Connect with us

ព័ត៌មានជាតិ

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

បានផុស

នៅ

​មន្ត្រី​ជាន់ខ្ពស់​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម បាន​បញ្ជាក់​ថា ទោះបីជា​ប្រទេស​កម្ពុជា​កំពុង​តែ​រាតត្បាត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​កូវីដ-១៩ រាជរដ្ឋាភិបាល នៅតែ​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ តាមរយៈ​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ចំពោះ​ឃុំ​ខ្សាយខ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង​។ នេះ​ជា​ការ​លើកឡើង​របស់ លោក ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុ​មាល​ភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​ថ្លែង​ក្នុង​កិច្ច​ជួប​ពិភាក្សា​ក្រុម​ការងារ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​និង​គ្រួសារ​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ឃុំ​ខ្សាយ​ខ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​ ដើម្បី​វាយតម្លៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​នា​ថ្ងៃ​ទី ១៧ ខែ​តុលា ​ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា បាន​បញ្ជាក់​ថា ដោយ​មើល​ឃើញ​ការ​លំបាក​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​ជន​ងាយ​រងគ្រោះ​រួចមក​ លោក​បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កែប​ដើម្បី​បន្ត​កិច្ចការ​ជា​ចម្បង​នេះ​។ ជាក់ស្ដែង​ថ្ងៃនេះ ​ក្រុមការងារ ​បាន​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ឃុំ​ខ្សាយ​ខ​ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង ដែល​កំពុងតែ​ជួប​ការ​លំបាក​លើ​ជីវភាព​ប្រចាំថ្ងៃ។

សូម​បញ្ជាក់​ថា យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​បញ្ជាក់​មុន​នេះ​ថា ដំណើរការ​បើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​រាជរដ្ឋាភិបាល នឹង​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​-១៩ សម្រាប់​ជុំ​ទី ៦ លើក​ទី ២ បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​សីហា ដល់ ២៤ ខែ​កញ្ញា ឆ្នាំ ២០២១ គឺ​មាន​រយៈពេល ១ ខែ​រួចរាល់​ហើយៗ​ពេលនេះ បន្ត​ជុំ​ទី ៦ លើក​ទី ៣ ទៀត។

សេចក្ដីជូនដំណឹង បាន​បន្ថែម​ថា កិច្ចការ​នេះ នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ចំនួន ១០ ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម ៖

ទី​១.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤ ជុំ និង​ជុំ​ទី ៥ ទី ៦ លើក​ទី ១ ទី ២ រួចហើយ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅ​តាម​បញ្ជរ​វីង​ណាមួយ​ ដោយ​មិន​តម្រូវ​ឲ្យ​មក​សាលាឃុំ សង្កាត់ សាជាថ្មី​ទៀត​ទេ។

ទី​២.​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​មាន​ប័ណ្ណ​សមធម៌​មាន​ជុំ​ទី ១១ ទាំងអស់ នឹងត្រូវ​ផុត​សុពលភាព នៃ​ការ​ប្រើប្រាស់​ប័ណ្ណ​ចាស់​ហើយ​ដោយ​ជំនួស​មកវិញ​ដោយ​ប័ណ្ណ​ជុំ​ទី ១៤ វិញ។

ទី​៣. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌​មាន​ជុំ​ទី ១១ ដែល​បាន​ជាប់​បន្ត​ទៅ​ជុំ​ទី ១៤ ត្រូវ​យក​ប័ណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ​-សង្កាត់ ដើម្បី​យកទៅ​បើក​សាច់ ប្រាក់​ឧបត្ថម្ភ​នៅ​តាម​បញ្ជរ​វីង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅ​តាម ឃុំ សង្កាត់ នោះ​ទេ លើកលែង​តែ​គ្រួសារ​ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី ១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅ​តាម ឃុំ សង្កាត់ ជាមុន​សិន មុន​ទៅ​បើកប្រាក់​នៅ​តាម​បញ្ជរ​វីង។

ទី​៤.ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌​មាន​ជុំ​ទី ១១ មិនបាន​ជាប់​នៅក្នុង​ជុំ​ទី ១៤ បន្ត​ទៀត តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់ ក្នុង​គណនី​របស់​ខ្លួន​នោះ អ្នក​ទទួល​ផល​នៅ​អាច​ប្រើប្រាស់​ប័ណ្ណ​ជុំ​ទី ១១ ដើម្បី​ដក​ប្រាក់​ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជរ​វី​ង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ។​

ទី​៥.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤ ជុំ និង​ជុំ​ទី ២ លើក​ទី ១ រួចហើយ លើកលែងតែ​ជុំ​ទី ១១ ដែល​មិនបាន​ជាប់​ជុំ​ទី ១៤ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឲ្យ​មក​សាលាឃុំ សង្កាត់ សាជាថ្មី​ទៀត​ទេ។

ទី​៦.ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​មាន​ប័ណ្ណ​សមធម៌​មាន​សុពលភាព ហើយ​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​ទាំង ៤ ជុំ និង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួល​បាន​ប័ណ្ណ​សមធម៌​ថ្មី សូម​អញ្ជើញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ សង្កាត់ ណាមួយ ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី ៦ លើក​ទី ៣ នេះ។

ទី​៧.​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី ៦ លើក​ទី ៣ នៅ​តាម​បញ្ជរ​វី​ង តម្រូវ​ឲ្យ​អ្នក​ទទួល​ផល​ត្រូវ​ភ្ជាប់​ទៅ​ជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការ​បើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផង​ដែរ ពិសេស​ប័ណ្ណ​សមធម៌​ដែល​នៅ​មាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់។

ទី​៨.​ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នកទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត។

ទី​៩.​ក្នុងករណី​ប្រជាពលរដ្ឋ ឬ​សាធារណជន ពិនិត្យ​ឃើញ​ភាពមិន​ប្រក្រតី​ណាមួយ​ក្នុង​ការ​អនុវត្ត​កម្មវិធី ឬ​ដក​សាច់​ប្រាក​មិន​បាន​នៅតាម​បញ្ជរ​វី​ង​ណាមួយ​នោះ សូម​សាធារណជន និង​អ្នក​ទទួល​ផល​ទាំងអស់ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​កាន់​កម្មវិធី​នៅ​តាម​ឃុំ សង្កាត់ ឬ​នៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ឬ​មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ។

ទី១០. សូម​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់ គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ដោយ​អនុវត្ត​នូវ​វិធានការ ៣ កុំ ៣ ការពារ នៅ​គ្រប់​ទីកន្លែង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម