រោងនិងអ្នកពាក់ព័ន្ធអំពីមូល ដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ វិធីសាស្រ្ដបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំនិងបន្លែ ការធ្វើកសិកម្មចម្រុះ ការ ចិញ្ចឹមសត្វ ការគ្រប់គ្រងដីប្រកបដោយនិរន្ដរភាព ការតាមដានវាយតម្លៃព្រៃឈើ និងធនធានព្រៃឈើសរុប មានអ្នកចូលរួមចំនួន ១០៩នាក់ (ស្ដ្រី ៤៥នាក់)។

– ការពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន៖ គម្រោងបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ០៤វគ្គ នៅស្ថានីយស្រាវ ជ្រាវ និងស្ដារព្រៃឈើឃុនរាមដើម្បីផ្ដល់ចំណេះ​ដឹង ដល់​ កសិករ និងអ្នកពាក់ព័ន្ធលើការអនុវត្តកសិកម្មចម្រុះការចិញ្ចឹមត្រី មាន់ ទា ជ្រូក ការដាំដំណាំ  ការធ្វើជីកំប៉ុស្ដិ៍ និងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដំណាំមាន អ្នក ចូលរួមសរុបចំនួន ១៤៤នាក់ (ស្ដ្រី ៤០នាក់)។

– សិក្ខាសាលាចែករំលែកបទពិសោធន៍ថ្នាក់អន្តរជាតិ៖ គម្រោងបានរៀបចំសិក្ខាសាលាចំនួន ០២វគ្គ នៅខេត្ត សៀមរាប និង ០១វគ្គ នៅទីក្រុងដាណាងប្រទេសវៀត ណាមដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពីការគ្រប់គ្រងដីប្រកបដោយនិរន្តរភាពនិងកសិកម្មចម្រុះមានសិក្ខាកាមចូលរួមមកពីប្រទេសថៃ ឡាវ វៀតណាម ចិន និងមីយ៉ាន់ម៉ា ព្រមទាំងមន្រ្ដីក្រសួងពាក់ព័ន្ធ សិស្សនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សរុបចំនួន ១០៤នាក់ (ស្រ្ដី ៣០នាក់)។

ការអនុវត្តកសិកម្មចម្រុះ និងកសិ-រុក្ខកម្ម៖

គម្រោងបានជ្រើសរើសកសិករចំនួន ០៣គ្រួសារ សម្រាប់អនុវត្តគម្រោងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សកម្ម ភាពសំខាន់ៗរួមមានការរៀបចំប្លង់មេសម្រាប់អនុវត្តកសិកម្មចម្រុះការឈូយឆាយដីសម្រាប់ការដាំដំណាំបន្លែ ការសង់រោងជីកំប៉ុស្ដិ៍ ការសង់រោងចិញ្ចឹមមាន់ ទា ការ ជីក​ស្រះទឹកសម្រាប់ ចិញ្ចឹមត្រី ការជីកអណ្ដូងទឹក ការសាងសង់ឡជីវឧស្ម័ន និងការរៀបចំប្រព័ន្ធស្រោចស្រពដំណាំ។ ក្រៅពីនេះគម្រោងបានរៀបចំឱ្យមានបណ្ដុំ ការលក់កសិផលដោយធ្វើការផ្សារភ្ជាប់ទៅនឹងទីផ្សារតាមរយៈការជួលមធ្យោបាយដឹកជញ្ជូន និងជួលតូបសម្រាប់លក់កសិផលរបស់កសិករផងដែរ។បន្ទាប់ពីអនុវត្ត គម្រោងចំណូលរបស់កសិករបានកើនឡើងគួរឱ្យកត់សម្គាល់ដូចជា៖

– កសិករបានកើនឡើងនូវប្រាក់ចំណូលពី ២៣% ទៅ ២៧% បន្ទាប់ពីក្រុមការងារបានធ្វើការស្ទង់មតិជំហាន ដំបូងពី ៧៨០,០០០៛ ទៅ ៩៩០,០០០៛។

– កសិករបានកែប្រែទម្លាប់ដាំដុះដំឡូងមីដែលនៅលើផ្ទៃដី ១ហិកតា ដូចគ្នានៅឆ្នាំ២០១៨ កសិករលក់ដំឡូងមីបាន ៤៨០,០០០៛ និងនៅឆ្នាំ២០២០ ពួកគាត់លក់ បាន ២,១៦០,០០០៛ (កើនឡើង ៤ដង)។

– ការដាំបន្លែសរីរាង្គកសិកររកចំណូលបានកើនឡើងពី ៣២០,០០០៛ ទៅ ៣,៦៥០,០០០៛ (កើនឡើង ១១ដង)

– ការចិញ្ចឹមសត្វនិងការចិញ្ចឹមត្រីថ្វីត្បិតតែវាមិនទទួលបានផលល្អក៏វាបានចូលរួមចំណែកចំនួន១,៧% នៃប្រាក់ចំណូលសរុបនិងបានកាត់បន្ថយការទិញត្រីសាច់ ពីផ្សារ ។

– កសិករអាចសន្សំលើការចំណាយពីការទិញម្ហូបអាហារបានយ៉ាងហោចណាស់ ៦៧៥.០០០៛ក្នុងមួយឆ្នាំ។

ការចងក្រងមេរៀងនិងបទពិសោធន៍ គម្រោងបានសហការជាមួយមន្រ្ដីជំនាញពីមន្ទីរកសិកម្មទីប្រឹក្សាគម្រោង និងអ្នកជំនាញពីបណ្ដាអង្គការដៃគូក្នុងការរៀបចំចង ក្រងឯកសារមេរៀនបទពិសោធន៍ដែលកសិករបានអនុវត្តដោយបានបោះពុម្ពឯកសារដូចជា៖

– បោះពុម្ពសៀវភៅបច្ចេកទេសចំនួន ០៤ក្បាល ស្មើនឹង ៤០០ច្បាប់

– បោះពុម្ព Leaflets បច្ទេកទេសចំនួន ៣ប្រភេទ ស្មើនឹង ១៥០០ច្បាប់

– បោះពុម្ព Poster បច្ចេកទេសចំនួន ៥ប្រភេទ ស្មើនឹង ៣០០០ច្បាប់

– បោះពុម្ព X stand បច្ចេកទេសសម្រាប់ដាក់តាំងពិពណ៌នានាចំនួន ០៦ប្រភេទ ស្មើនឹង ៩០ផ្ទាំង។

ការកែលម្អស្ថានីយស្រាវជ្រាវនិងស្ដារព្រៃឈើឃុនរាមឡើងវិញគម្រោងបានធ្វើការជួសជុលអាគារស្ថានីយឡើងវិញ ដើម្បីបម្រើដល់ការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន ដោយ បានរៀបចំលាបថ្នាំអាគារឡើងវិញ ជួសជុលបន្ទប់បណ្ដុះបណ្ដាល បន្ទប់ទឹក បំពាក់កង្ហារ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសូឡា ប្រព័ន្ធចម្រោះទឹកស្អាត បន្ថែមតុ កៅអី និងរៀបចំផ្ទាំងផ្សព្វផ្សាយនៅតាមជញ្ជាំងក្នុងបរិវេណអាគារស្ថានីយ។

 ២.គម្រោង “ការស្តារព្រៃឈើនិងការលើកកម្ពស់ការប្រើប្រាស់ព្រៃឈើដោយចីរភាពនៅអាស៊ីអាគ្នេយ៍” ថវិកាអនុវត្ត (៥០០,០០០.០០ ដុល្លារអាមេរិក)គម្រោងមាន គោលបំណងចែករំលែកបទពិសោធន៍នៃការអនុវត្តយន្តការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាពក្នុងតំបន់ និងជំរុញការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៍ព្រៃឈើនិងពង្រឹងនិងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយផ្តោតលើការកសាងសមត្ថភាពនិងទស្សនៈកិច្ចសិក្សានានាស្តីពីការគ្រប់គ្រង ព្រៃឈើប្រកបដោយនិរន្តភាព។

លទ្ធផលរំពឹងទុក៖

• ការបង្កើតតំបន់ស្តាព្រៃឈើ តាមរយៈការត្រួតពិនិត្យ និងការគ្រប់គ្រង នៅក្នុងតំបន់ការពារធនធានគ្រាប់ពូជគ្រញូង និងផ្នង់។

• ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងប្រទេសកម្ពុជា ថៃ និងវៀតណាមតាមរយៈការកសាងសមត្ថភាពលើការស្តាព្រៃឈើ ទេសចរណ៍ធម្មជាតិ និងការ​ផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការគៀងគរប្រភពហិរញ្ញប្បទានថ្មីៗសម្រាប់ការងារគ្រប់គ្រងព្រៃឈើ។

• ការផលិតឯកសារបច្ចេកទេស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អនុវត្តគម្រោង។

– វឌ្ឍនភាពនៃការអនុវត្តសកម្មភាព៖

ក. ការធ្វើបង្ហាញពីការស្តារព្រៃឈើការត្រួតពិនិត្យនិងការគ្រប់គ្រងព្រៃឈើនៅក្នុងតំបន់ការពារធនធានគ្រាប់ពូជ

• ការពារតំបន់ចម្ការពូជគ្រញូងនិងធ្នង់ ជាពិសេសដើមមេពូជនិងប្រភេទឈើក្នុងតំបន់ផ្សេងៗទៀតដើម្បីគោលដៅរក្សាការពារជីវចម្រុះក្នុងតំបន់និងផល ប្រយោជន៍ សហគមន៍ដែលរស់នៅក្បែរតំបន់ជុំវិញ។

• រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការជ្រើសរើសពូជ និងការគ្រប់គ្រងតំបន់ព្រៃការពារ។

• រៀបចំបន្ទប់ថែរក្សាគ្រាប់ពូជ។

• រៀបចំឡូតិ៍ពិសោធន៍ និងរៀបចំថ្នាលបណ្តុះកូនឈើចំនួន ២កន្លែង (បណ្តុះកូនឈើចម្រុះប្រភេទ បានចំនួន ២០០០០០ ដើម សម្រាប់ដាំនៅក្នុងតំបន់ និងចែក ជូនកសិករ)។

• ការបង្កើតឡូតិ៍អចិន្រ្តៃយ៍ ដើម្បីសិក្សា និងតាមដានដំណុះឈើដោយធម្មជាតិ ការដាំបញ្ចូល និងឡូតិ៍ការ ស្តារព្រៃ ឈើនៅតំបន់រេចរឹលដើម្បីជាប្រយោជន៍ដល់ការ សិក្សាស្រាវជ្រាវការងារស្តារ ព្រៃឈើនៅប្រទេសកម្ពុជា និង ជាកន្លែងសិក្សាស្រាវជ្រាវសម្រាប់និសិ្សតកម្ពុជាផងដែរ ។

• បានរៀបចំស្លាកព័ត៌មានដាក់តាមទីតាំងនៃដើមមេពូជសម្រាប់គោលដៅទេសចរណ៍

ខ. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាថៃនិងវៀតណាម លើការកសាងសមត្ថភាព និងកសាងបណ្តាញស្តីពីការស្តារព្រៃឈើ ទេសចរណ៍ធម្មជាតិ និងគំរូគ្រប់គ្រង ព្រៃឈើ (តាមរយៈសកម្មភាពគាំទ្រក្នុងតំបន់)

• រៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់មន្រ្តីរដ្ឋបាលព្រៃឈើនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានទៅប្រទេសថៃដើម្បីស្វែងយល់ពីការងារស្តារព្រៃឈើ ការកែច្នៃឫស្សី ការរៀបចំតំបន់ទេសចរណ៍ ធម្មជាតិនិងការស្វែងយល់ពីការអនុវត្តព្រៃគំរូ(Model Forest)​។

• រៀបចំកម្មវិធីថ្នាក់តំបន់ស្តីពីការចែករំលែកបទពិសោធន៍ស្តីពីការរៀបចំយន្តការព្រៃគំរូនៅអាស៊ី ដោយសហការជាមួយនាយកដ្ឋានព្រៃឈើកាណាដា ថៃ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសប៊ូតាន ។

គ. ផលិតឯកសារ និងធ្វើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គោលដៅគម្រោង

• ផលិតឯកសារ ស្តីពី គម្រូការគ្រប់គ្រងព្រៃឈើ ការស្តាព្រៃឈើ និងអេកូទេសចរណ៍។

• ធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ចម្ការពូជគ្រញូងនិងធ្នង់ ដូចជាស្លាកព្រំប្រទល់ ផ្លូវចូលចម្ការពូជ ស្លាកហាមឃាត់ ស្លាកបង្ការភ្លើងឆេះព្រៃថ្នាលបណ្តុះកូន ឈើ អាងស្តុក ទឹកប្រើប្រាស់ រោងរក្សាគ្រាប់ពូជឈើ ស្ពាន និងឧបករណ៍ GPS និងឧបរកណ៍ បេះប្រមូលគ្រាប់ពូជ។

• ការសិក្សាការវាយតម្លៃគម្របព្រៃនៅតំបន់ចម្ការពូជក្រញូង និងធ្នង់។

• ធ្វើសាររពើភ័ណ្ឌព្រៃឈើនៅតំបន់ទាំងពីរដើម្បីវាយតម្លៃកាបូនស្តុក ភាពចម្រុះប្រភេទ និងភាពសំបូរ បែបនៃប្រភេទ (ជីវចម្រុះ) រប៉ាយនិងដង់ស៊ីតេរបស់ប្រភេទ ឈើគ្រញូង ប៉ាន់ប្រមាណមាឌឈើ ឈរបច្ចុប្បន្ន ការលូតលាស់ទិន្នផលដកហូត និងការដុះលូតលាស់នៃព្រៃឈើ។

• ធ្វើការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចតំបន់ និងការប្រើប្រាស់អនុផលព្រៃឈើ។

• ផលិតឯកសារលទ្ធផលសម្រេចបាន ដើម្បីទុកជាឯកសារ និងសម្រាប់ការស្រាវជ្រាវបន្ត។

៣. គម្រោង “ការលើកកម្ពស់ប្រសិទ្ធភាពយុទ្ធសាស្រ្តតំបន់សម្រាប់ការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់តាមទន្លេមេគង្គ ការមិនរាយការណ៍ និង ការមិនចុះបញ្ជី ដើម្បីគ្រប់គ្រងការនេសាទប្រកបដោយចីរភាពនៅតំបន់មេគង្គ” ថវិកាអនុវត្ត (៥០០,០០០.០០ ដុល្លារអាមេរិក)

– គោលបំណងនិងលទ្ធផលរំពឹងទុក៖

• របាយការណ៍វាយតម្លៃ ការនេសាទខុសច្បាប់ការមិនរាយការណ៍ និងមិនចុះបញ្ជី  លើបញ្ហា និងការអនុវត្តល្អ នៅក្នុងតំបន់មេគង្គ។

• រៀបចំយុទ្ធសាស្រ្តថ្នាក់តំបន់ សម្រាប់ការប្រយុទ្ធប្រឆាំង ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះបញ្ជី ក្នុងតំបន់មេគង្គ។

• លើកកម្ពស់ការយល់ដឹង និងបង្កើនសមត្ថភាព ដល់សមាជិកក្នុងតំបន់ និងអ្នកទទួលផល នៅក្នុងតំបន់មេគង្គ-ឡានឆាង។

– វឌ្ឍនភាពនៃការអនុវត្តសកម្មភាព៖

• រៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោងដើម្បីរៀបចំផែនការសកម្មភាព យន្តការនៃការអនុវត្តគម្រោង និងកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ។

• ធ្វើការសិក្សាវាយតម្លៃបញ្ហា ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះបញ្ជី និងការអនុវត្តល្អ នៅក្នុងតំបន់ ដើម្បីជាមូលដ្ឋាននៅក្នុងការរៀបចំផែនការ យុទ្ធសាស្រ្ត ។

• រៀបចំកិច្ចប្រជុំថ្នាក់ជាតិនិងថ្នាក់តំបន់ លើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តម្រាប់ការប្រយុទ្ធប្រឆាំង ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះ បញ្ជី ក្នុងតំបន់មេគង្គ។

 -គម្រោងមូលនិធិពិសេសឆ្នាំ ២០១៨

៤. គម្រោង “សហគ្រប់គ្រងសហគមន៍នេសាទៈ ការកសាងសមត្ថភាព និងការចែករំលែកមេរៀននិងបទពិសោធន៍អំពីសហគមន៍នេសាទជាមួយបណ្តាប្រទេសក្នុង តំបន់មេគង្គ” ថវិកាអនុវត្ត (១៦៣,៥៤៦.៦៣ ដុល្លារអាមេរិក)ស្នើសុំពន្យារពេលអនុវត្តគម្រោងដោយស្នើអនុវត្តគម្រោងចាប់ពីខែមករា ឆ្នាំ២០២១។

– គោលបំណងនិងលទ្ធផលរំពឹងទុក៖

• សមត្ថភាពរបស់ភាគីពាក់ព័ន្ធនៃប្រទេសមាជិកក្នុងតំបន់មេគង្គ ស្តីពីការគ្រប់គ្រងសហគមន៍នេសាទត្រូវបានពង្រឹង។

• ចំណេះដឹងបទពិសោធន៍ និងមេរៀន ដែលទទួលបានពីការគ្រប់គ្រងសហគមន៍នេសាទក្នុងតំបន់មេគង្គ ត្រូវបានចែករំលែក និងចងក្រងជាឯកសារ។

• រៀបចំជាអនុសាសន៍គោលនយោបាយ ស្តីពីការកឬលម្អការគ្រប់គ្រងសហគមន៍ជលផលសម្រាប់ប្រទេសជា សមាជិកនីមួយៗ។

៥ . គម្រោង “ការអភិវឌ្ឍសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង” ថវិកាអនុវត្ត (៤៩៩,៣១៥.០០ ដុល្លារអាមេរិក)

គោលបំណ និងលទ្ធផលរំពឹងទុក៖

• ពង្រឹងសមត្ថភាព លើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព នៅក្នុងតំបន់មេគង្គ។

• បង្កើនក្រុមអ្នកជំនាញគ្រប់គ្រងធនធានធម្មជាតិ (NRM)។

សកម្មភាពចម្បងរបស់គម្រោងទាំងពីរខាងលើគឺការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា រវាងប្រទេសជាសមាជិកប៉ុន្តែ ដោយសារជួបបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលធ្វើឱ្យគម្រោងមិនអាចដំណើរការអនុវត្តសកម្មភាពទៅបាន។

II. គម្រោងគ្រោងអនុវត្តក្នុងឆ្នាំ២០២១

មូលនិធិពិសេសឆ្នាំ ២០២០ ចំនួន១គម្រោងស្តីពី “ការកសាងសមត្ថភាពរបស់សមាជិកនៃប្រទេសតាមដងទន្លេមេគង្គដើម្បីការពារសត្វផ្សោតទឹកសាបនិងជីវចម្រុះ” ថវិកាអនុវត្ត៤៤៨,០០០.០០ ដុល្លារអាមេរិករយៈពេលអនុវត្ត២ឆ្នាំ (២០២១-២០២២)

– គោលបំណង និងលទ្ធផលរំពឹងទុក៖

• រៀបចំផែនការរួមក្នុងចំណោមប្រទេសសមាជិកសម្រាប់ការគ្រប់គ្រង និងអភិរក្សផ្សោតទឹកសាប និងជីវចម្រុះនៅក្នុងបរិស្ថានទឹកសាប ។

• កសាងសមត្ថភាពមន្រ្តី និងអនុរក្ស លើការអនុវត្តច្បាប់តាមស្តង់ដារអាស៊ាន និងការដាក់បញ្ចូល SMART ។

• ពង្រឹងកិច្ចសហប្រតិបត្តិការ លើការចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មាន លើការអនុវត្តសកម្មភាពអភិរក្ស។

បច្ចុប្បន្នគម្រោងកំពុងដំណើរការរៀបចំរចនាសម្ពន្ធ័គ្រប់គ្រងផែនការសកម្មភាព និងថវិកានិងស្នើសុំអនុម័ត។ ក្នុងករណីសាធារណជនចង់បានព័ត៌មានបន្ថែមអាច ធ្វើទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៦ ៨១១៨២៧៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ

Sokha Hotels

ព័ត៌មានពេញនិយម