Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀតមានអនុភាព២៣០មេហ្គាវ៉ាត់

បានផុស

នៅ

ភ្នំពេញ៖ កម្ពុជាកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀតដែលមានអនុភាពចំនួន២៣០មេហ្គាវ៉ាត់ ដើម្បី​ផ្តល់ថាមពលអគ្គិសនីជូនដល់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​ស្ថេ​រ​ភាព​ និង​មាន​តម្លៃ​សមរម្យសំដៅទាក់ទាញ​អ្នក​វិនិយោគទុន​ដែល​មាន​សក្តានុពល​មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ិច ទ័រហ្សូនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀតដែលកំពុងដំណើរការសាសងសង់នេះ រួមមានគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដែលមានអនុភាព៨០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុង ដែលមានអានុភាព១៥០មេហ្កាវ៉ាត់។

លោកបានបន្តថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់អាចនឹងចូលក្នុងបណ្តាញជាតិនៅឆ្នាំ២០២៦ និងគម្រោងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើអាចនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ដោយសារមានបញ្ហារអាក់រអួលដោយសារជំងឺកូវីដ-១៩។

លោកបានបន្តទៀតថា គម្រោងទំនប់វារីអគ្គិសនីខាងលើនេះជាការវិនិយោគរបស់វិស័យឯកជនទាំងស្រុង ហើយពេលបានថាមពលអគ្គិនីលក់បន្តឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា។

លោក ពេជ ស៊ី យ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត​កោះកុង ​បាន​មានប្រសាសន៍​ថា ទំនប់​វារីអគ្គិសនីស្ទឹងតាតៃលើនេះនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១នេះ ដោយចំណាយពេលសាងសង់រួចរាល់រហូតដល់ឆ្នាំ២០២៦ខាងមុខ។

លោក បានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើផ្លូវចូលទៅទីតាំងសម្រាប់ឱ្យគ្រឿងចក្រងាយស្រួលចេញចូលក្នុងការដំណើរការសាងសង់។

កាលពី​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា ​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន China National Heavy Machinery Corporation របស់​ចិន លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​នេះ​រួច​មក។

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ដែល​មាន​វិនិយោគ​ក្នុង​តម្លៃ​ជាង​៣៨៩លាន​ដុល្លារ ​គឺជា​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​វា​រី​អគ្គិសនី ប្រើ​ប្រភព​ទឹក​របស់​ស្ទឹង​២​គឺ ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើត​ជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

គម្រោង​នេះ​ ផ្ដល់​សម្បទាន​រយៈពេល ៣៩​ឆ្នាំ ក្នុង​នោះ​៤​ឆ្នាំ​សម្រាប់​ការសាងសង់ និង​៣៥​ឆ្នាំ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​ បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​គឺជា​មធ្យម ៥២៧​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុងតម្លៃ ៧,៩២​សេន​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​។

គួរបញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​ដែល​កំពុង​ដំណើរការនៅកម្ពុជា​រួម​មាន​ទំនប់​វា​រី​អគ្គិសនី​ គី​រី​រម្យ​១ ​មានអនុភាព១២​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​ ទំនប់​វា​រី​អគ្គិសនី​ កំចាយ​ មានអនុភាព១៩៣​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​ក្នុង​ខេត្តកំពត​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១១ ទំនប់​វា​រី​អគ្គិសនី​ គី​រី​រម្យ​៣ ​មានអនុភាព១៨​មេ​ហ្គា​វ៉ា​ត់​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​២០១៣ ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​អា​តៃ​ មានអនុភាព១២០​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​២០១៣ ​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មានអនុភាព​៣៣៨​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​២០១៤ ​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​តា​តៃ​ មានអនុភាព២៤៦​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ដំណើរការ​ក្នុង​ឆ្នាំ​២០១៤​ និង​ទំនប់​វា​រី​អគ្គិសនី​ សេ​សាន​ក្រោម​២ ​មានអនុភាព៤០០​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​ បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០១៨​៕

សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម