Connect with us

ព័ត៌មានជាតិ

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ គាំទ្រ​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ទណ្ឌិត សម រង្ស៊ី​

បានផុស

នៅ

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បាន​ប្រកាស​គាំទ្រ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ និង​វិធានការ​តាមផ្លូវ​ច្បាប់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំពោះ​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ចោទប្រកាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា​មាន​សញ្ជាតិ​២ ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដល់​កិត្តិយស​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​ការលើកឡើង​របស់លោក ម៉ម សូណង់ដូ បាន​ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី បានចេញ​ថ្លែងការណ៍​មួយ​ជំរុញឱ្យមាន​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​តាមរយៈ​លិខិត​របស់ខ្លួន​ចុះ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២១ លោក ម៉ម សូណង់ដូ លើកឡើង​យ៉ាង​ដូច្នេះ​ថា “​សម រង្ស៊ី ជា​នរណា ? សម រង្ស៊ី ជា​ពិរុទ្ធជន និង​ជា​អ្នកនយោបាយ​អនាថា ដែល​ព្យាយាម​គ្រប់ពេលវេលា ដើម្បី​បំពុលបរិយាកាស​សង្គម​ខ្មែរ ដោយ​ប្រើពាក្យ​ញុះញង់​បំផ្លើសការពិត​ឥត​គណនា រហូតដល់​មានការ​ប្រមាថ​ជា ច្រើនលើកច្រើនសារ ដល់​ព្រះកិត្តិនាម ព្រះបាទ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​ជាណា​ចក កម្ពុជា​ថែមទៀត​ផង​”​។​

​បើតាម​លោក ម៉ម សូណង់ដូ ថ្មីៗ​នេះ សម រង្ស៊ី បាន​ព្យាយាម​ម្តងទៀត​ដោយបាន​ធ្វើការ​ចោទប្រកាន់​អំពី​រឿង​មិន​ពិត​ចោទប្រកាន់ថា “​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​សញ្ជាតិ​២” ដែល​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​របស់ ប្រមុខ​រដ្ឋាភិបាល​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ក្នុងនាម​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​បានប្រកាស​គាំទ្រ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ និង​វិធានការ​តាមផ្លូវ​ច្បាប់​របស់​តេ​ជោ ហ៊ុន សែន​។​

​សូមបញ្ជាក់ថា អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២១ បានសម្រេច​ចោទប្រកាន់ សម រង្ស៊ី និង​គូកន ពីបទ “​រួមគំនិត​ក្បត់​” និង​បទ “​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម​” ដែល​ការសម្រេច​ចោទប្រកាន់​នេះ បានធ្វើ​ឡើង​ក្រោយ​ចេញ​លោក សម រង្ស៊ី បាន​ថ្លែងការណ៍​មួយ​ជំរុញឱ្យមាន​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​តាមរយៈ​សេចក្តីប្រកាស​របស់ខ្លួន អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​បុគ្គល​មួយក្រុម រួមមាន ឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ ហូរ វ៉ាន់ និង​គូកន ពីបទ “​រួមគំនិត​ក្បត់​” និង​បទ “​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម​” តាម​មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការចោទប្រកាន់​ខាងលើ​នេះ ពាក់ព័ន្ធ​នឹង​អង្គហេតុ នៃ​សេចក្តីអំពាវនាវ របស់​បុគ្គល សម រង្ស៊ី បាន​បង្ហោះ​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២១ ដែលមាន​ខ្លឹមសារ​បង្កប់​នូវ “​ការរៀបចំ​ផែនការ​ផ្តួលរំលំ រាជរដ្ឋាភិបាល​កម្ពុជា​” ក្រោម​ឧបាយកល​អំពាវនាវ ញុះញង់​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ឱ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចំណែក​លោក ប្លង់ សុផល អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ផែនការ​ទុច្ចរិត ក្នុងការ​ញុះញង់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ឱ្យ​ផ្តួលរំលំ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​រៀបចំឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ ហូរ វ៉ាន់ ព្រមទាំង​គូកន គឺជា​ឧក្រិដ្ឋកម្ម ដែល​ប៉ះពាល់ ដល់​សន្តិសុខ​ជាតិ ធ្ងន់ធ្ងរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម