Connect with us

ព័ត៌មានជាតិ

កម្ពុជា‑ចិន ប្តេជ្ញារួមគ្នាទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទ

បានផុស

នៅ

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មានអង្គការចាត់តាំងល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញារួមគ្នានេះបានធ្វើឡើងកិច្ចប្រជុំ និងចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាវ ឃើជី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ នៅថ្ងៃទី ២៩ កញ្ញានេះ បានបញ្ជាក់ឱ្យដឹងថា ភាគទាំង២ បានឯកភាពគ្នាបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឱ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក ក្នុងនោះរួមមាន ការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ការប្រកួតកីឡារដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដែលប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង និងលោក ចាវ ឈើជឹ ក៏បានចែករំលែក និងផ្លាស់ប្តូរទៅវិញទៅមក នូវសភាពការណ៍សន្តិសុខទូទៅ ព្រមទាំងបានកត់សម្គាល់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូរីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ ជាពិសេសកិច្ចសហការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏បានកត់សម្គាល់នូវលទ្ធផល និង សមិទ្ធផលសំខាន់ៗ នារយៈពេលជាង២ឆ្នាំកន្លងមក បន្ទាប់ពីការចាប់ផ្តើមដំណើរការអនុវត្ត ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ កាលពីខែមីនា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម