Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការសហប្រជាជាតិ នឹងធ្វើជាស្នូល ក្នុងការពង្រឹងពហុភាគីនិយម

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការសង្ឃឹមយ៉ាងមុតមាំ ចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឲ្យសហគមន៍អន្តរជាតិសម្រេចបាន នូវជ័យជំនះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម សម្រាប់យើងទាំងអស់គ្នា។ ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅអង្គការសហប្រជាជាតិដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថា ថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០​២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់អង្គមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិភពលោករបស់យើង នៅតែត្រូវដោះស្រាយ នូវបញ្ហាប្រឈមជាច្រើនផ្សេងទៀត៖ ដូចជាការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ, ការប្រឈមមុខដាក់គ្នា រវាងមហាអំណាចសង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន, និងការប្រែប្រួលអាកាសធាតុ ។ សន្តិ​ភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរង នូវសម្ពាធធ្ងន់ធ្ងរដូចមុនដដែល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រវត្តិសាស្ត្របានប្រាប់យើង ម្តងហើយ ម្តងទៀតថា ការជ្រៀតជ្រែកនិងការដែលកាន់តែអាក្រក់ជាងនេះទៅទៀត នោះគឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់​បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសកម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឲ្យសោកស្តាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើយើង អាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជន ក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ នេះហើយជាហេតុផល មិនអាចប្រកែក​បាន សម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើច្បាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសធំ និងតូចតែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗ មិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែង ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួន ក្នុងការឆ្លើយតប។ អង្គការនេះត្រូវតែប្រកាន់ឲ្យបានខ្ជាប់ខ្ជួនជាងមុន នូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យ ប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។ ក្នុងន័យនេះប្រទេសកម្ពុជា សូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះកិច្ចខំប្រឹងប្រែង ប្រកបដោយភាពបុរេសកម្ម របស់អគ្គលេខាធិការក្នុងការរៀបចំអង្គការនេះ ឲ្យកាន់តែមានភាពឆ្លើយតបទៅនឹង តម្រូវការរបស់ប្រទេសជាសមាជិក។ ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ, អង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការពង្រឹងឡើងវិញផងដែរ។ ក្នុងទិដ្ឋភាពនេះ ប្រទេសកម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់ខ្លួន ចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសកម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុត​នៃប្រទេសជាសមាជិក គឺជាអាទិភាពចម្បងបំផុត។

សម្តេចតេជោ ហ៊ុន សែន ​បានសម្តែងនូវក្តីសង្ឃឹមដ៏មុតមាំ ចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឲ្យសហគមន៍អន្តរជាតិសម្រេចបាន នូវជ័យជំនះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព, ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម សម្រាប់យើងទាំង អស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅ អង្គការសហប្រជាជាតិដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម